ហ៊ីង ប៊ុនហៀង ប្រតិកម្មតបអាមេរិកខ្លាំងៗ... ថានឹងប្ដេជ្ញាការពារ ហ៊ុន សែន និងគ្រួសារ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 15, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់លោក ហ៊ីង ប៊ុនហៀង ចូលក្នុងបញ្ជីខ្មៅ នៃការបង្កកទ្រព្យសម្បត្តិ និងការហាមជាន់ទឹកដីអាមេរិនោះ ក៏ព្រោះតែប្រទេសមហាអំណាច បានរកឃើញថា លោកមេបញ្ជាការ កងអង្គរក្សនាយករដ្ឋមន្ត្រីរូបនេះ មានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងនៅពីក្រោយ នៃការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងការបង្ក្រាបនានា ដែលធ្វើឲ្យមានស្លាប់ និងរបួសជាច្រើន។
ផ្ទុយទៅវិញ នៅក្នុងប្រតិកម្មដោយផ្ទាល់ របស់លោក ទៅនឹងទណ្ឌកម្មខាងលើ លោក ហ៊ីង ប៊ុនហៀង ដែលជាមនុស្សជំនិត របស់លោក ហ៊ុន សែន បានថ្លែង ទៅកាន់សហរដ្ឋអាមេរិកថា លោកត្រៀមខ្លួនជានិច្ច ដើម្បី«វាយបកទៅលើជនអាមេរិកណា ដែលមិនគោរពនូវអធិបតេយ្យភាព នៃប្រទេសឯករាជ្យមួយ ព្រមទាំងមានមហិច្ឆតាឈ្លានពាន» មកលើប្រទេសកម្ពុជា ហើយដែលថែមទាំងបាន«គាំទ្រ និងញុះញង់ពួកក្បត់ជាតិ» ដែលមានក្នុងប្រទេសកម្ពុជា។
នៅក្នុងលិខិតមួយរបស់លោក ហ៊ីង ប៊ុនហៀង ដែលចេញផ្សាយ កាលពីថ្ងៃម្សិលម៉ិញ ឧត្ដមសេនីយផ្កាយមាសបួនរូបនេះ បានបន្តអះអាងថា លោកត្រៀមខ្លួន ដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាត ចំពោះ«ជនក្បត់ជាតិ និងបក្ខពួកប្រឆាំង ដែលមានបំណងធ្វើបដិវត្តន៍ពណ៌ នៅកម្ពុជា [និងដែល]មានបរទេសនៅពីក្រោយខ្នង»។ លោក ហ៊ីង ប៊ុនហៀង បានថ្លែងឲ្យដឹងទៀតថា លោក«ប្ដេជ្ញាការពារសន្តិសុខសុវត្ថិភាព» ជូនលោក ហ៊ុន សែន និងភរិយា រួមនឹងក្រុមគ្រួសារ ឲ្យ«បានជាដាច់ខាត»។
លោក ហ៊ីង ប៊ុនហៀង ជាមន្ត្រីរដ្ឋាភិបាលកម្ពុជាដំបូងគេ ដែលរងការចាត់វិធានការក្ដៅ ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរកឃើញថា មេបញ្ជាការកងអង្គរក្សរូបនេះ បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមក ជាពិសេសនៅក្នុងការបង្រ្កាប លើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែក លើអ្នកតវ៉ាអហិង្សា នៅខាងមុខរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្ស ជាច្រើននាក់ រួមទាំងរបួសពលរដ្ឋអាមេរិក មួយរូបផង។
» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យមុនគេ
ទណ្ឌកម្ម ដែលកំណត់ដាក់ប្រឆាំងរូបលោក ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើង នៅក្រោមច្បាប់ «GLOBAL MAGNITSKY» ដែលមានរូបរាងនៅក្នុងឆ្នាំ២០១២ (រដ្ឋបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា)។ ច្បាប់នេះ ដែលពង្រីកវិសាលភាព ជាលក្ខណៈសកល នៅឆ្នាំ២០១៦ នឹងអនុញ្ញាតឲ្យនាយកដ្ឋានរតនាគារជាតិអាមេរិក ចាត់វិធានការទាំងឡាយ ដើម្បីបង្កកទ្រព្យសម្បត្តិ មិនផ្ដល់ទិដ្ឋការ ឬបង្កកផលប្រយោជន៍ផ្សេងទៀត ដែលពាក់ព័ន្ធនឹងលោក ហ៊ីង ប៊ុនហៀង។ ច្បាប់ដដែលនេះ ក៏នឹងហាមឃាត់ជនជាតិអាមេរិកឯទៀតៗ មិនឲ្យរកស៊ី ឬទាក់ទងជាមួយលោក ហ៊ីង ប៊ុនហៀង នោះដែរ។
ប៉ុន្តែលោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់តបទៅអាមេរិកទៀតថា លោកជាពលរដ្ឋខ្មែរ ដូច្នេះលោកមិនចាំបាច់គោរព តាមច្បាប់អាមេរិក ហើយក៏គ្មានទ្រព្យសម្បត្តិ សម្រាប់ទុកឲ្យសហរដ្ឋអាមេរិកបង្កក ក៏ដូចជាគ្មានបំណង ចង់មានទំនាក់ទំនង ជាមួយបណ្ដាជនអាមេរិក ឬក៏ទៅជាន់ទឹកដីអាមេរិកនោះដែរ។
សម្រាប់អតីតអ្នកច្បាប់ខ្មែរមួយរូប លោក ព្រហ្ម គិត ដែលសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសបារាំង បានសំដែងក្ដីសង្ស័យ ទៅលើខ្លឹមសារឆ្លើយតបមួយចំនួន របស់លោក ហ៊ីង ប៊ុនហៀង ដែលហាក់ដូចជាគ្មានទាក់ទង នឹងសហរដ្ឋអាមេរិកទាល់តែសោះ។ លោក ព្រហ្ម គិត បានបញ្ជាក់ថា៖ «តាមខ្ញុំសង្កេតមើលទៅ ប្រតិកម្មតបអាមេរិកវិញនេះ មានលក្ខណៈជាការការពារខ្លួន ពីគោលការណ៍ "ពាលស៊ីពាល" នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលពួកគេតែងតែយកមកប្រើ នៅក្នុងករណីជាច្រើន រួចមកហើយ។ លោក ហ៊ីង អាចនឹងត្រូវគេជំរុះចោល ដើម្បីបង្ករូបភាពស្អាតស្អំ ឲ្យលោក ហ៊ុន សែន និងគ្រួសារបក្ខពួក។»៕