បាយ​ជា​មួយ​គ្នា​លើ​តុ តែ​ធាក់​គ្នា​ក្រោម​តុ រឿង​ព្រំដែន?

បើទោះមេដឹកនាំកំពូលទាំងពីរ បានបង្ហាញពីភាពស្និតស្នាល រវាងគ្នានោះក៏ដោយ ក៏បញ្ហា​ព្រំដែន​«កម្ពុជា​-វៀតណាម» ហាក់​បាន​បង្ហាញ​ឲ្យឃើញ បែបផ្សេងទៅវិញ។ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិន​ចង់​លឺ​ពាក្យ​ថា រដ្ឋាភិបាល​កម្ពុជា ប្រើផែនទីក្លែងក្លាយ រឿងព្រំដែនកម្បុជា-វៀតណាម ខណៈលោក សម រង្ស៊ី និង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន នៅតែចោទរដ្ឋាភិបាលលោក ហ៊ុន សែន ថាកំពុង​ប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 18, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើមេដឹកនាំធំៗទាំងពីរ ដែលមិនត្រូវគ្នានេះ ចេះតែយកឈ្នះរៀងៗខ្លួន ឬយ៉ាងណា? តើផែនទីដែលត្រូវ​បាន​រដ្ឋាភិបាល យកមកប្រើប្រាស់ នាពេលកន្លងមក ក្នុងការយកមកកំណត់ព្រំដែន រវាងប្រទេសកម្ពុជា និង​ប្រទេស​ជិតខាង មានការទទួលស្គាល់ ពីអន្តរជាតិឬទេ? សម្រាប់ប្រជាពលរដ្ឋ ដែលជាសាក្សី«រស់» ស្ថិតនៅ​តាមព្រំដែនជាច្រើន សុទ្ធតែបានអះអាងថា ដីស្រែចំការ កេរិ៍្តដូនតារបស់ខ្លួន ត្រូវបានប្រទេសជិតខាង ឈ្លាន​ពានយកជាបន្តបន្ទាប់ រាប់សិបឆ្នាំមកហើយ មិនដែលមានអាជ្ញាធរកម្ពុជាណា អើពើឬដោះស្រាយនោះទេ។

តើមន្ត្រីអាជ្ញាធរថ្នាក់ក្រោម អាចធ្វើអ្វីបាន បើសូម្បីមន្ត្រីជាន់ខ្ពស់ ក៏មានការស្រពិចស្រពិល ក្នុងបញ្ហាព្រំដែន ដែរនោះ? ដូចយ៉ាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជាដើម សុទ្ធតែធ្លាប់បានទទួលស្គាល់ ពីភាពមិន​ច្បាស់​លាស់​នៃព្រំដែន។ លោក ស ខេង បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពការងារ កំណត់​ព្រំដែន ជាមួយប្រទេសវៀតណាម ដល់មន្រ្តីក្រោមឱវាត តាមបណ្តាខេត្ត ដោយបានបញ្ជាក់ទៀតថា ការចរចា​លើបញ្ហាព្រំដែននេះ រវាងគណៈកម្មការព្រំដែនកម្ពុជា និងវៀតណាម កាលពីពេលថ្មីៗនេះ មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយ។

ប៉ុន្តែ យ៉ាងហោចណាស់ រលោក ស ខេង បានបង្កើតគណៈកម្មការចម្រុះមួយ កាលពីថ្ងៃទី១២ ខែកក្កដា សម្រាប់​​ការស្រាវជ្រាវ ហេតុការណ៍ ដែលនាំឲ្យមានអំពើហិង្សា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ដែល​ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រង់ចន្លោះបង្គោលព្រំដែន លេខ២០៣។ ឯ​ក្រសួង​ការបរទេសកម្ពុជាវិញ កាលពីថ្ងៃទី២ ខែកក្កដា បានធ្វើកំណត់ទូត ទៅក្រសួងការបរទេសវៀតណាម ដោយ​ទទួល​យក និងឯកភាព ក្នុងការបង្កើតក្រុមការងារចម្រុះ ដើម្បីពិនិត្យ និងស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យ​កើតមានអំពើហិង្សា នៅតាមព្រំដែនកម្ពុជា-វៀតណាមនោះដែរ។

ជុំវិញភាពពិតប្រាកដ នៃផែនទីកំណត់ព្រំសីម៉ាវិញ ទើបនឹងត្រូវបាន លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសាលិខិតមួយ កាលពីថ្ងៃទី៦ ខែកក្កដានេះ ទៅលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយស្នើសុំផែនទីកម្ពុជា ដែលបានតម្កល់ទុក នៅអង្គការសហប្រជាជាតិ រួមទាំងជំនួយជាបច្ចេកទេស ក្នុង​ការ​ពិនិត្យលើផែនទីនោះផង។

មិនត្រឹមតែ អង្គការសហប្រជាជាតិមួយប៉ុណ្ណោះទេ តែនៅក្នុងថ្ងៃតែមួយ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៥ ថ្មីៗនេះ លោក​នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានផ្ញើរសារលិខិត ប្រហែលគ្នានេះ ដាច់ដោយឡែកៗពីគ្នា ទៅកាន់លោក​នាយករដ្ឋមន្ដ្រីអង់គ្លេស លោក ដេវិដ កាមើរូន (David Cameron) ផ្ញើរទៅលោកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងផ្ញើរទៅកាន់លោកប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (Francois Hollande)  ដើម្បីស្នើសុំផែនទីព្រំដែនកម្ពុជា ពីប្រទេសមហាអំណាចទាំងនោះដែរ។

ក្នុងសារលិខិតទាំងនោះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរបង្ហាញ ពីគោលបំណងដែលមានលក្ខណៈ​ដូចៗគ្នាថា ដើម្បី​បញ្ជៀស ដើម្បីបញ្ចប់បញ្ហាញុះញង់ ការបង្កើតស្មារតីជាតិនិយមជ្រុល ដែលអាចឈានដល់ ការបង្កើត​គ្រោះ​មហន្ដរាយដល់កម្ពុជា ដែលទំនងជាលោក ចង់ចង្អុលបញ្ហានេះ ទៅកាន់ក្រុមប្រឆាំង។

បន្ថែមពីលើនេះ លោក ហ៊ុន សែន បានថ្លែងរិះគន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដោយចំមុខ​នោះទៀតថា ប្រធាន​គណបក្សសង្គ្រោះជាតិរូបនេះ កំពុងឲ្យតំណាងរាស្រ្តរបស់ខ្លួន រិះគន់រដ្ឋាភិបាល ថាប្រើ​ប្រាស់ផែនទី​ព្រំដែន​ក្លែង​ក្លាយ ទោះជាមេដឹកនាំទាំងពីរ បានបង្កើតភាពស្និតស្នាលរវាងគ្នា តាមរយៈការទទួល​ទាន អាហារពេល​ល្ងាច​រួម​គ្នាមួយ ពេលកាលពីថ្ងៃទី១២ ខែកក្កដាក៏ដោយ។ ថ្លែងក្នុងពិធី ចែកសញ្ញាបត្រនិស្សិត វិទ្យាស្ថាន​ជាតិអប់រំ កាលពីថ្ងៃ​ទី១៦ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកលោក សម រង្ស៊ី ថា​កំពុង​សម្តែង​ល្ខោន ជាមួយលោក។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «បាយជាមួយគ្នា វាទាស់ខុសអី។ អញ្ចឹង បើអ្នកធ្លាប់ធ្វើសត្រូវ ស្លាប់រស់​ជាមួយគ្នា ស៊ីបាយជាមួយគ្នា ហើយនៅខាងក្រោម (អ្នកក្រោមឱវាទ) ទាស់គ្នាធ្វើអីទៀតវើយ? ឲ្យគិតអញ្ចេះទៅ​មើល ដល់អញ្ចឹង មិនបានសុខទាំងអស់គ្នាទេ។ (…) សង្ស័យថាក្រែងលោ ឯកឧត្តម សម រង្ស៊ី ដើរតួស្លូត និង​ទុក​មនុស្សមួយចំនួន ឲ្យដើរតួកាចតាមបំផ្លាញ។»

ការថ្លែងរបស់លោក ហ៊ុន សែន ត្រូវបានលោក សម រង្ស៊ី អះអាងថា វប្បធម៌​សន្ទនា ​រវាង​លោក ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី មានលក្ខណៈ​ស្មោះត្រង់ និងធ្វើ​យ៉ាង​ណា​ គិត​ផលប្រយោជន៍​ជាតិ​ជា​ធំ។ នៅក្នុង​ឱកាស​ ចុះជួប​ប្រជាពលរដ្ឋ​ចាម ជា​ច្រើន​រយ​នាក់​នៅ​ភូមិ​អង្គរជា ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា លោក សម រង្ស៊ី បានបញ្ជាក់ថា «វប្បធម៌​សន្ទនា​ហ្នឹង ​មិន​មែន​សម្រាប់​តែ ហ៊ុន សែន សម រង្ស៊ី គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទេ គឺ​រៀបចំ​សម្រាប់​ប្រទេស​ជាតិ​យើង​ សម្រាប់​ខ្មែរ ​ជំនាន់​ក្រោយៗ​ទៀត។ ឱ្យ​ខ្មែរ​យើង​មាន​វប្បធម៌​នេះ ឱ្យ​បាន​គង់វង្ស ដើម្បី​ធានា​សុខសន្តិភាព ដើម្បី​ធានា​ការ​គោរព​គ្នា​ ទៅ​វិញ​ទៅ​មក។»

ចំពោះលោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ដែលលេចធ្លោ ក្នុងបញ្ហាព្រំដែន​កម្ពុជា​-វៀតណាមវិញ ធ្លាប់បានលើកឡើងថា មេគណបក្សទាំងពីរ ធ្លាប់ទទួលស្គាល់ថា វប្បធម៌សន្ទនា មិនអាច​ជំនូស​លិទ្ធិប្រជាធិបតេយ្យបានឡើយ។ ឬគេត្រូវ យកវប្បធម៌«សន្ទនា» មកដាក់នៅចំពោះមុខ សំខាន់ជាង​អ្វីទាំងអស់ តែបែរជាទុកឲ្យ«ទឹកដី» ត្រូវបរទេសរំលោភយក ស្រេចនឹងចិត្ត?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...