ចាប់បានយួនសង្ស័យ១៥នាក់ ពីបទកាប់ឈើខុសច្បាប់ក្នុងដីកម្ពុជា
សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងស្រុកពេជ្រដា បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ នៅខណៈកំពុងកាប់ឈើក្នុងព្រៃការពាររបស់ប្រជាសហគមន៍ កាលពីថ្ងៃសៅរ៍ ដោយដកហូតកាំភ្លើង១ដើម និងវត្ថុតាងជាច្រើនប្រភេទផ្សេងៗទៀត។
ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់មួយនៅខេត្តរតនាគីរី។ (រូបថត stephaucambodge)
បទល្មើស - លោក ឃុត ចាន់រ៉ា អាយុ២៨ឆ្នាំ ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងភូមិពូលុ ឃុំ ប៊ូស្រា ស្រុកពេជ្រដា បានឲ្យដឹងថា សហគមន៍ និងប្រជាការពារជនជាតិដើមភាគតិចចំនួន៦៦នាក់ បាននាំគ្នាចុះល្បាតព្រៃ ក៏បានប្រទះឃើញជនជាតិវៀតណាមជាង២០នាក់កំពុងធ្វើសកម្មភាពកាប់ឈើប្រណិត។ លោកបានបញ្ជាក់ថា៖ «ពេលឃើញយើង គេនាំគ្នារត់ប្រសាចពេញព្រៃ យើងខំដេញចាប់ តែចាប់បាន១៥នាក់ ប៉ុណ្ណោះ រួចក៏ចងដៃពួកគេប្រគល់ឲ្យនគរបាលប៉ុស្តិ៍»។
លោកបានឲ្យដឹងទៀតថា ប្រជាសហគមន៍ក៏បានរឹបអូសវត្ថុតាងមួយចំនួន ដូចជា គោយន្ត ៤គ្រឿងផ្ទុកឈើប្រណិតធ្នង់៨ដុំធំៗ ម៉ាស៊ីនត្រង់ស៊ីន័រ៧គ្រឿង ម៉ូតូដឹកឈើ៩គ្រឿងនិងកាំភ្លើង១ដើម ម៉ាកអឹមសី។ ហើយកន្លែងដែលជនល្មើសកំពុងកាប់ឈើនោះ នៅចំងាយជា១០គីឡូម៉ែត្រពីព្រំដែនកម្ពុជាវៀតណាម ហើយពួកលោកសង្ស័យថា នគរបាលព្រំដែនជាអ្នកបើកដៃឲ្យជនជាតិវៀតណាមទាំងនោះ ចូលធ្វើសកម្មភាពខុសច្បាប់បែបនេះ។
លោកបានថ្លែងថា៖ «ព្រៃឈើជនជាតិដើមយើង កំពុងត្រូវបានកាប់កាន់តែខ្លាំងៗដោយជនជាតិវៀតណាម ឃុបឃិតជាមួយនឹងអ្នកមានអំណាច។ ប្រសិនបើយើងមិនខំដើរល្បាតទេប្រហែលមកដលល់ពេលនេះអស់ហើយ។»
លោកសូ សុវិទ្យា ព្រះរាជអាជ្ញារង តុលាការខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ជនជាតិវៀតណាមទាំង១៥នាក់នោះ មិនទាន់បានបញ្ជូនទៅតុលាការនៅឡើយទេ ដោយសារនគរបាលជំនាញខេត្តកំពុងដំណើរការនិតិវិធីច្បាប់លើករណីនេះ។
លោកសុក រដ្ឋា អ្នកសម្របសម្រួលអង្គការអាដហុកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អាដហុកបានចុះអង្កេតករណីនេះភ្លាមៗផងដែរ បន្ទាប់ពីសហគមន៍បានរាយការណ៍មក។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «នេះជាបទល្មើសឧក្រិដ្ឋដែលយួនឆ្លងដែនចូលដីខ្មែរខុសច្បាប់ទាំងស្រុង មិនអាចលើកលែងទោសឲ្យដាច់ខាត ដើម្បីទុកជាគំរូដល់អ្នកដ៏ដៃក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើនេះ»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ មីនា ២០១៤