ជំនួបទី៣រវាងបក្សទាំងពីរ បញ្ចប់គម្រោងកំណែទម្រង់ការបោះឆ្នោត?
គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលធ្វើពលិការមិនចូលសភា នឹងបន្តកិច្ចពិភាក្សារបស់ខ្លួននៅថ្ងៃចន្ទទី១០ ខែមីនានេះ តាមការគ្រោងទុក។
ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំតាមការគ្រោងទុកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សារលើកែទម្រង់ការបោះឆ្នោត។ លោកបន្តថា៖ «យើងនឹងយកអនុសាសន៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) អំពីការកែទម្រង់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតបែបទំនើប និងបង្ហាញតម្លាភាពហិរញ្ញវត្ថុរបស់គណបក្សនយោបាយ ដើម្បីដាក់ជារបៀបវារៈក្នុងការចរចា»។
លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ក្រុមការងាររបស់លោក បានត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមពិភាក្សាជាមួយ គណបក្សសង្គ្រោះជាតិ លើបញ្ហាកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត។ លោកបានថ្លែងឲ្យដឹងថា ៖ «ក្រុមការងាររបស់យើង បានត្រៀមខ្លួនរួចរាល់ហើយ»។
កិច្ចប្រជុំកែទម្រង់ការបោះឆ្នោតរបស់គណបកប្សឈ្នះឆ្នោតទាំងពីរនេះ នឹងធ្វើឡើងនៅ ម៉ោង៩ព្រឹក នៅអាគារព្រឹទ្ធសភា ដោយមានសមាសភាពគណៈកម្មការកែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៊ិន ឈិន និងសមាជិកលោកព្រុំ សុខា លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។
ចំណែក គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ និងសមាជិករួមមាន លោកយឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នីវណ្ណ និងលោក ហូរ វ៉ាន់។
កាលពីថ្ងៃទី៣ ខែមីនា គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាក្នុងការកែទម្រង់បញ្ជីឈ្មោះបោះឆ្នោត និងច្បាប់ស្តីពីការប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់គណបក្ស ប៉ុន្តែបញ្ហាមួយចំនួនមិនទាន់ឯកភាពគ្នាទេ។
ក្នុងកិច្ចប្រជុំថ្ងៃចន្ទនេះ គណបក្សទាំងពីរនឹងពិភាក្សាបញ្ហាដែលនៅសេសសល់រួមមាន កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត កំណែទម្រង់រចនាសម្ព័ន្ធ ការបង្កើតយន្តការដោះស្រាយវិវាទការបោះឆ្នោត កំណែទម្រង់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់តួនាទីឲ្យត្រឹមត្រូវរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាដើម។
លោក សុខ ទូច អ្នកវិភាគបញ្ហានយោបាយ ចាត់ទុកការសម្រេចសមាសភាពគណៈកម្មការចម្រុះនេះ បង្ហាញពីការយល់ព្រមរបស់ថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ ហើយក៏បង្ហាញពីសញ្ញាទៅមុខ ចេញពីការជាប់គាំងនយោបាយនេះផងដែរ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «គណបក្សទាំងពីរ គួរដាក់លក្ខខណ្ឌគ្នាទៅវិញទៅមកដែលអាចទទួលយកបាន ដើម្បីបញ្ចប់ការជាប់គាំងនយោបាយនេះ»។
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ មីនា ២០១៤