ឡៅ ម៉ុងហៃ៖ សន្ធិសញ្ញាទីក្រុងបារីសនៅតែមានសុពលភាព
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 11, 2013
- ប្រធានបទ: ប្រវត្តិមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាជធានីភ្នំពេញ - លោក ឡៅ ម៉ុងហៃ ដែលជាអតីតមន្រ្តីធ្វើការនៅអង្គការសហប្រជាជាតិ និងជាអ្នកវិភាគឯករាជ្យ បានលើកឡើងនៅក្នុងវិទ្យុអាស៊ីសេរីផ្សាយជាខេមភាសាកាលពីយប់មិញថា កិច្ចព្រមព្រមព្រៀងក្រុងប៉ារីសនេះ នៅតែមានសុពលភាពដដែល ហើយលោកបានហៅការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល លោក ជាម យៀប ថាជាការនិយាយខុសទាំងស្រុង។ ហេតុផលដែលនិយាយខុស ត្រូវបានអ្នកវិភាគរូបនេះបកស្រាយថា កិច្ចព្រមព្រៀងនេះ មានឧបករណ៍សំខាន់ចំនួន ៣ ដែលបញ្ជាក់ថា មិនទាន់អស់សុពលភាព។
ទី១ កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយបញ្ហានយោបាយរួម នៃជំម្លោះកម្ពុជា នៅក្នុងប្រទេសកម្ពុជា។ ទី២ កិច្ចព្រមព្រៀងស្តីពីការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចឲ្យប្រទេសណាមួយ រំលោភបាននូវបូរណភាពទឹកដីកម្ពុជា។ ទី ៣ សេចក្តីថ្លែងការណ៍ ស្តីពីការស្តារ និងការកសាងប្រទេសកម្ពុជាឡើងវិញ។
លោក ឡៅ ម៉ុងហៃ បន្ថែមថា នៅក្នុងឧករណ៍ទាំង៣ នេះ គេមិនមានចែងថា កិច្ចព្រមពៀងនេះ ចប់នៅថ្ងៃណានោះទេ ព្រោះថាកិច្ចព្រៀមព្រមព្រៀងបើគេចង់បញ្ចប់នៅពេលណានោះ គេនឹងចែងពេលវេលាបញ្ចប់ឲ្យច្បាស់ តែកិច្ចព្រមព្រៀងទីក្រុងបារីសគ្មានកំណត់ពេលវេលាឡើយ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ អាចរក្សានូវអធិបតេយ្យ កុំឲ្យបរទេសឈ្លានពានទឹកដីប្រទេសកម្ពុជា ដែលធានាដោយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីត្រូវមានកាតព្វកិច្ចជាអ្នកធានានូវអធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។ លោកថា នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីអធិបតេយ្យភាពកម្ពុជាក៏ពិតមែន តែមានវិសាលភាពតែនៅក្នុងទឹកដីប្រទេសកម្ពុជាប៉ុណ្ណោះ ដោយមិនមានវិសាលភាពនៅក្នុងឆាកអន្តរជាតិឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើនៅក្នុងប្រទេសកម្ពុជាមានការរំលោភបំពានពីបរទេស ឬនៅក្នុងប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ញន់ធ្ញរ ប្រទេសដែលជាហត្ថលេខី ត្រូវជាអ្នកធានា ក្នុងការរកវិធានការដើម្បីដោះស្រាយ និងរាយការណ៍ពីបញ្ហានេះជូនអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ការបកស្រាយរបស់លោក ឡៅ ម៉ុងហៃ បែបនេះ បានធ្វើឡើងក្រោយពី លោក ជាម យៀម មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ អស់សុពលភាពទៅហើយ ចាប់តាំងពីរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ប្រកាសឲ្យប្រើជាធរមានមក។ អស់សុពលភាព ដោយហេតុថា ខ្លឹមសារនៃសន្ធិញ្ញាទីក្រុងបារីសទាំងស្រុង ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញអស់ហើយ។ លោកថា អ្នករៀបចំនូវរដ្ឋធម្មនុញ្ញនេះ បានធ្វើឡើងដោយពឹងផ្អែកទៅលើកិច្ចព្រមព្រៀងក្រុងបារីសទាំងស្រុង។
មិនមែនមានតែលោក ជាម យៀប ទេ ដែលនិយាយដូច្នេះ សូម្បីតែលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីចាស់ ក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏ធ្លាប់និយាយជាសាធារណៈដូច្នេះដែរ។ លោក ហ៊ុន សែន ដែលបាននិយាយកាលពីថ្ងៃទី ២៤ ខែកញ្ញា កន្លងទៅ នៅវិមានរដ្ឋសភា ដោយបានអះអាងដែរថា សន្ធិសញ្ញាក្រុងបារីសអស់សុពលភាពហើយ។ ប៉ុន្មានថ្ងៃក្រោយមក លោក ផៃ ស៊ីផាន មន្ត្រីជានខ្ពស់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងតាមរយៈទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដែរថា អ្នកណាដែលនិយាយថា សន្ធិសញ្ញាក្រុងប៉ារីសនេះ នៅតែ មានសុពលភាពទៀតនោះ មានន័យដូចជា«ហៅ»បរទេស ឲ្យមកធ្វើការគ្រប់គ្រង ធ្វើចៅហ្វាយនាយ លើប្រទេសកម្ពុជាដូច្នោះ។
សូមអានអត្ថបទ ដែលទាក់ទងនឹងប្រធានបទដដែលនេះឡើងវិញ។
លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជុំវិញបញ្ហានេះថា គណបក្សរបស់លោកមានការសោកស្តាយណាស់ ដែលរដ្ឋាភិបាលកម្ពុជានិយាយយ៉ាងដូច្នេះ។ សោកស្តាយដោយសារថា ការនិយាយបែបនេះ មានន័យស្មើនឹងមិនឲ្យតម្លៃព្រះមហាវីរក្សត្រកម្ពុជា ព្រះបាទ សីហនុ ដែលព្រះអង្គជាតួអង្គសំខាន់នាំឲ្យមានសន្ធិសញ្ញានេះ។ អ្នកនាំពាក្យរូបនេះបន្តថា កាលពីព្រះមហាវីរក្សត្រនៅមានព្រះជន្មនៅឡើយ គ្មាននរណាហាននិយាយដូច្នេះនោះទេ តែដល់ពេលព្រះអង្គសុគតបាត់ ទើបលឺពាក្យនេះឡើង។
កន្លងមកថ្មីៗនេះ មេដឹកនាំគណបក្សប្រឆាំង បានចោទប្រកាន់ថា មូលហេតុដែលនាំឲ្យមន្រ្តីរដ្ឋាភិបាលបកស្រាយថា កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ គ្មានសុពលភាពតទៀតនោះ គឺដោយសារតែរដ្ឋាភិបាលថ្មីលោក ហ៊ុន សែន ត្រូវបានបង្កើតឡើងផ្ទុយជំហរកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ គណបក្សប្រឆាំង ដែលកំពុងធ្វើនយោបាយការទូតបញ្ចុះបញ្ចូល ដើម្បីស្នើឲ្យប្រទេសជាហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀងនោះ ជួយជម្រុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលជំនាញខាងនីតិអន្តរជាតិសាធារណៈ បានបកស្រាយថា សន្ធិសញ្ញាអន្តរជាតិអាចអស់សុពលភាពទៅបានមានលក្ខខណ្ឌចំនួនពីរសំខាន់ៗ ទី១ លុះត្រាតែនៅក្នុងកិច្ចព្រមព្រៀងឬសន្ធិសញ្ញានោះ មានចែងយ៉ាងច្បាស់ថា សន្ធិសញ្ញានេះ ត្រូវរលាយឬអស់សុពលភាពនៅក្នុងកាលបរិច្ឆេទមួយជាក់ច្បាស់។ ទី២ សញ្ញាអន្តរជាតិ អាចអស់សុពលភាពបាន នៅពេលដែលមានសិន្ធិសញ្ញាថ្មី លុបចោលសុពលភាពឬជំនួសសន្ធិសញ្ញាចាស់ ដែលនិយាយជាភាសាសាមញ្ញថា មានកិច្ចសន្យាថ្មីជំនួសកិច្ចសន្យាចាស់៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ