សង្គមស៊ីវិលថ្កោលទោសចំណាត់ការអាជ្ញាធរ ជុំវិញសិទ្ធិលំនៅដ្ឋានពលរដ្ឋ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: October 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល បានកើតឡើងទៀត បន្ទាប់ពីការរារាំង ឬភាពមិនអើពើរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងរយៈកាលកន្លងមកនេះ នៅក្នុងវិបត្តិដីធ្លីដែលបានកើតឡើង មិនចេះចប់មិនចេះហើយ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយការរំលោភយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ នៅតែប្រកាន់យកការទាមទាតវ៉ា នូវអ្វីដែលសិទ្ធិស្របច្បាប់របស់ពួកគេ ជាពិសេសសិទ្ធិរស់នៅសមរម្យ សិទ្ធិមានកម្មសិទ្ធិដីធ្លីផ្ទះសម្បែង និងសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញ។
ការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់សិបរយនាក់ ដើម្បីទប់ទល់នឹងការជួបជុំ របស់ពលរដ្ឋរងគ្រោះនឹងបញ្ហាដីធ្លី។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្មានជំរក បានមកជួបជុំគ្នានៅទីទួលយាយដូនពេញ (វត្តភ្នំ) ជាមួយនឹងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីប្រារព្វទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៨។ ក្នុងនោះក៏មានការចូលរួមពីព្រះសង្ឃប្រហែលជា៥០អង្គ និងមានប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា បឹងកក់ ៣៤៧ ថ្មគោល ប្រមាណជិតមួយពាន់នាក់ផងដែរ ក្នុងគោលបំណងដាក់ញ្ញតិទៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាដីធ្លីដែលនៅជាប់គាំង។
ជារឿយៗ សំណូមពររបស់ពលរដ្ឋទៅអាជ្ញាធរ សុំឲ្យមានដំណោះស្រាយពីបញ្ហារបស់ខ្លួន ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍មើលឃើញថា ដូចជាមានភាពសោះអង្គើយ ឬមានភាពយឺតយ៉ាវពីសំណាក់អាជ្ញាធរ ដើម្បីបានលទ្ធផលជូនពលរដ្ឋទាំងនោះ។ តែផ្ទុយទៅវិញ សង្គមស៊ីវិលមួយចំនួន ដែលធ្វើការតាមដានបញ្ហានេះ បានបរិហារថា មិនត្រឹមតែមិនរកដំណោះស្រាយឲ្យពលរដ្ឋ អាជ្ញាធរបែរជាបញ្ជូនកងកម្លាំងរាប់សិបរយនាក់ មកធ្វើការរំខាននិងរារាំងការជួបជុំរបស់ពលរដ្ឋទាំងនោះ ក្រោមលេស«សណ្ដាប់ធ្នាប់ និងមុខមាត់រាជធានី» រហូតដល់ការប៉ះទង្គិច បានកើតឡើងនោះផង។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានធ្វើការថ្គោលទោសចំណាត់ការរបស់អាជ្ញាធរថា ដែលបានធ្វើការរារាំង ទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តរថា មុននឹងក្រោយ នៅតែប្រជាពលរដ្ឋអាចជំនះមកបាន ហើយគាត់នៅតែចាំទទួលយញ្ញតិនោះ ហេតុអ្វីចាំបាច់ប្រើកម្លាំង ចាំបាច់រារាំង ដែលធ្វើឲ្យមជ្ឃដ្ឋានជាតិ និងងន្តរជាតិ មើលទៅឃើញថា កម្ពុជានៅមិនទាន់គោរពសិទ្ធិមនុស្សឲ្យបានេពេញលេញ។
អនុប្រធានស៊ើបអង្កេតសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវេត បានបញ្ជាក់ថា ការរារាំងនេះ បានបណ្តាលឲ្យមានការជ្រុលជ្រុសបន្តិចបន្តួចមែន តែទោះយ៉ាងណាខាងប្រជាពលរដ្ឋក៏មានការអត់ធ្មត់ និងខាងអាជ្ញាធរក៏មានការអត់ធ្មត់ផងដែរ។ លោកក៏បានរិះគន់ចំពោះការដាក់ពង្រាយ នូវកងកម្លាំងដ៏ច្រើនសន្ធិកសន្ធាប់ដែលប្រដាប់ដោយដំបង និងខែល ក្នុងការតទល់ជាមួយប្រជាពលរដ្ឋក្រីក្រ ដៃទទេដែលមកត្រឹមតែសូមឲ្យមានការដោះស្រាយ នូវសិទ្ធិមានលំនៅដ្ឋានសមរម្យ។ លោកបានចាត់ទុកថា ការប៉ះទង្គិចគ្នានេះ ប្រជាពលរដ្ឋមិនបានប្រើនូវហិង្សានោះទេ តែជាសន្ទុះផ្លូវចិត្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកចាន់ សុវេត បានអះអាងថា អាជ្ញាធរក៏បានដឹងពីបញ្ហានេះដែរ ព្រោះប្រជាពលរដ្ឋភាគច្រើនគាត់បានដឹងពីសិទ្ធិ យល់ដឹងពីអ្វីដែលពួកគាត់ត្រូវធ្វើ ម្យ៉ាងទៀតពួកគាត់ឈឺចាប់យូណាស់មកហើយ ពាក់ព័ន្ធនិងការទប់ស្គាត់ និងការបង្គ្រាបទាំងនេះ។ «គាត់ឃើញកងកម្លាំងហើយ នៅតែព្យាយាមសម្រុកចូលទៅទៀត គាត់ដឹងថាអាជ្ញាធរនឹងមិនមានប្រព្រឹត្តិនូវអំពើណាមួយ ដែលធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះទេ»។
មានសេចក្ដីរាយការណ៍មកថា កងកម្លាំងអាជ្ញាធរដែលត្រូវបានបញ្ជូនមក ដើម្បីបញ្ជៀសក្រុមអ្នកជួបជុំ ពីការកកស្ទះចរាចរណ៍ ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។ តែផ្ទុយទៅវិញ គឺកងកម្លាំងនេះទៅវិញទេដែលមានចំនួនច្រើនលើសលប់ ហើយដាក់ពង្រាយពេញទ្រូងផ្លូវ ដែលធ្វើឲ្យការកកស្ទះកើតឡើង ខណៈពេលដែលពលរដ្ឋគ្រាន់តែអនុវត្តពីសិទ្ធិនៃការបញ្ចេញមតិរបស់ខ្លួនតែប៉ុណ្ណោះ៕
លោកឡៅ ម៉ុង ហៃ អ្នកវិភាគឯករាជ្យបានពន្យល់ថា ការដែលក្រុមអាជ្ញាធរដាក់កម្លាំងដ៏ច្រើនក្នុងការរារាំង ឬទប់ស្គាត់ ដើម្បីបង្គ្រាបការជួបជុំមួយដោយអហិង្សរបស់ប្រជាពលរដ្ឋនេះ ជាការបំពានច្បាប់មួយរួចជាស្រេចទៅហើយ។ «ការបិទផ្លូវណាមួយក៏ដោយ ត្រូវតែជូនដំណឹងជាមុន ត្រូវមានបទបញ្ញតិគោចរ កុំបិទស្រេចតែចិត្តនឹងឃើញ ចិត្តចង់ ត្រូវបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់ និងក៏ត្រូវមានរយៈពេលមួយច្បាស់ក្នុងការបើកផ្លូវដែរ កុំទុករហូតដល់ពលរដ្ឋមានកំហឹង ហើយចោទគេថាបំពានច្បាប់នោះ។»
លោក សៀរ ភារម្យ ប្រធានសម្ព័ន្ធក្រុមការងារសិទ្ធិលំនៅឋាន ដែលជាអ្នកដឹកនាំនៃក្រុមការងារទាមទារសិទ្ធិលំនៅដ្ឋាននេះ ក៏បានបង្ហាញនូវការហួសចិត្ត សោកស្តាយ ចំបោះទង្វើរនៃក្រុមសម្តថកិច្ចទាំងនោះ ក្នុងការទម្លាក់នូវកម្លាំងដ៏ច្រើន ដើម្បីបង្ក្រាបប្រជាពលរដ្ឋដោយដៃទទេរ។ លោកបន្តរថា មានការវាយតប់ និងចាប់លោកសង្ឃផងដែរ។ «មិនមានអ្វីខុសច្បាប់ទេព្រោះការប្រារព្វទិវានេះ ជាទិវាសិទ្ធិលំនៅដ្ខានពិភពលោក ដែលគេត្រូវតែធ្វើទាំងអស់គ្នា។ (...) ដូចនៅប្រទេសថៃ ក៏មានប្រជាពលរដ្ឋគេធ្វើ ដែលមានចំនួនជាងមួយពាន់នាក់ ហើយកម្លាំងសមត្ថកិច្ចរបស់គេ មិនមែនមកបង្គ្រាបប្រជាពលរដ្ឋនោះទេ គេមកដើម្បីការពារ និងសម្រួលដល់ការជួបជុំនេះប្រកបដោយជោគជ័យ៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ