នយោបាយ​ជា​រឿង​ខ្មៅកខ្វក់ ដែល​ពលរដ្ឋ​មិន​គួរ​បៀត​ឬ?

ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើមចំពោះនយោបាយ មិនមែនតែកើតមាននៅក្នុងប្រទេសកម្ពុជាទេ ពោលគឺកើតមាននៅលើពិភពលោកមួយភាគធំ ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋមិនសូវមានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។ ការណ៍នេះ បានធ្វើឲ្យគេចោទជាសំណើរថា តើនយោបាយជារឿងខ្មៅកខ្វក់ មានកំហុសមែនទេ បើពលរដ្ឋស្អប់យ៉ាងនេះនោះ?
នយោបាយ​ជា​រឿង​ខ្មៅកខ្វក់ ដែល​ពលរដ្ឋ​មិន​គួរ​បៀត​ឬ?
ពីឆ្វេងទៅស្ដាំ៖ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន នៅពេលធ្វើជាសហនាយករដ្ឋមន្ត្រី។ (រូបថតឯកសារ EPA)
Loading...
  • ដោយ: ជា ធីរិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ តុលា ២០១៣
  • កែប្រែចុងក្រោយ: April 15, 2018
  • ប្រធានបទ: វិភាគ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចលឺឡើងតាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែលឺនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹត គ្រប់បែបយ៉ាង។

ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡូក ក្នុងឆាកនយោបាយបាននោះ ទាមទារឲ្យមានសមត្ថភាព ខាងនិយាយកុហក បំផ្លើសបំផ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អ ស្មោះត្រង់ សុចរិតនោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូកក្នុងរឿងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះ គឺជាមនុស្សចោលម្សៀតទាំងស្រុង។

ផ្តត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឲ្យកូនចូលរួម ក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀន បើធ្វើស្រែ ឲ្យគិតតែពីរឿងធ្វើស្រែ បើលក់ដូរ គិតតែពីររឿងលក់ដូរ ដើម្បីបានប្រាក់ចំណេញ ទៅបានហើយ កុំនាំគ្នា​ទៅរវល់​កិច្ចការនយោបាយ រឿងស្រុកទេសអីទាំងអស់ ព្រោះរឿងស្រុកទេស​រឿងជាតិអីហ្នឹង មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចំាបាច់ខ្វល់នោះទេ។ ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ។

បើនៅក្នុងផ្តត់គំនិត គិតតែបែបនេះនោះ តើគេគួរទាត់ចោលនយោបាយឬទេ? ហើយថានយោបាយ ជារឿងខ្មៅកខ្វក់ មានកំហុសឬយ៉ាងណា?

ចម្លើយ គេមិនត្រូវទាត់ចោលនយោបាយនោះទេ ពីព្រោះថា នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយធ្វើឲ្យមានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលអាចសម្រុះសម្រួល រាល់ការខ្វែងគំនិត របស់មនុស្សជារៀងរហូត។

បើយើងពិចារណាចំពោះពាក្យថា នយោបាយឲ្យបានច្បាស់ទៅនោះ យើងនឹងយល់ថា មិនមែននយោបាយ ជាការងារខ្មៅកខ្វក់ទេ តែអ្នកនយោបាយមូយចំនួន ឯណោះទេ ដែលធ្វើឲ្យនយោបាយ ក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារគំនិតអាក្រក់ និងដៃទាំងទ្វេ របស់ជនអ្នកយកនយោបាយ ជាមុខរបរចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។

ដូច្នេះនយោបាយមិនមានកំហុស នយោបាយមិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿងចោលម្សៀតនោះទេ តែអ្នកនយោបាយដែលមានគំនិតទុច្ចរិតទេ ដែលជាអ្នកមានកំហុស ជាមនុស្សចោលម្សៀត ធ្វើឲ្យនយោបាយត្រូវខ្លួនយកទៅធ្វើសកម្មភាពនាំឲ្យក្លាយជារឿងខ្មៅកខ្វក់ បង្ករឲ្យពលរដ្ឋស្អប់ខ្ពើមនយោបាយ។

តើនៅពេលណា ទើបនយោបាយត្រូវបានពលរដ្ឋ ឲ្យតម្លៃវិញ?

គឺនៅពេលដែលពលរដ្ឋយល់ដឹង នូវវប្បធម៌នយោបាយកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មាន ឲ្យបានទៀងទាត់ មានចំណេះដឹងអាចធ្វើការវិភាគ ឬពិចារណា ចំពោះអ្នកនយោបាយ ដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់អំពីអត្ថប្រយោជន៍ នៃនយោបាយសម្រាប់ជាតិ និងបានដឹងច្បាស់ថា ការចូលរួមសកម្មភាពនយោបាយ គឺជាការងារមួយ​ស្អាតស្អំ​ជាងគេបំផុត ហើយធ្វើឲ្យអ្នកនយោបាយបោកប្រាស់ ដែលអាចមកកាន់តំណែង បានស្ទើតែគ្មាន ព្រោះពលរដ្ឋមានសិទ្ធិជ្រើសរើសអ្នកនយោបាយ ដែលមានទេពកោសល្យខ្ពស់ ក្នុងការងារនយោបាយ និងជាជនសកម្ម ជាអ្នកនយោបាយស្មោះត្រង់ គិតគូរពីវាសនាប្រទេសជាតិជាធំ មិនមែនគិត តែពីផលប្រយោជន៍បក្សពួកខ្លួន គ្រូសារខ្លួននោះទេ។

ជារួមមក នៅក្នុងសង្គមជាតិមួយ រឿងនយោបាយ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននោះទេ។ តួយ៉ាងប្រសិនបើប្រទេសជាតិមួយ មានបញ្ហាជាប់គាំងនយោបាយ មិនអាចដោះស្រាយចេញនោះទេ គេកុំបាច់និយាយ ដល់ការអភិវឌ្ឍធ្វើអ្វី។ ពីព្រោះថា បើនយោបាយជាប់គាំង ជាតិច្របូកច្រប់ អ្នកវិនិយោគក្នុង និងក្រៅប្រទេស ឈប់មករកស៊ី ពលរដ្ឋអត់មានការងារធ្វើ បាតុកម្មមានជាហូរហែ វិបត្តិសេដ្ឋកិច្ចនឹងកើតឡើង ជាតិនឹងត្រូវមហន្តរាយជាក់ជាមិនខាន។ ម្លោះហើយ តើពលរដ្ឋម្នាក់ៗ គួរតែទាត់នយោបាយចោល កុំយកខ្លួនបៀត នឹងរឿងនយោបាយ ឬត្រូវតែចូលរួម ក្នុងសកម្មភាពនយោបាយ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...