ល្បីនៅអ៊ឺរ៉ុប៖ ហ៊ុន សែន ភ្នាល់ប្រដាល់ ៥ពាន់ដុល្លា តែអត់ឲ្យលុយ
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 06, 2015
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីលោក ហ៊ុន សែន មានចំណង់ចំណូលចិត្ត ភ្នាល់ប្រដាល់ និងជាពិសេស ភ្នាល់«ហ៊ានស៊ី ហ៊ានសង» ទៅលើការ«ប្រកួតប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) កាលពីចុងសប្ដាហ៍មុននេះ មិនសូវជាបង្កការចាប់អារម្មណ៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅលោកខាងលិចប៉ុន្មានទេ។
ប៉ុន្តែបើលោក ហ៊ុន សែន បានចាក់ល្បែង ៥០០០ដុល្លា «ហ៊ានស៊ី»រួចហើយ បែរជាបដិសេធ «មិនហ៊ានសង» មិនបង់លុយ និងព្រមទាំង បានធ្វើការវិន្និច្ឆ័យ តែខ្លួនលោក ទៅលើលទ្ធផលនៃការប្រកួតនោះ ទើបជាករណីមានតែមួយ ក្នុងលោក គួរឲ្យ«កោត» និងបង្កចំណាប់អារម្មណ៍ក្រៃលែង ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោក សឹងតែគ្រប់ៗគ្នា។ សាព័ត៌មានជាច្រើន ដែលផ្សាយជាភាសាបារាំង បានលើកយកករណីនេះ មកផ្សាយ និងធ្វើអត្ថាធិប្បាយជាបន្ត ជាពិសេស នៅបន្ទាប់ពីបណ្ដាញព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) បានធ្វើសេចក្ដីរាយការណ៍នេះ ពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា។
«ម្សិលម៉ិញ (ថ្ងៃអាទិត្យមុន) រកពិន្ទុដាក់ឲ្យអា ផ្លយ អត់ឃើញទេ យើងអ្នកមើល ប៉ុន្តែ អាប៊ីតទាំងបី ឯកច្ឆន្ទឲ្យអា ផ្លយ ឈ្នះ» នេះជាការលើកយកសម្ដី របស់លោក ហ៊ុន សែន មកបញ្ជាក់ នៅក្នុងសារព័ត៌មាន «Metro News» របស់បារាំង ដែលមិនភ្លេចអះអាង ពីការកាន់អំណាច តាំងពី៣០ឆ្នាំដ៏យូរលង់ របស់លោក នៅកម្ពុជានោះទេ។ រីឯសារព័ត៌មាន «7sur7» របស់ប្រទេសប៊ែលហ្សិក បានលើកយកសម្ដី របស់លោក ហ៊ុន សែន មកដាក់បន្ថែមថា៖ «ឥឡូវបើគិតតាម ការភ្នាល់ពីម្សិល ខ្ញុំត្រូវជំពាក់លោកឯង តែអញមិនឲ្យ»។ គ្រប់សារព័ត៌មានទាំងអស់ មិនបានបញ្ជាក់ថា តើពាក្យ«លោកឯង»ថ្លែងឡើង របស់លោក ហ៊ុន សែន នេះ ជានរណាឲ្យពិតនោះឡើយ។ ប៉ុន្តែ យ៉ាងហោចណាស់ «លោកឯង»ម្នាក់នោះ គ្រាន់តែហ៊ានមកភ្នាល់ ជាមួយលោកនាយករដ្ឋមន្ត្រី តែមិនហ៊ានប្ដឹងលោក ហ៊ុន សែន ពីបទបន្លំការជឿទុកចិត្ត ព្រោះការថ្លែងរបស់លោក អះអាងថាមិនបង់លុយថ្លៃ«ភ្នាល់»។
លោក ហ៊ុន សែន បានធ្វើការវិន្និច្ឆ័យ ដោយខ្លួនលោក និងសម្ដែងការមិនពេញចិត្ត របស់លោក ទៅនឹងលទ្ធផល នៃការ«ប្រកួតប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ កាលពីយប់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ដោយចៅក្រមប្រដាល់ជាតិអាមេរិក ទាំងបីនាក់។ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានស្ថាបនា ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ៤ ខែឧសភា លោក ហ៊ុន សែន បានវាយតម្លៃចៅក្រមប្រដាល់ទាំងនោះ ថាបានលំអៀង ទៅរកកីឡាករជាតិអាមេរិក ផ្លយ ម៉ាយវេដ័រ។
លោក ហ៊ុន សែន ថ្លែងថា៖ «សូមផ្តាំទៅអាប៊ីតរបស់អាមេរិក សូមធ្វើការពន្យល់ មូលហេតុអ្វីបានជាអា ផ្លយ ឈ្នះ? អា ផ្លយ គិតតែពីរត់ ហើយរង ហើយគេច ប៉ាកគីអាវ ចូលវៃ៉រហូត វ៉ៃខ្ទុបនឹងខ្សែរិញ។» នាយករដ្ឋមន្ត្រីកម្ពុជា ថែមទាំងបានឆ្លៀតចំអក ទៅប្រទេសអាមេរិកទៀតថា៖ «មិននឹកស្មានអាមេរិកកាំងអន់ដល់ប៉ុណ្ណឹង ខ្ញុំទើបតែស្គាល់អាមេរិកច្បាស់ នៅពេលនេះហើយ។ អាប៊ីតបានសម្រេចជាឯកច្ឆន្ទ ឲ្យអ្នកឈ្នះក្លាយ ជាអ្នកចាញ់។»
ការថ្លែងភ្នាល់ប្រដាល់ ជាសាធារណៈ របស់លោក ហ៊ុន សែន បង្កឲ្យមានការភ្ញាក់ផ្អើល ជាទូទៅ។ សារព័ត៌មានបារាំង «20Minutes» បានសរសេរដែរថា ការភ្នាល់ល្បែងស៊ីសង នៅក្នុងប្រទេសកម្ពុជា ជាទង្វើខុសច្បាប់ ហើយអ្នកដែលហ៊ាន ធ្វើការភ្នាល់ប្រដាល់ ឬភ្នាក់បាល់ តែងត្រូវបានធ្វើឡើង ដោយលួចលាក់ និងមានលក្ខណៈខុសច្បាប់ ទាំងអស់។ ប៉ុន្តែ អ្វីដែលលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជាធ្វើ មិនដែលខុសទេ។
សារព័ត៌មានតំបន់ របស់បារាំង «Corrier Picard» បានពន្យល់ជាចុងក្រោយថា កីឡាករអាមេរិក ផ្លាយ ម៉ាយវេដ័រ ត្រូវបានចៅក្រមប្រដាល់ទាំងបីនាក់ ឲ្យពិន្ទុឈ្នះលើ កីឡាករហ្វីលីពីន (១១៨-១១០ ១១៦-១១២ ១១៦-១១២)។ ប៉ុន្តែការប្រកួត ដែលត្រូវបានគេមើលឃើញថា កីឡាករ ផាគីអៅ បានដេញវាយកីឡាករ ម៉ាយវេដ័រ ជាច្រើនដងនោះ មិនសមស្រប ជាមួយនឹងលទ្ធផលនេះឡើយ និងបានបង្ក ឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រកីឡាករ ផាគីអៅ ជាពិសេសអ្នកគាំទ្រនៅអាស៊ី រាប់ទាំងលោក ហ៊ុន សែន មួយរូបផង៕