មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

«យើងត្រូវចែកគ្នាឲ្យដាច់ រវាងវប្បធម៌សន្ទនា និងការិះគន់ក្នុងន័យស្ថាបនា។ (...) វប្បធម៌សន្ទនា ជាការធ្វើឡើង ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និងបញ្ហាសង្គម។» នេះបើតាមការអះអាង របស់លោក មាជ សុវណ្ណរ៉ា ស្ថាបនិកវិទ្យុខ្មែរបុស្តិ៍ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 06, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្រ្តីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន គប្បីត្រូវធ្វើការបែងចែក ឲ្យដាច់ពីគ្នា រវាងវប្បធម៌សន្ទនា និងការ​រិះគន់ ដើម្បីប្រយោជន៍ជាតិ និងសង្គម។ នេះជាការថ្លែងអះអាង របស់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ខេត្តបន្ទាយមានជ័យ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្ដ៍។ លោកបានថ្លែងឡើងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដូច​ជា​លោកនាយករដ្ឋមន្រ្តីជាដើម អ្វីដែលលោកលើកឡើង សុទ្ធតែត្រឹម«ត្រូវ» តែមើលមកគេ អ្វីដែលបានលើកឡើង សុទ្ធតែ​«ខុស»​ទាំងអស់។

ប្រតិកម្មខាងលើនេះ ក្រោយពីការលើក ឡើងរបស់លោកនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត ពី«វប្បធម៌សន្ទនា» និងបញ្ហា «ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ការឆ្លើយតបរបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ស្នើឲ្យដៃគូសន្ទនាទាំងអស់ គោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី បានស្នើ​ឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន គ្រប់មូលដ្ឋាន តាមដានការលើកឡើងនានា របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រសិន​បើ​មានការចោទប្រកាន់ ទាក់ទងរូបលោក ឬថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក មាជ សុវណ្ណារ៉ា រូបនេះ បានចាត់ទុកថា ការថ្លែងរបស់លោក ហ៊ុន សែន នេះជាចេតនា នៃការប្រើប្រាស់អំណាច ដែលមិនមានតុល្យភាពគ្នា រវាងគណបក្សនយោបាយ។ សកម្មជន​គណបក្ស​ប្រឆាំង បានថ្លែងឡើងថា៖ «វប្បធម៌សន្ទនា គ្មានភាពស្មោះត្រង់នឹងគ្នា កេងតែប្រយោជន៍គ្នា»។

លោក សុវណ្ណារ៉ា ដែលទើបនឹងរួចពីពន្ធនាគារ បានបង្ហើបថា ព្រឹកថ្ងៃទី៥ ខែឧសភានេះ លោកនាយករដ្ឋមន្រ្តី ក៏នៅតែបន្ត​ធ្វើការចោទប្រកាន់ និងចង់រំលាយនូវវប្បធម៌សន្ទនា ដោយឯកឯងជាដដែល។ លោកបញ្ជាក់ដូច្នេះថា៖ «កាលណាចែក​គ្នា​មិនដាច់ យើងនិយាយអ្វីមិនបានទេ គាត់និយាយបាន។ ថ្នាក់ដឹកនាំសង្គ្រោះជាតិនិយាយអ្វី ចេះតែខុស បើគាត់និយាយ ចេះ​តែ​ត្រូវ។ (...) អ្វីៗ ស្រេចតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយ។ (...) ចង់បញ្ចប់ (វប្បធម៌សន្ទនា) ក៏គាត់ (នាយក​រដ្ឋមន្រ្តី) ចង់បន្តក៏គាត់។»

លោកបានពន្យល់ថា ក្នុងផ្នែកនយោបាយកិច្ចការទាំងឡាយ ដែលត្រូវបន្តរិះគន់ក្នុងន័យស្ថាបនា មិនអាចនណាម្នាក់ មក​ធ្វើការហាមឃាត់បានឡើយ។ លោកថា នេះជាគោលនយោបាយ ក្នុងការស្វែងរកភាពឈ្នះចាញ់ ជាមួយគូប្រជែង ផ្នែក​នយោបាយ​ប៉ណ្ណោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អញ្ចឹងនាយករដ្ឋមន្រ្តី មិនអាចឃាត់ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ មិនឲ្យរិះគន់ដើម្បីស្ថាបនាទេ។ ឯវប្បធម៌សន្ទនា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ជាវប្បធម៌សន្ទនា នៅ​ពេល​នយោបាយជាប់គាំង ក្នុងការដោះស្រាយដោយគ្មានហិង្សា និងដោយសន្តិវិធី។ (...) វប្បធម៌សន្ទនា ជាការដោះ​បញ្ហា​នយោបាយ ដើម្បីជៀសឆ្ងាយ ពីការគម្រាមកំហែង និងការចាប់ដាក់គុក តាមរយៈការប្រើអំណាចតុលាការជាដើម។»

ក្នុងនាមថ្នាក់ដឹកនាំទាំងឡាយ គួរណាស់ធ្វើការរួមគ្នា មិនត្រូវចង់បានការឈ្នះចាញ់ ដែលនាំឲ្យប្រទេសជាតិ ឈានទៅ​រក​ភាពអន្តរាយ។ លោកបន្តថា លោកនាយករដ្ឋមន្រ្តី ក្នុងនាមអ្នកនយោបាយចាស់ទុំ ត្រូវគិត និងធ្វើ ដើម្បីបង្ហាញភាពជាក់​ស្តែង នៃទង្វើទាំងអស់នោះ បានទៅដល់ប្រជាពលរដ្ឋទាំងអស់បានឃើញ ជៀសជាងលើកតែបញ្ហា មកធ្វើជារបាំងមុខ ហើយ​ក្នុងភាពជាអ្នកដឹកនាំ គួរណាស់ប្រើប្រាស់ខាង«បញ្ញា» ក្នុងការដោះស្រាយទំនាស់ និងស្ថាបនា នោះទើបជាកិច្ចផ្តល់ នូវសុភមង្គលដល់សង្គម និងប្រជាពលរដ្ឋ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...