សាលា​ឧទ្ទរណ៍​បន្ត​ឃុំ​ខ្លួន ហុង សុខហួរ ទោះ​តម្កល់ ២០លាន​រៀល

មេធាវីការពារក្ដី បានអះអាងថា អាចនឹងមានបណ្តឹងសារទុក្ខ (ប្តឹងទៅតុលាការកំពូល) ខណៈ​សាលា​ឧទ្ទរណ៍​បាន​បដិសេធ មិន​ឲ្យ​លោក ហុង សុខហួរ នៅក្រៅឃុំជាបណ្ណោះអាសន្ន ជាមួយនឹងការត្រៀមតំកល់លុយ ចំនួន​២០លាន​រៀល​នោះឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 07, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលាឧទ្ទរណ៍នៃប្រទេសកម្ពុជា មិនបានសម្រេច​ឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពី​គណបក្ស សម រង្ស៊ី ចេញមកនៅក្រៅឃុំឡើយ បើទោះជាខាងការពារក្ដី បានត្រៀមតម្កល់ប្រាក់ ចំនួន២០លានរៀល នោះ​ក៏ដោយ។ ខាងមេធាវីការពារក្ដី ឲ្យលោក សុខហួរ បានបង្ហើបថា នឹងអាចមានបណ្ដឹងសារទុក្ខ ឡើងទៅ​តុលាការ​កំពូលទៀត បើសិនណាជាលោក សុខហួរ យល់ព្រម។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងបរិវេណសាលាឧទ្ទរណ៍ លោកមេធាវី ជួង ជូងី បានលើកឡើងថា លោក​នឹងធ្វើតាមនីតិវិធីច្បាប់ ជាបន្តទៅកាន់តុលាការកំពូល តាមរយៈការយល់ព្រម របស់លោក ហុង សុខហួរ ដែល​ជាកូនក្តីរបស់លោក។ លោកមេធាវី បានថ្លែងឲ្យដឹងថា៖ «នីតិវិធីយើង មានសិទ្ធិប្តឹងសារទុក្ខ ទៅ​តុលាការ​កំពូល។ យើងមិនទាន់ដឹងថា លោក ហុង សុខហួរ គាត់ប្រើសិទ្ធិនេះឬទេ?។ បើលោក ហុង សុខហួរ ប្រើសិទ្ធិ ខ្ញុំនិងរៀបចំបែបបទ ប្តឹងសាទុក្ខជូនគាត់។»

ការបើកសនាការ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្នុងសាលាឧទ្ទរណ៍ ពុំមានវត្តមានរបស់លោក ហុង សុខហួរ ទេ ហើយលោកមេធាវី ជួង ជូងី ក៏មិនបានបញ្ជាក់ ពីមូលហេតុនៃអវត្តមាននោះដែរ។

ពាក់ព័ន្ធនឹងការសម្រេច របស់សាលាឧទ្ទរណ៍នៅពេលនេះ មានសំនួរលើកឡើងថា តើការសម្រេចនេះ ឈរ​លើគោលការណ៍យុត្តិធម៌ តម្លាភាព ឯករាជ្យ ឬមានកិច្ចកលនយោបាយដែរឬទេ? ប៉ុន្តែលោកមេធាវី មិន​បាន​ធ្វើការឆ្លើយតបឡើយ តែលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «សូមឲ្យមហាជនតាមដាន និងធ្វើការ​ពិចារណា!»។

សូមទស្សនា និងស្តាប់កិច្ចសម្ភាសដូចខាងក្រោម៖



តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក ហូ វ៉ាន់ ដែលបានចូលរួមតាមដាននីតិវិធី នៃការសម្រេច​របស់​សាលាឧទ្ទរណ៍ បានលើកឡើងថា លោក ហុង សុសហួរ នៅមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយ។ លោកបន្តថា លោក ហុង សុខហួរ សមនឹងទទួលបានការសម្រេច ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន។ លោក​បានពន្យល់ថា ព្រោះលោក ហុង សុខហួរ មានទាំងគ្រួសារ មានទាំងមុខរបរ មានទាំងការងារ មានទាំង​ទីលំនៅ​នៅ​ទីនេះ រហូតមានដល់ប្រាក់ធានាថែមទៀត ដែលបានបំពេញ តាមលក្ខណៈច្បាប់​គ្រប់​គ្រាន់ សម្រាប់​ការនៅក្រៅឃុំនេះ។ លោក ហូ វ៉ាន់ បានថ្លែងទៀតថា៖ «គាត់មិនរត់ទៅណាទេ តាម​ខ្ញុំ​យល់។ តុលាការ​អាចហៅពេលណាក៏បាន។ (...) បើទោះគ្មានការច្រានចោល ការចោទប្រកាន់ទាំងអស់ យ៉ាង​ហោច​ណាស់ ឲ្យ​គាត់​នៅក្រៅឃុំ (ជាបណ្តោះអាសន្ន)។»

លោក ហូ វ៉ាន់ ដែលជាប្រធានគណៈកម្មការអង្កេតបោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាផង​នេះ បានបន្តថា៖ «ខ្ញុំមិនអស់សង្ឃឹមទេ ទៅតុលាការកំពូល អាចនឹងសម្រេចឲ្យគាត់ នៅក្រៅឃុំ។ (...) ស្នើ​ឲ្យ​មានការពិនិត្យរាល់ឯកសារ និងសាក្សី ដែលមេធាវីបានដោះបន្ទុកនេះ ធ្វើយ៉ាងណា ឲ្យមាន​ការ​ច្រាន​ចោល លើការចោទប្រកាន់ឯកឧត្តម ហុង សុខហួរ បានទាំងស្រុង ព្រោះតែគាត់គ្មានកំហុស។»

សូមទស្សនា និងស្តាប់កិច្ចសម្ភាសដូចខាងក្រោម៖


អ្នកស្រី គុណ លំអង ដែលត្រូវជាភរិយាលោក ហុង សុខហួរ មិនបាននិយាយអ្វីច្រើន ប្រាប់អ្នកសារព័ត៌មាន​ឡើយ ពាក់ពា័ន្ធនឹងការសម្រេច របស់សាលាឧទ្ធណ៍នេះ។ អ្នកស្រីគ្រាន់តែថ្លែងយ៉ាងខ្លី ប្រាប់អ្នកសារព័ត៌មាន ដែលទំនងជាចង់សំដៅ លើបុគ្គលនៃចៅក្រមមួយចំនួន របស់តុលាការកម្ពុជាថា៖ «នឹងមានអ្នកល្អ និង​អ្នក​អាក្រក់»។

សូមទស្សនា និងស្តាប់កិច្ចសម្ភាសដូចខាងក្រោម៖


ដោយឡែកលោកចៅក្រម ប្លង់ សំណាង ដែលជាអ្នកសម្រេច និងបដិសេធ ការស្នើសុំនៅក្រៅឃុំ ជាបណ្តោះ​អាសន្ន របស់មេធាវីការពារលោក ហុង សុខហួរ នោះមិនអាចភ្ជាប់ទំនាក់ទំនង ដើម្បីសុំការបញ្ជាក់ ពីការ​សម្រេច ឬមិនសម្រេច ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះបានទេ។

សូមបញ្ជាក់ថា អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់​ចំនួន​បីករណី។ ទីមួយការក្លែងឯកសារសាធារណៈ, ទីពីរ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ, និងទីបី ញុះ​ញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បទចោទប្រកាន់ទាំងបីនេះ ទាក់ទងនឹងផែនទី និងសន្ធិសញ្ញា ព្រំដែន​កម្ពុជា​-វៀតណាម កាលពីឆ្នាំ១៩៧៩ រវាងប្រទេសជិតខាងទាំងពីរ។ លោកត្រូវបានសាលាដំបូង រាជធានី​ភ្នំពេញ សម្រេចធ្វើការឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ប៉ុន្មានថ្ងៃក្រោយពីការចាប់ខ្លួន។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ លោក ហុង សុខហួរ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា​ដំបូង​រាជធានី សម្រេចពន្យារពេលសវនាការ អង្គសេចក្តីនេះ ទៅពេលក្រោយទៀត ដោយមិនមិនបានកំណត់ ពេលវេលាច្បាស់លាស់ឡើយ។ នេះបើតាមលោកមេធាវី ជូង ជូងី។

សម្រាប់លោក សម រង្ស៊ី វិញ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ម្សិលម៉ិញនេះ បន្ទាប់ពីបានត្រឡប់ មកដល់​ប្រទេស​កម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកបានអះអាងថា នឹងប្រើប្រាស់នូវ«វប្បធម៌សន្ទនា» ដើម្បី​ឈាន​ទៅដល់ការដោះលែង សកម្មជនទាំង១៤រូប រួមទាំងលោក ហុង សុខហួរ នោះផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...