មិន​ដល់​មួយ​ខែ ខ្មែរ​-យួននិយាយ​រឿង​ព្រំដែន​បីដង!

នៅជារៀងរាល់ជំនួប រវាងមន្ត្រីជាន់ខ្ពស់កម្ពុជា-វៀតណាម គេតែងឃើញកិច្ចពិភាក្សាដដែលៗ ត្រូវបានយក​មក​ពិភាក្សា ដូចជា​រក្សា​​ភាព​​ជាមិត្ត​ជិត​ខាង​ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជួយថែរក្សា​​ឧបត្ថម្ភ​ជនជាតិ​​យួន ដែល​​រស់នៅ​​កម្ពុជា​។ល។ តែ​រឿង​ដែល​គេ​​ចាប់​អារម្មណ៍​បំផុតនោះ គឺបញ្ហា​ព្រំដែន ដែលត្រូវមន្ត្រី​ខ្មែរ-យួន លើក​យក​មក​ជជែក​គ្នា បីដង​​ផ្ទួនៗ​គ្នា នៅក្នុង​រយៈពេល​ មិនដល់​មួយ​ខែ​មកនេះ។
មិន​ដល់​មួយ​ខែ ខ្មែរ​-យួននិយាយ​រឿង​ព្រំដែន​បីដង!
ផ្លាកបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 17, 2016
  • ប្រធានបទ: ព្រំដែនវៀតណាម-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះ គេនៅមិនទាន់រាប់ ពីពេលមុនៗ កន្លងមកផងទេ។ ជំនួបជួបគ្នា និយាយ​ពិភាក្សាតែពីរឿងដដែលៗ ធ្វើឲ្យ​គេឆ្ងល់ថា តើមន្ត្រីជាន់ខ្ពស់​មកពីប្រទេសទាំងពីរ គ្មានគម្រោងអ្វីថ្មីទេឬ? ឬមួយភាគីម្ខាង ចាំបាច់​ត្រូវ​មក​ធ្វើការ​ក្រើន​រំលឹក ដាស់តឿនភាគីម្ខាងទៀត ពីរាល់តែសំនុំរឿង ដែលបានជជែកគ្នារួចហើយនោះ?

ជាពិសេសបញ្ហាព្រំដែន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រកាសមិនដាច់ពីមាត់ ថាមាន​កិច្ច​ព្រម​ព្រៀង​រវាងប្រទេសទាំងពីរ ធ្វើឲ្យចំណេញដីដល់កម្ពុជា រហូតដល់ធ្វើកិច្ចព្រមព្រៀងបំពេញបន្ថែម។ល។ ត្រូវបានយក​មក​ជជែក​ហើយ​ជជែក​ទៀត អស់ពីថ្នាក់រដ្ឋមន្ត្រី ឥឡូវបន្តមកដល់ថ្នាក់ប្រធានរដ្ឋ (ស្មើ​ប្រធានា​ធិបតី ឬ​ព្រះ​មហា​ក្សត្រ)។ ប្រសិនជាករណីនេះ ជាបញ្ហាបច្ចេកទេស ក៏គេគួរទុកឲ្យមន្ត្រីថ្នាក់ក្រោម នៅក្នុង​គណៈ​កម្មការ​ចម្រុះ​​ខណ្ឌ​សីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ជាអ្នកសម្រេច និងជា​អ្នក​ជជែក​ពិភាក្សា​គ្នា មុន​នឹង​ករណី​នេះ​ជួបនឹងបញ្ហារាំងស្ទះ។

តែមិនដូច្នេះទេ ព្រោះគ្រាន់តែនៅក្នុងរយៈពេល​មិនដល់មួយខែផង មន្ត្រីជាន់ខ្ពស់ កម្ពុជា-វៀតណាម បាន​ជជែក​គ្នា​ពីព្រំដែន និងការ​បោះ​បង្គោល​ព្រំដែន ដល់ទៅបីដង។ ពីរដងដំបូង ត្រូវបានធ្វើឡើងផ្ទួនៗ នៅ​ក្នុង​​រយៈ​ពេល មិន​​ទាំង​​ដល់​​កន្លះ​ខែ​ស្រួល​បួល​ផង។

ក្នុងដំណើរទស្សនកិច្ច កាលពីថ្ងែទី១ ខែមិថុនា ជាលើកទីមួយនៅកម្ពុជា បន្ទាប់ពីបានឡើង​មកកាន់​តំណែង​ ជា​រដ្ឋមន្ត្រី​ការពារ​ជាតិវៀតណាម លោក ង៉ូ ស៊ុនលិច (Ngo Xuan Lich) បានលើកករណី​ព្រំដែន និង​​ការ​​បោះ​​បង្គោល​​ព្រំដែន ជាមួយនឹងឥស្សរជនខ្មែរយ៉ាងហោចពីរនាក់ គឺប្រធានរដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ការពារ​​ជាតិ​កម្ពុជា លោក ទៀ បាញ់។ នៅពេលនោះ ភាគីទាំងសងខាង សុទ្ធតែបានប្តេជ្ញា ពង្រឹង​សន្តិភាព​តាម​ព្រំដែន រវាង​ប្រទេស​ទាំងពីរ និងប្ដេជ្ញាធ្វើឲ្យ​ជឿន​លឿន​ទៅ​មុខ ក្នុងកិច្ចការបោះបង្គោលព្រំដែនគោក ដែល​មាន​​​ប្រវែង​​១២៧០គីឡូម៉ែត្រ។ ភាគីទាំង​សង​ខាង ថែមទាំងបានអះអាង ជំរុញឲ្យមានការយកចិត្តទុកដាក់ ថែ​រក្សា​​សន្តិសុខ សុវត្ថិភាពតាមព្រំដែន ដើម្បី​«ពង្រឹង​ពង្រីក» ចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការជា​ប្រពៃណី រវាង​​ប្រទេស​ទាំងពីរ លើគ្រប់វិស័យ ជា​ពិសេស​វិស័យការពារជាតិ ឲ្យកាន់​តែល្អប្រសើរថែមទៀត។

» អានអត្ថបទនេះឡើងវិញ៖ មិន​ដល់​កន្លះ​ខែ មន្ត្រី​ខ្មែរ-​យួន និយាយ​រឿង​ព្រំដែន​ពីរ​ដង!

នៅមុនទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិវៀតណាម ចំនួន១២ថ្ងៃមុន គឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោក ទៀ បាញ់ និងមន្ត្រីអនុព័ន្ធយោធាវៀតណាម លោក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) បានលើក​ពីរឿង​ព្រំដែន​នេះ មកថ្លែងជាសាធារណៈរួចហើយ និងថែមទាំងបានបរិហាស្រដៀងគ្នា នៅពេលនោះទៀតថា បញ្ហា​ក្នុង​ពេល​កន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន គឺ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាអ្នកបង្កើតឡើង។

» អានអត្ថបទនេះឡើងវិញ៖ ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព

ដោយឡែក នៅក្នុងដំណើរទស្សនកិច្ច​ របស់​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រាន់ ដាយក្វាង (TRAN DAI QUANG) នៅក្នុងប្រទេសកម្ពុជា ដែលទើបបញ្ចប់ទៅ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦​ម្សិល​ម៉ិញ ក៏​បញ្ហា​ព្រំដែននេះ ត្រូវបានមេដឹកនាំជាន់ខ្ពស់ មកពីប្រទេសទាំងពីរ យកមកជជែកពិភាក្សា និង​ចេញ​សេចក្ដី​​ថ្លែងការណ៍​រួមគ្នានោះដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ភាគីទាំងសងខាង សន្យាបន្ត​«ពង្រឹង​និង​ពង្រីក» ទំនាក់ទំនងទ្វេរភាគី ឲ្យមាន «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង» ហើយបានប្ដេជ្ញាចិត្ត​«ជាថ្មី»ទៀតថា នឹងស្វែងរកដំណោះស្រាយ បញ្ហាមួយ​ចំនួន នៅ​តាម​​បន្ទាត់​ព្រំដែន​​ដែលនៅសេសសល់ ដោយថា ដើម្បីពន្លឿនឲ្យមានការបោះបង្គោលព្រំដែន​«ឲ្យឆាប់​ចប់»។

អ្នកតាមដានបញ្ហាព្រំដែន និងជាអតីតមន្ត្រីច្បាប់កម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ កាល​ពីដើម​ខែមិថុនានេះថា ការលើកឡើងរឿងព្រំដែន ច្រំដែលៗ នៅរៀងរាល់ជំនួប របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំងពីរ បានបង្ហាញនូវទិដ្ឋភាពពីរ។ ទីមួយ អាចនិយាយថាយួនមិនទុកចិត្តខ្មែរ ព្រោះ​ខ្លាច​មាន​ការ​ផ្លាស់ប្ដូរ​​រដ្ឋាភិបាល​​កម្ពុជា​លើក​ក្រោយ អាចមានភាព​ស្មុគ្រស្មាញ និងម្យ៉ាង ខ្លាចរដ្ឋាភិបាល​​គណបក្ស​​​ប្រជាជន​កម្ពុជា យកបញ្ហាព្រំដែន​ដែលនៅសេសសល់ ដើម្បីទាក់ទាញសម្លេងឆ្នោត ហើយ​បែរ​ជា​លេង​​​«បួនសន្លឹក» ដាក់រដ្ឋាភិបាលក្រុងហាណូយ។ ទីពីរ រដ្ឋាភិបាលយួនរួមជាមួយរដ្ឋាភិបាលខ្មែរ ទំនង​​ជា​ចង់​បង្ហាញ​ប្រាប់ពលរដ្ឋខ្មែរ ជាពិសេសប្រាប់ទៅក្រុមប្រឆាំង នៅកម្ពុជាថា បញ្ហាព្រំដែននៅភាគខាង​កើត វា​ត្រូវ​តែ​អញ្ចឹង។ វាជា«កងចក្រ ដែល​កំពុង​វិល​ទៅមុខ» ដូច្នេះគ្មានអ្វីមួយ អាចមករារាំង​បានឡើយ។

ប៉ុន្តែ បញ្ហានេះ​វាមិនត្រឹមតែ«ចង់បង្ហាញ» រួចចប់នោះទេ។ លោក ព្រហ្ម គិត បានថ្លែងឡើងទៀតថា ផ្ទុយ​​ទៅ​វិញ វាបានបង្ហាញពីភាពមន្ទិល ទៅលើកិច្ចព្រមព្រៀង ដែលវៀតណាមនិងកម្ពុជាបានធ្វើកន្លងមក ថាវា​ពោរពេញ​​ដោយ​ភាពមិនច្បាស់លាស់ ទើបមន្ត្រីទាំងនេះរួមគ្នា​ជជែកហើយជជែកទៀត មិនឈប់មិនឈរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...