ហុង សុខហួរ ត្រូវបានលើកលែងទោស ក្រោយសុំទោស ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ តុលា ២០១៧
- កែប្រែចុងក្រោយ: October 25, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោស៧ឆ្នាំ ផ្ដន្ទាទោសដោយតុលាការរាជធានី ដាក់ទៅលើលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី (បច្ចុប្បន្នជាគណបក្សភ្លើងទៀន) ត្រូវអនុវត្តន៍បានជាង២ឆ្នាំ មុននឹងមន្ត្រីគណបក្សប្រឆាំងរូបនេះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស នៅថ្ងៃនេះ ទៅតាមការស្នើរសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នេះ បើតាមព្រះរាជក្រឹត្យ ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ដែលទើបធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។ ព្រះរាជក្រឹត្យបានសរសេរត្រាស់បង្គាប់ លើកលែងទោស«ឲ្យទណ្ឌិត ហុង សុខហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។
ព្រះរាជក្រិត្យនេះ ត្រូវបានធ្វើឡើង នៅប៉ុន្មានថ្ងៃក្រោយលិខិតសុំទោសលោក ហ៊ុន សែន មួយច្បាប់ ដែលត្រូវបានលោក ហុង សុងហួរ ចុះហត្ថលេខាពីក្នុងពន្ធនាគារ ដោយបង្ហាញពីការសោកស្ដាយរបស់លោក ក្នុងការ«ប្រព្រឹត្តិមិនត្រឹមត្រូវ» ទៅនឹងនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបោះបង្គោលព្រំដែន ដូចជា«យកឯកសារមិនត្រឹមត្រូវ មកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឲ្យមានការភាន់ច្រឡំ» ក្នុងមតិសាធារណៈ។
លោក សុខហួរ បានសរសេរថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងប្រុងប្រយ័ត្ន មិនឲ្យមានបញ្ហាបែបនេះ កើតឡើងទៀតឡើយ។ (...) ខ្ញុំសូមសម្តេចតេជោ មេត្តាពិចារណា ដោយក្តីយោគយល់ ដើម្បីស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទាន លើកលែងទោសដល់រូបខ្ញុំ ឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារ និងបានចេញ ទៅព្យាបាលជំងឺប្រចាំកាយ នៅប្រទេសបារាំង ដោយក្តីអនុគ្រោះ។»។
លោក ហុង សុខហួរ ត្រូវបានកងកម្លាំងអាជ្ញាធរឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ ទាក់ទងនឹងការបង្ហោះឯកសារ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានតុលាការរាជធានី សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ៧ឆ្នាំ ពីបទចោទចំនួន៣ រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការប្ដឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមនេះ មិនទទួលបានលទ្ធផល ពីតុលាការជាន់ខ្ពស់ នៅក្នុងប្រទេសកម្ពុជាទេ៕