ក្រោយការសាកសួររបស់តុលាការ មេដឹកនាំបក្សប្រឆាំងថានឹងបន្តការពារពលរដ្ឋខ្មែរ
«ខ្ញុំ នឹងនៅតែបន្ត ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ» នេះជាការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង ទៅកាន់អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីការស្រាយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ។
ក្រុមអ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំង នៅមុខសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - នៅខណៈដែលលោក លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សនោះ បានចេញពីក្លោងទ្វារសាលាដំបូងរាជធានី មេដឹកនាំគណបក្សទាំងទាំងពីររូបនេះ បានថ្លែងទៅកាន់ អ្នកគាំទ្រដ៏ច្រើនលើលលប់របស់ខ្លួន នៅទីនោះដោយខ្លីថា «ខ្ញុំនឹងនៅតែបន្ត ស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋខ្មែរ»។ បន្ទាប់ពីថ្លែងសារដ៏ខ្លីនេះហើយ លោកសម រង្ស៊ី និងលោក កឹម សុខា បានបន្តដំណើររបស់ខ្លួន ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅចាក់អង្រែ។ តែលោកមិនបានបញ្ជាក់អ្វីច្រើនឡើយ ពីការសម្រេចរបស់តុលាការ ថាយ៉ាងម៉េចនោះទេ។
ការថ្លែងរបស់លោក បានធ្វើឡើងក្រោមសម្លេងអបអរ យ៉ាងក្លៀវក្លា ពីសំណាក់ប្រជាពលរដ្ឋមិនតិចជាងប្រាំមួយពាន់នាក់ទេ ដែលឈរនៅទីនោះ ដើម្បីរងចាំការប្រកាសលទ្ធផល ដោយពួកគាត់រំពឹងទុកថាតុលាការនឹងផ្តល់យុត្តិធម៌ជូនមេដឹកនាំប្រឆាំងទាំងនេះ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីវត្តមានរបស់លោកសម រង្ស៊ី ចាប់ពីម៉ោងជាង ៩ព្រឹក ចរាចរណ៍នៅមុខសាលាដំបូងរាជធានី ត្រូវបានបិទទាំងស្រុង ដោយសារតែចំនួនមនុស្សច្រើនកកកុញ បានប្រមូលផ្ដុំគ្នាកាន់តែច្រើនឡើងៗ នៅលើផ្លូវចាប់ពីរង្វង់មូលនាងគង្ហីង ដល់អាងទឹកស្តាតអូឡាំពិក។
បើទោះបីជាស្ថិតនៅក្រោមកំដៅថ្ងៃក្តៅយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកតវ៉ាទាំងនោះ នៅតែរក្សានូវទឹកមុខញញឹម និងសម្រែក ចង់បានទាមទារនូវយុត្តិធម៌ ដល់មេគណបក្សប្រឆាំងទាំងពីរ និងសំរាប់ជនរងគ្រោះទូទៅ។ លើសពីនេះទៅទៀត ក្រុមប្រជាពលរដ្ឋទាំងនោះ បានសម្ដែងសេចក្ដីសង្ឃឹមថា ចាប់ពីថ្ងៃនេះតទៅ តុលាការ នឹងឯករាជ្យ នឹងអាចរកយុត្តិធម៌ជូនជនរួមជាតិទាំងអស់ ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ពីខាងក្រុមណាមួយឡើយ។
សូមបញ្ជាក់លោក សម រង្ស៊ី លោកកឹម សុខា និងលោករ៉ុង ឈុន ត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅអោយទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៤ ខែមករា ពីបទញុះញង់អោយមានអំពើហិង្សា ក្នុងអំឡុងពេលកម្មករធ្វើបាតុកម្ម-កូដកម្មនាពេលថ្មីៗនេះ។ដែលកោះហៅនេះធ្វើឡើង បន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សា រវាងកងកម្លាំងសមត្ថកិច្ចរាប់រយនាក់ និងក្រុមកម្មករ ដែលតវ៉ាទាមប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងនៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ជាច្រើននាក់ផ្សេងទៀតរងរបួស និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។
-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤