អ្នកតវ៉ា៥៥រូប របស់បក្សសង្គ្រោះជាតិ នឹងត្រូវ«ដក»ពីសមាជិកបក្ស?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ មីនា ២០១៥
- កែប្រែចុងក្រោយ: March 05, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីសម្រេចចិត្តមួយ នឹងត្រូវចេញដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលនឹងឡើងទៅកាន់ ខេត្តសៀមរាប ក្នុងថ្ងៃទី៥ ខែមីនានេះ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង ដែលក្រុមការងារបក្សសង្គ្រោះជាតិខេត្តសៀមរាប ទាមទារឲ្យប្តូរតំណែងលោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តនេះ។ នេះបើតាមការបញ្ជាក់របស់លោក សុខ គឹមសេង សមាជិកក្រុមប្រឹក្សាគណបក្ស ខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ។
សមាជិកក្រុមប្រឹក្សាគណបក្ស ប្រចាំខេត្តសៀមរាបរូបនេះ មិនបានធ្វើអត្ថាធិបាយអ្វីលំអិត នូវកិច្ចស្វែងរកដំណោះស្រាយ នៃជម្លោះផ្ទៃក្នុងគណបក្សនោះឡើយ ព្រោះវាជាការងារ របស់ក្រុមប្រឹក្សាគណបក្សថ្នាក់ជាតិ។ លោកគ្រាន់តែបង្ហាញថា សមាជិកបក្សទាំងអស់ នឹងរង់ចាំដំណោះស្រាយមួយ ពីប្រធានគណបក្សក្នុងថ្ងៃនេះ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងគណបក្សប៉ុណ្ណោះ។
មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមការងារចំនួន៥៥នាក់ ដែលបានឡើងមកតវ៉ា ដល់ស្នាក់ការធំ នៅរាជធានីភ្នំពេញនោះ ត្រូវបានសម្រេចធ្វើការលប់ឈ្មោះ ចេញពីបញ្ជីបំរុង នៃសមាជិកគណបក្សហើយ ព្រោះតែពួកគេ មិនបានគោរពតាមបទបញ្ជាផ្ទៃក្នុង និងលក្ខខន្តិកៈរបស់គណបក្ស។
មន្រ្តីរូបនេះ បានធ្វើការពន្យល់ដូច្នេះថា៖ «អ្នកទាំងនោះ មិនបានធ្វើតាមយន្តការផ្ទៃក្នុង របស់បក្សជាមុន។ ត្រូវមានបណ្តឹង មកទីស្នាក់ការបក្សប្រចាំខេត្ត បន្ទាប់មកចូលតាមអចិន្ត្រៃយ៍បក្ស។ ក្រោយអចិន្ត្រៃយ៍បក្ស ទទួលបានបណ្តឹងហើយ ត្រូវធ្វើការអញ្ជើញសាម៉ីខ្លួន មកធ្វើការសាកសួរបញ្ជាក់ និងដោះស្រាយ។»
លោកបានបញ្ជាក់ថា អ្នកឬទាំង៥៥រូបនោះ មិនមានតួនាទីអ្វីនៅក្នុងបក្សឡើយ គ្រាន់តែជាសមាជិកបំរុងរបស់គណបក្សប៉ុណ្ណោះ មិនទាន់ទាំងបានបញ្ចូល ជាសមាជិកគណបក្សពេញសិទ្ធិនៅឡើយ គ្រាន់តែជាមន្រ្តីគាំទ្ររបស់គណបក្សប៉ុណ្ណោះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ នាព្រឹកនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែមន្រ្តីជាន់ខ្ពស់ដដែលនោះ បានបង្ហើបទៀតថា សេចក្ដីសម្រេចបញ្ឈប់ ក្រុមការងារទាំង៥៥រូបនោះ ពីសមាជិកបំរុងរបស់គណបក្ស ក្នុងកិច្ចប្រជុំគណកម្មការនាយក កាលពីរសៀលថ្ងៃទី៤ ខែមីនានេះ នៅទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ក្រោមវត្តមានប្រធាន និងអនុប្រធានបក្ស។
កាលពីថ្ងៃទី០១ និង០២ ខែមីនា ឆ្នាំ២០១៥កន្លងមក ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ប្រមាណ៥៥រូប បានប្រមូលផ្តុំគ្នា ដើម្បីតវ៉ាទាមទារ ឲ្យផ្លាស់ប្តូរលោកស្រី កែវ សុវណ្ណរតន៍ ឲ្យចេញពីប្រធានក្រុមការងារខេត្តសៀមរាប ក្នុងមូលហេតុបក្សពួកនិយម គ្មានយុត្តិធម៌ និងគ្មានតម្លាភាព។
លោក សេង រដ្ឋា អនុប្រធានក្រុមសម្របសម្រួល ស្រុកក្រឡាញ់ខេត្តសៀមរាប ក៏ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់បានដែរ នាព្រឹកនេះ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែលោកបានថ្លែង កាលពីថ្ងៃទី២ ខែមីនា មុខស្នាក់ការគណបក្សរាជធានីភ្នំពេញថា មូលហេតុចំបង នៃការចង់ផ្លាស់ប្តូរប្រធានក្រុមការងារនេះ ក៏ព្រោះតែ ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ តាមបែបអំណាចប្រមូលផ្តុំ។ លោកបន្តថា៖ «ប្រធានក្រុមការងារនេះ ហាក់ដូចជា មិនមានប្រជាធិបតេយ្យ នៅក្នុងបក្សទាល់តែសោះ។ (…) ដូចជាការចាត់តាំងក្រុមការងារ ដើម្បីធ្វើការនោះវិញ មើលទៅវាហាក់បីដូច ជាមានលក្ខណៈបក្សពួកនិយម គ្រួសារនិយម ដែលមិនមានប្រជាធិបតេយ្យទាល់តែសោះ។»
ទាក់ទងនឹងការទាមទារទម្លាក់លោកស្រី កេ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងាររបស់ខេត្តសៀមរាប ដោយសមាជិកក្រុមប្រមាណ៥៥នាក់នោះ ត្រូវបានលោកស្រីផ្ទាល់ អះអាងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២ ខែមីនា កន្លងមកនេះថា ការងាររបស់លោកស្រីមានច្រើន ចាំបាច់ត្រូវធ្វើការដោះស្រាយ និងត្រូវអនុវត្តភ្លាមៗ ក្នុងពេលមួយជាក់លាក់ ដោយមិនត្រូវការរង់ចាំ អ្នកដែលមិនទំនេរ មកធ្វើការជាមួយនោះឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានចាត់ទុកថា នេះជាការតវ៉ា ដែលស្តែងឡើង តាមលិទ្ធិប្រជាធិបតេ្យមួយ ដ៏ពិតប្រាកដ មិនថាក្នុងសង្គម ក្នុងប្រទេស និងក្នុងគណបក្សឡើយ។ តែយ៉ាងណាក៏ដោយ មុននឹងមានការតវ់ានេះឡើង ក៏ត្រូវធ្វើតាមច្បាប់ប្រទេស សង្គម ឬគណបក្សជាមុនដែរ។ លោកបានបញ្ជាក់ថា «ការតវ៉ាក្នុងសង្គមប្រជាធិបតេយ្យ វាបែបហ្នឹងឯង។ (...) ប្រជាធិបតេយ្យ កាលណាមានការខុសឆ្គង ការមិនពេញចិត្ត គេធ្វើការទាមទារ ធ្វើការតវ៉ា ឬជំទាស់ដោយសន្តិវិធី មិនម្តងម្កាលទេ អាចកើតឡើងជាញឹកញាប់ ឬសឹងគ្រប់ពេលវេលា។ (...) ថ្នាក់ដឹកនាំទាំងនោះ ក្នុងការដោះស្រាយបញ្ហាតវ៉ា ឬការទាមទារ ក៏ត្រូវមានភាពចាស់ទុំ ក្នុងការដោះស្រាយបញ្ហានោះ។ (...) តែក៏ត្រូវមើលថា ការតវ៉ានោះ គោរពបទដ្ឋានច្បាប់នានា របស់គណបក្សនោះដែរឬទេ។»៕