សហគមន៍​ខ្មែរ​នៅ​អ៊ឺរ៉ុប នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​អាគារ អ.ស.ប ក្នុង​ប្រទេស​ស្វីស

សមាជិកច្រើនរយនាក់ នៃសហគមន៍ខ្មែរ ដែលរស់នៅពាសពេញទ្វីបអ៊ឺរ៉ុប គ្រោងនឹងធ្វើ​បាតុកម្ម​មួយ នៅ​ថ្ងៃ​សៅរ៍​ទី ៤ ខែ​មិថុនា ឆ្នាំ២០១៦សប្ដាហ៍នេះ នាមុខ​អាគារ​អង្គការ​សហប្រជាជាតិ ស្ថិតក្នុងក្រុង ហ្សឺណែវ ប្រទេសស្វីស ដើម្បីស្នើរទៅប្រទេស​ហត្ថលេខី​ទាំងអស់ តាមរយៈអង្គការ​សហប្រជាជាតិ ឲ្យបង្កើនការឃ្លាំមើល ការគោរពកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ នៅក្នុងប្រទេសកម្ពុជា។
សហគមន៍​ខ្មែរ​នៅ​អ៊ឺរ៉ុប នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​អាគារ អ.ស.ប ក្នុង​ប្រទេស​ស្វីស
បាតុកម្មរបស់បណ្ដាជនរួមជាតិខ្មែរ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០១៥។ (រូបថតដារា)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣០ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 30, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ដោយសារតែស្ថានការណ៍នយោបាយ និងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាធ្លាក់ដុនដាបខ្លាំង ប្រជា​ពលរដ្ឋ​ខ្មែរ​នៅទ្វីបអុឺរុប គ្រោងធ្វើមហាបាតុកម្ម នៅថ្ងៃសៅរ៍ទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស» នេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអ្នករៀបចំបាតុកម្ម ដែល​នឹងប្រមូល​បណ្ដាជន​រួម​ជាតិ​ខ្មែរ មក​ពី​ប្រទេស​នានា​​ក្នុងទ្វីបអ៊ឺរ៉ុប ប្រមាណជាជាង២០០នាក់ ដើម្បីទាមទារទៅបណ្ដា​ប្រទេស​ហត្ថលេខី​ទាំង​អស់ ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

បាតុកម្មនេះ ក៏នឹងទាមទារ​ឲ្យមាន​ការគោរពសិទ្ធិមនុស្ស សិទ្ធសេរីភាពបញ្ចេញមតិ និងអនុវត្តឲ្យបាន​ពេញ​លេញ នូវ​លទ្ធិ​ប្រជាធិបតរយ្យ ព្រមទាំងទាមទារ ឲ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ នៃប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។

លោក ថៃ មករា តំណាងមួយរូប នៃអ្នករៀបចំបាតុកម្មខាងលើ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ក្រុម​លោកបានគ្រោងចំនួនមនុស្សចូលរួម ចំនួន២៥០នាក់ ដើម្បីធ្វើការជួបជុំគ្នា នៅមុខអាគារឧត្ដមស្នងការ ទទួល​បន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កណ្ដាលក្រុងហ្សឺណែវ ហើយលោកថា មកដល់ពេលនេះ លោក​ទទួល​បាន​ការសន្យាចូលរួម ប្រមាណជាជាង២០០នាក់ហើយ។

នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមបាតុករក៏នឹងត្រៀមញត្តិមួយ ដើម្បីដាក់ជូនទៅអគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ លោក បាន គី-មូន (Ban Ki-moon) ដែរ ប៉ុន្តែលោក ថៃ មករា បានពន្យល់ថា ដោយសារកាលបរិច្ឆេទ​របស់​បាតុកម្ម ធ្វើ​ឡើងក្នុងថ្ងៃសៅរ៍ ដែលជាថ្ងៃសម្រាកចុងសប្ដាហ៍នោះ ទើបតំណាងបាតុករនឹងយកញត្តិនោះ ត្រឡប់​មក​ដាក់​ជូន​អង្គការពិភពលោកនេះ នៅថ្ងៃចន្ទ ឬថ្ងៃអង្គារបន្ទាប់វិញ។

ព្រឹត្តិការណ៍ចុងក្រោយ រហូតមានការចាប់ចងមនុស្សជាច្រើននាក់ នៅក្នុងប្រទេសកម្ពុជា បានបង្កឲ្យមាន​ប្រតិកម្ម​​ជាបន្ទាប់បន្ទាប់ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ អង្គការការពារសិទ្ធិមនុស្ស​ក្នុងស្រុក ឈ្មោះ លីកាដូ (Licadho) បានបរិហារពីការចាប់ចងទាងនោះ ដោយបានហៅក្រុមអ្នកជាប់ឃុំ ថាជា​«អ្នក​ទោស​នយោបាយ»។ បើតាមអង្គការដដែលនេះ ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប្រទេសកម្ពុជា មានអ្នក​ទោស​នយោបាយ​២៩នាក់។

កាលពីសប្ដាហ៍មុន អង្គការមួយដែលមានទីតាំងនៅសហរដ្ឋអាមេរិក ឈ្មោះ «សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែល​ហៅ​ជា​ភាសាអង់គ្លេស Cambodia-America Alliance (CAA)» ក៏បានប្រកាសដែរថា ខ្លួននឹងរៀបចំ​បាតុកម្ម​មួយ​ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណជា ៣០០នាក់ នៅថ្ងៃសុក្រទី១០ ខែមិថុនាខាងមុខ នាមុខវិមាន​រដ្ឋសភា​អាមេរិក ដើម្បី​ទាមទារ​ឲ្យរដ្ឋសភា របស់ប្រទេសមហាអំណាច ធ្វើច្បាប់ដាក់ទណ្ឌកម្ម «ផ្នែកសេដ្ឋកិច្ច និង​ការទូត ទៅ​​លើ​​រដ្ឋាភិបាលលោក ហ៊ុន សែន រហូតទាល់តែមានការដោះលែង អ្នកទោសនយោបាយ សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស និង​សកម្មជនដ៏ទៃទៀត ឲ្យមានសេរីភាព។»

ប៉ុន្តែសម្រាប់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានយល់ថា រលក​ប្រតិកម្ម​របស់បណ្ដាជនរួមជាតិខ្មែរ នៅក្រៅស្រុក​«តែប៉ុន្មាននាក់»នេះ នឹងមិនមានជាទំងន់អ្វី មកលើ​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន នោះឡើយ។ លោក ផៃ ស៊ីផាន បានប្រតិកម្មតប​ទៅនឹងគម្រោងធ្វើ​បាតុកម្ម​ខាង​លើ ថាខ្មែរនៅក្រៅស្រុកប៉ុន្មាននាក់នោះ មិនបានយល់អ្វីសោះ ពីនយោបាយរបស់​រដ្ឋាភិបាល​កម្ពុជា។

សូមបញ្ជាក់ដែរថា បន្ថែមពីលើព្រឹត្តិការណ៍ចាប់ចង ដែលកើតមាន កាលពីពេលកន្លងមក នៅព្រឹកថ្ងៃទី៣០ ខែ​ឧសភា​នេះ  លោក​តំណាងរាស្ត្រ កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែល​ជា​​គណបក្ស​ប្រឆាំង​ធំជាង​គេនៅកម្ពុជា ត្រូវបានរដ្ឋសភា ដែលមានតំណាងរាស្ត្រចូលប្រជុំ មកតែពីគណបក្ស​ប្រជាជន​​កម្ពុជា​​នោះ សម្រេចឲ្យតុលាការ និងអាជ្ញាធរចាត់ការ តាមនីតិវិធី (ដែលអាចឈានទៅដល់​ការ​ឃាត់​ខ្លួន) នៅ​ក្នុង​សំនុំ​រឿង​អាស្រូវស្នេហាមួយ ដ៏ចម្រូងចម្រាស។ ក្រុមអ្នកតំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​​ការ​​សម្រេច​​នោះ ថាជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ទាក់ទងនឹងអភ័យឯកសិទ្ធិសភា ត្រង់មាត្រា៨០ ដែល​តម្រូវ​​ឲ្យ​​មាន​​សម្លេង​ពីរភាគបី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...