អង្គការចំនួន១៨៤ បន្តដាក់ញត្តិតាមស្ថានទូត ឲ្យដោះលែងជនទាំង២៣
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិទ្ធិមនុស្ស - ការដាក់ញតិរបស់តំណាងអង្គការសមាគមជាតិ និងអន្តរជាតិប្រមាណ១៨៤ នេះត្រូវបានបន្តរ ទៅស្ថានទូតមួយចំនួនទៀត នៅព្រឹកនេះ ដូចជាស្ថានទូតអាល្លឺម៉ង់ ស៊ុយអ៊ែត កូរ៉េខាងត្បូង អូស្រ្តាលី ថៃ ភូមា។ល។ ដែលមានគោលបំណងតែមួយគត់ដូចគ្នា គឺឲ្យស្ថានទូតទាំងនោះជួយអន្តរាគមន៍ ដើម្បីឲ្យមានដោះលែងលោក វន់ ពៅ និងអ្នកជាប់ឃុំឃាំងទាំង ២២ នាក់ផ្សេងទៀត ដែលកំពុងតែបន្តរឃុំខ្លួន នៅក្នុងគុកត្រពាំងថ្លុង ខេត្តកំពង់ចាម។
នាយិកាអង្គការស៊ីលីកា លោកស្រី ធីតា ឃឹស ដែលមានវត្តមានក្នុងការដាក់ញតិតាមស្ថានទូតនានាប្រចាំនៅកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការដោះលែងអ្នកទាំង២៣ នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២-៣ ខែមករា កន្លងមក។ លោកស្រី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុខស្ថានទូតកូរ៉េថា «យើងមើលឃើញភាពអយុត្តិធម៌។ ហើយការប្រើប្រាស់ហិង្សា មិនមែនដោះស្រាយទំនាស់ ឬដោះស្រាយបញ្ហាក្នុងប្រទេសយើងទេ។ ការមិនគោរពច្បាប់ ការប្រើប្រាស់ហិង្សាទៅលើកម្មករ ឯការចចរចារមិនបានសមស្រប ទៅតាមអ្វីដែលសមស្របជីវភាពរស់នៅរបស់កម្មករ ដែលជារឿងមួយធ្វើឲ្យកម្មករតវ៉ា។ (...) ហើយរដ្ឋាភិបាលត្រូវតែបង្កើតសមត្ថភាព ក្នុងការដោះស្រាយ ដោយអហឹង្សា។»
«ដោះលែងលោក វន ពៅ ៗ» ជាសម្រែកនៃអ្នកភូមិបឹងកក់ ក្នុងដំណើរឆ្ពោះទៅតាមបណ្តាស្ថានទូតនានា ជាមួយនិងផ្ទាំងបដាជាច្រើន ដែលមានដាក់រូបលោក វ៉ន ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធស័ក។ ក្រោយការដោះលែងកាលពីថ្ងៃទី២១ ខែមករា ព្រោះតែការដង្ហែដាក់ញតិនេះ អ្នកស្រី ទេព វណ្ណី បានថ្លែង និងផ្ញើសារទៅរដ្ឋាភិបាលថា «រដ្ឋាភិបាលលោកកំពុងតែទម្លាក់ខ្លួនឯង តាមរយៈការមិនគោរពសិទ្ធិមនុស្ស។ (...) មិនមានប្រជាជនណា ជាអ្នកទម្លាក់នោះទេ។ ការប្រើហិង្សា ចាប់ប្រជាពលរដ្ឋស្លូតត្រង់ ប្រព្រឹត្តិអំពើពុករលួយ និយមបក្សពួក ដែលនាំឲ្យប្រទេសមួយនេះខិតទៅរករបបផ្តាច់ការ។ ដូច្នេះហើយអ្នក ដែលចង់ទម្លាក់ខ្លួនឯង គឺនាយករដ្ឋមន្រ្តី ជាអ្នកទម្លាក់ខ្លួនឯងទេ។»
គួរបញ្ជាក់ថា ក្នុងញត្តិដែលបានចេញកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ បានធ្វើការផ្កោលទោស ចំពោះការប្រើកម្លាំងប្រដាប់អាវុធ និងកំណើនអំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋកម្ពុជា។ ក្នុងញត្តិនោះ មានសរសេរជាអាថ៌ថា «ភាពតឹងតែងបានកើនឡើងយ៉ាងលឿន នៅពេលដែលអាជ្ញាធរបានបង្ក្រាបយ៉ាងសាហាវ លើកម្មកររោងចក្រកាត់ដេរ ដែលកំពុងធ្វើបាតុកម្មទាមទារប្រាក់ខែអប្បបរមា ១៦០ ដុល្លារអាមេរិកក្នុងមួយខែ។ (…) កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៤ ជនស៊ីវិល៤នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងយោធា និងយ៉ាងហោចណាស់៣៩ នាក់រងរបួស រួមទាំងក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ និងស្ត្រីមានគភ៌ម្នាក់ផង និងជនស៊ីវិល១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លូននៅក្បែរ សួនឧស្សាហកម្មកាណាឌីយ៉ា នៅលើផ្លូវវេងស្រេងនៅទីក្រុងភ្នំពេញ។»
ញតិនោះ បានសរសេរបន្តរថា «ឧប្បទ្ទវហេតុ នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងសន្តិសុខ និងកម្មករដែលកំពុងធ្វើកូដកម្មនៅមុខរោងចក្រយ៉ាកជីន នៅលើបណ្តោយផ្លូវជាតិលេខបួន ទីដែលមនុស្សដប់នាក់ត្រូវបានចាប់ខ្លួនដោយអង្គភាពបញ្ជាការយោធាពិសេសលេខ ៩១១។ អ្នកដែលត្រូវបានឃាត់ខ្លួន រួមមាន លោក វ៉ន ពៅ អ្នកការពារសិទ្ធិមនុស្សនិងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធឯករាជ្យនិងប្រជាធិបតេយ្យ (IDEA), លោក ថេង សាវឿន មកពីសម្ព័ន្ធភាពសហគមន៍កសិករកម្ពុជា (CCFC) និង លោក ចាន់ ពុទ្ធិស័ក្ត ពីសហគមន៍បឹងកក់ ។ សរុបជនស៊ីវិលចំនួន ២៣នាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធ។ អ្នកដែលត្រូវបានឃុំខ្លួនមួយចំនួន ត្រូវបានរងការវាយដំយ៉ាងឃោរឃៅ និងដោយពុំទទួលបាននូវការព្យាបាលចាំបាច់អស់រយៈ ពេលជាច្រើនថ្ងៃ។»
ពាក់ព័ន្ធនិងការដាក់ញត្តិ ពីសំណាក់អង្គការសង្គមស៊ីវិលទាង១៨៤នេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់រកប្រតិកម្មតបតរពីសមណាក់មន្រ្តីរាជរដ្ឋាភិបាលបាននៅឡើយទេ។ តែតាមការបញ្ជាក់ ក្នុងទំព័រហ្វេសប៊ុកមួយ ដែលគេបានចាត់ទុកថា ជារបស់លោក ហ៊ុន សែន បានលើកឡើងថា រាល់ការញុះញុងឲ្យជេរប្រមាថប្រមុខរដ្ឋាភិបាល ប្រមាថរដ្ឋធម្មនុញ្ញជាតិ បាតុកម្ម កូដកម្មហិង្សាបង្ករចលាចលពេញប្រទេស បិទផ្លូវក្នុងទីក្រុងធ្វើអោយបាត់បង់សន្តិសុខសង្គម ញុះញុងកម្មករអោយបំផ្លាញរោងចក្រ និង បំផ្លាញទ្រព្យសម្បតិ ក្រុមហ៊ុន បង្ខំអោយកម្មករឈប់ចូលធ្វើការញុះញុងអោយមានអំពើហិង្សា និង ការរើសអើងជាតិសាសន៍ សុទ្ធិជាការផ្តើមគំនិតដោយគណបក្សប្រឆាំង។
ទំព័រហ្វេសប៊ុក ដែលមានអ្នកតាមដានជាង ១៦ម៉ឺននាក់នោះ បានបញ្ជាក់ចុងក្រោយថា «រដ្ឋាភិបាលនឹងទប់ស្កាត់មិនអោយមានសង្រ្គាមស៊ីវិលកើតមាននៅ ក្នុងប្រទេសជាដាច់ខាត។ បក្សប្រឆាំងមានសិទ្ឋិគ្រប់គ្រាន់ធ្វើអ្វីៗទៅតាមច្បាប់ប្រទេសជាតិ។»
ទោះយ៉ាងណាក៏ដោយលោកសម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានលើកជាញឹកញាប់ និងក្នុងសន្និសិទ្ធសារព័ត៌មានកាលពីថ្ងៃទី២១ ខែមករានេះថា រាល់បាតុកម្មដែលគណបក្សលោកធ្វើ គឺដោយអហិង្សា។ ក្រោយពីមានការអាក់ខាននៃការជួបជុំរបស់សកម្មជនគណបក្សរបស់លោកក្នុងស្រុកស្អាង ខេត្តកណ្តាល មេដឹកនាំគណបក្សប្រឆាំងទាំងពីរូប បានបដិសេធនូវរាល់បាតុកម្មហិង្សាទាំងឡាយណាដែលកើតមាន មិនមែនជាទង្វើនៃអ្នកគាំទ្រគណបក្សរបស់លោកឡើយ ព្រោះថា បាតុករនៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ គឺ ជាសន្តិសុខម្នាក់។ និងអ្វីដែលគណបក្សសង្គ្រោះជាតិធ្វើ គឺយោងទៅតាមច្បាប់ ពិសេសរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល។
សូមរម្លឹកថា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងអន្តរជាតិទាំង១៨៤ មានគម្រោងនៃការដាក់ញតិទៅតាមបណ្តាស្ថានទូតជិត២០ និងអង្គការអន្តរជាតិធំៗជិត១០ប្រចាំនៅកម្ពុជាចាប់តាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ ហើយក្នុងថ្ងៃនោះដែរ ការប៉ុនប៉ងដាក់ញត្តិនេះ ត្រូវបានអះខាន ដោយសារតែមានការរារាំង ពីក្រុមសណ្តាប់ធ្នាប់ខណ្ឌដូនពេញ រហូតមានការចាប់ខ្លួនលោក រ៉ុង ឈុន និងពលរដ្ឋដែលចូលរួមដាក់ញតិនោះ១០នាក់ផ្សេងទៀត៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤