រវាង កែម ឡី - ទិត សុធា និង​អ្នក​វិភាគ​កង្កែប​ក្នុង​អណ្ដូង

ភាសារបស់ក្រុមអ្នកវិភាគ អ្នកស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងក្រុមអ្នកនយោបាយ មិនដូចគ្នា​ទេ។ ភាព​ប្រទាំង​ប្រទើស​នេះ បាន​បង្ក​ឲ្យ​មាន​នូវ​ការ​លាប​ពណ៌​គ្នា ទៅវិញ​ទៅមក នៅពាសពេញ​រាជា​ណា​ចក្រ។ ហើយខាង​ក្រោមនេះ ជា​ករណី​លាប​ពណ៌ បន្ថែមងារមួយ​​រវាង​លោក កែម ឡី និងលោក ទិត សុធា មន្ត្រី​រដ្ឋាភិបាល ដែលបានកើតឡើង បន្ទាប់ពី​ការប្រៀបធៀប​មួយ​របស់​លោក កែម ឡី ទាក់ទងនឹង​ការប្ដូរឈ្មោះ «ឆ្នេរអូឈើទាល» ក្នុងខេត្ត​ព្រះ​សីហនុ ទៅជាឆ្នេរ​«សម្ដេច​តេជោ​សែន»។
រវាង កែម ឡី - ទិត សុធា និង​អ្នក​វិភាគ​កង្កែប​ក្នុង​អណ្ដូង
ពីឆ្វេងទៅស្ដាំ៖ លោក កែម ឡី និងលោក ទិត សុធា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 03, 2016
  • ប្រធានបទ: ងារអ្នកវិភាគ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសូម្បីពាក្យជេរប្រទេច «អាគុក» មួយម៉ាត់ ត្រូវបានបណ្ដាជនកម្ពុជា ក្នុងសម័យនេះ យកទៅបក​ស្រាយ​ខុស​គ្នា ទៅតាមទំនោររៀងៗខ្លួន ទោះជាធម្មជាតិ ឬឬសគល់ នៃពាក្យ«អាគុក» ត្រូវបានគេស្គាល់គ្រប់គ្នា ថាជា​ពាក្យ​អសុរស​នោះក៏ដោយ។ ចុះទម្រាំការប្ដូរឈ្មោះ នៃ​ឆ្នេរ​សមុទ្រ​ខ្មែរ​មួយ​ទាំងមូល ទៅជាឆ្នេរ«សម្ដេច​តេជោ​សែន» តើវានឹងមានការបកស្រាយ​ ច្រើនយ៉ាងណាទៅ? ជាពិសេសការបកស្រាយ ដ៏ប្រទាំងប្រទើស​រវាងអ្នក​ស្រាវជ្រាវ​ផ្នែកសង្គម លោក កែម ឡី និងមន្ត្រីរដ្ឋាភិបាល លោក ទិត សុធា និងរហូតដល់ការបង្កើតងារថ្មីមួយ ឲ្យ​លោក កែម ឡី ហៅថា អ្នកវិភាគកង្កែបក្នុងអណ្ដូង។

ជាការរំលឹកឡើងវិញ ហេតុការណ៍​នៃការប្ដូរឈ្មោះ ​ឆ្នេរសមុទ្រអូឈើទាលខ្មែរ ទៅជាឆ្នេរ«សម្ដេចតេជោសែន» (និងក្រោយមក គម្រោងប្ដូរឈ្មោះនេះ ត្រូវបានលប់ចោលទៅវិញ) ត្រូវបានលោក កែម ឡី យកមកធ្វើការ​ប្រៀប​ធៀប ថាមានចរិកស្មើរនឹង «ចោរប្លន់ប្រវត្តិសាស្ត្រ» និងបានហៅអ្នកយកលុយ ឬធនធានរដ្ឋ ទៅសាង​សង់​សមិទ្ធិផល រួចដាក់ឈ្មោះខ្លួនឯងទាំងនោះ ថាជាជនពុករលួយ។

អ្នកស្រាវជ្រាវផ្នែកសង្គម​ដ៏ល្បីល្បាញ​រូប​នេះ បានសរសេរពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ការ​ដូរឈ្មោះ បន្ថែមឈ្មោះ​​ទៅ​លើ​ឈ្មោះ​ដែល​ជាមរតកជាតិ កេរដំណែលជាតិ កេរ្តិ៏ឈ្មោះដើម មិនត្រឹមតែក្លាយ ជា​អ្នក​ប្លន់ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចង់​កែប្រែ​ប្រវត្តិសាស្រ្តខ្មែរ ឲ្យបាត់បង់ និងផុតរលត់ទៀតផង»។

» អានអត្ថបទដែលទាក់ទង៖ «ចោរ​ប្លន់​ប្រវត្តិសាស្ត្រ» បើ​តាម កែម ឡី

ប៉ុន្តែ នៅចំពោះការលើកឡើងរបស់លោក កែម ឡី នេះ មិនបានជៀសផុត ពីប្រតិកម្មរបស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ឡើយ។ លោក ទិត សុធា អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស (ស្ថាប័នមួយ នៃទីស្តីការ​គណរដ្ឋ​មន្ត្រី) បានថ្លែងតបវិញភ្លាមៗ ដោយហៅលោក កែម ឡី ថាមាន​ងារ​ដល់​ទៅ​បណ្ឌិត ប៉ុន្តែ​បែរជា​កម្រិត​ស្រាវ​ជ្រាវ​​ បានត្រឹមតែ​កម្រិត​កង្កែប​ក្នុង​អណ្តូង​។

មន្ត្រីអ្នកនាំពាក្យ បានថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុកមួយ ប្រាប់ឲ្យលោក កែម ឡី បើកភ្នែកឲ្យទូលាយ​មើល​ពិភពលោក ដូចជាប្រទេសបារាំង ដែលមានព្រលានយន្ដហោះមួយ ដាក់ឈ្មោះអតីតប្រធានាធិបតី «Charles De Gaulle» ឬប្រទេសអាមេរិក ដែលមានព្រលានយន្ដហោះមួយ ដាក់ឈ្មោះអតីតប្រធានាធិបតី «John F. Kennedy» ជាដើម (Editor's Note៖ ព្រលានយន្ដហោះទាំងនោះ មិនត្រូវបានគេប្ដូរឈ្មោះទេ តែជា​ការ​សាងសង់ ទៅលើគម្រោងមួយថ្មីសុទ្ធ និងសាងសង់នៅក្រោយមរណភាព របស់​អតីត​ប្រធានាធិបតី​ទាំង​នោះ ដើម្បី​រំលឹក​ពី​រដ្ឋ​បុរស​របស់​គេ)។

លោក ទិ​ត សុធា បាន​ប្រាប់ឲ្យអ្នកអានពិចារណា និងឈានទៅដាស់សតិ​របស់លោក កែម ឡី ទៀតថា​៖ «ខ្ញុំ​សូម​លើក ឧទាហរណ៍ ជាក់ស្តែង​តែម្តង គឺ​នៅ​កម្ពុជា​យើង តាំង​ពីមុនមក​ក៏មាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ និង​មនុស្ស​មួយចំនួន​ ដើម្បី​សំគាល់​លើ​ទីតាំង​នានា​ផងដែរ​។ ក្នុងនោះ ​រួមមាន​ឈ្មោះ​ផ្លូវ​ជាច្រើន​ នៅ​រាជធានី​ភ្នំពេញ ដែល​គេ​បាន​ប្រើប្រាស់​ឈ្មោះ​ស្ថាបនិក ដែលមាន​ស្នាដៃ​ក្នុង​ជំនាន់​នោះ​ ទៅ​ដាក់​ដូចគ្នា ដូចជា​ផ្លួ​វ​ ម៉ៅ​សេទុង​, ផ្លូវ​ គីមអ៊ី​ល​ស៊ុ​ង​, ផ្លូវ ព្រះ​នរោត្តម​, ផ្លូវ ​ព្រះមុនីវង្ស​, និង​ផ្លូវ​ ព្រះ​មុនី​រ៉េត​។​ល​។ ដែល​ឈ្មោះ​ផ្លូវ​ទាំងនោះ ​ត្រូវបាន​ប្រើប្រាស់​រហូតមកដល់​ពេលនេះ។ ដូច្នេះហើយ សូម​លោក​បណ្ឌិត​ពុល​ទឹកមាត់ កុំ​ល្ងីល្ងើ​ពេក ហើយ​កុំ​ដើម្បី​តែ​វ៉ៃ​ប្រហារ រដ្ឋាភិបាល ក្នុង​បំណង​ទុច្ចរិត​ណាមួយ​របស់ខ្លួន។»

ដោយទំនងជាដឹង ពីការវាយបកយ៉ាងចាស់ដៃ​ខាងលើនេះ លោក កែម ឡី បានប្រកាសទទួលយកការហៅ «អ្នកវិភាគកង្កែប​ក្នុងអណ្ដូង» មកធ្វើជាងារថ្មីមួយទៀត បន្ថែមពីលើងារ ដែលលោកមានជាច្រើនរួចមកហើយ។ លោក កែម ឡី បានសរសេរបែបចំអកថា៖ «ក្រៅពីទទួលបានងារ ជាអ្នកវិភាគដូរបាយ អ្នក​វិភាគ​សុីឈ្នួល អ្នក​វិភាគបាវបម្រើ អ្នកវិភាគឡប់ៗ អ្នកវិភាគមហាល្ងង់ អ្នកវិភាគល្ងីល្ងើ មក ខ្ញុំបាទទើបបាន​ទទួល​ងារ​ថ្មី​​ពីរ​​ទៀត គឺ អ្នកវិភាគថោកទាបបំផុត និងអ្នកវិភាគកង្កែបក្នុងអណ្តូង»។

ប៉ុន្តែលោក កែម ឡី បានពន្យល់តបទៅវិញថា៖ «ខ្ញុំបាទមានការអាណិតអាសូរ ដល់ពួកគាត់បំផុត ដែលបាន​ប្រើ​ពាក្យ​ខាង​លើ ដោយសារតែគាត់ទទួល នូវវប្បធម៌មិនល្អបែបនេះ ជាយូរមកហើយ។ អ្នកធ្វើការវិភាគ​បន្តិច​ទៅ​មើល៍ (ថា) ករណីដែលពាក្យទាំងនេះ ក្លាយជាទម្លាប់ និងវប្បធម៌ក្នុងគ្រួសារនោះ តើវាសនាកូន ប្រពន្ធ​របស់​ពួក​គាត់ នឹង​ទៅជា​យ៉ាង​ណា?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...