ខឹម វាសនា៖ បើចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះជា«ភ័ព្វសំណាង»របស់ខ្មែរ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៣ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 23, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសកម្ពុជា មានមនុស្សមិនតិចឡើយ ដែលចង់បកស្បែក ពន្លាត់យកឆ្អឹងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈអ្នកនយោបាយទាំងពីរ កំពុងរងការតាមចាប់ខ្លួន និងបណ្ដឹងជុំទិស ពីសំណាក់ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។ ពីក្នុងចំណោមនោះ ក៏មានលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) និងដែលធ្លាប់ត្រូវបានក្រុមលោក សម រង្ស៊ី បណ្ដេញចេញពីគណបក្ស កាលពីឆ្នាំ២០០៥នោះ ម្នាក់ដែរ។
នៅលើគណនីហ្វេសប៊ុករបស់ប្រមុខបក្ស«ជួង» លោក ខឹម វាសនា បានសរសេរឡើងថា បើមេដឹកនាំប្រឆាំងធំជាងគេទាំងពីរនាក់ «ត្រូវបានគេចាប់ដាក់គុក និងទាត់ចេញ ពីឆាកនយោបាយ នោះចាត់ទុកជាភ័ព្វសំណាង របស់ជាតិខ្មែរហើយ»។ លោក វាសនា ដែលធ្លាប់ជាមន្ត្រីក្រោមបង្គាប់ របស់លោក សម រង្ស៊ី នោះ បានសរសេរបន្តទៀតថា៖ «ដោយសារប្រយោជន៍ផ្ទាល់ខ្លួន មនុស្សក្រុមនេះ នាំខ្មែរវង្វេង ស្ទើរមួយនគរ»។
លោក ខឹម វាសនា មិនបានលំអិតឲ្យបានច្រើនជាងនេះ ថាតើអ្វីទៅ ជា«ប្រយោជន៍ផ្ទាល់ខ្លួន» និង«ភ័ព្វសំណាងរបស់ជាតិខ្មែរ» នោះឡើយ។ បើគេរំលឹកឡើងវិញត្រួសៗនោះ គេបានដឹងថា លោក សម រង្ស៊ី កំពុងនិរទេសខ្លួន ទៅក្រៅប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួន តបនឹងដីការឲ្យអនុវត្តន៍សាលក្រម ចូលជាស្ថាពររមួយ ទាក់ទងនឹងបណ្ដឹងបរិយារកេរ្ត៍ របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសខ្មែរ។ ប៉ុន្តែគ្មាននរណាម្នាក់ សូម្បីតែគ.ជ.ប រដ្ឋសភា ឬព្រះមហាក្សត្រផង បានដឹងជាមុនថា លោក សម រង្ស៊ី ត្រូវបានប្រកាសឲ្យក្លាយជាតំណាងរាស្ត្រ ទាំងលោកនៅមានទោសទណ្ឌ ជាប់ខ្លួនដូច្នេះឡើយ។
ឯលោក កឹម សុខា កំពុងរងបណ្ដឹង របស់កញ្ញា ធី សុវណ្ណថា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ពីសម្លេងខ្សែអាត់ រឿងរ៉ាវស្នេហាដ៏អាស្រូវមួយ ត្រូវបានយកមកទម្លាយ ជាបន្តបន្ទាប់ តាមបណ្ដាញសង្គម។ សម្លេងនៅក្នុងខ្សែអាត់នោះ បានធ្វើឲ្យគេយល់ថា ជាសម្លេងរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលជាស្ត្រីធ្វើសក់មួយរូប។
រឿងរ៉ាវ កាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីលោក កឹម សុខា បានបដិសេធជាច្រើនដង មិនចូលខ្លួនទៅបំភ្លឺ នៅចំពោះការស៊ើបសួរ របស់សាលាដំបូងរាជធានី ទាក់ទងនឹងបណ្ដឹងខាងលើ បើទោះជាការចូលខ្លួននោះ ធ្វើឡើងក្នុងនាមជាសាក្សីក៏ដោយ។ ការបដិសេធនេះ ត្រូវបានតុលាការប្រកាស តាមចាប់ខ្លួនលោក កឹម សុខា ដោយចោទអនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សប្រឆាំង ថាបានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ពីការមិនចូលខ្លួនទៅបំភ្លឺនេះ។
ក្រុមមន្ត្រីប្រឆាំង បានថ្លែងក្នុងពេលកន្លងមក ការពារការមិនចូលខ្លួន ទៅបំភ្លឺនោះ ថាត្រូវបានធ្វើឡើង ក្នុងហេតុផល«គោលការណ៍» នៃអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ត្រ ដែលត្រូវបានការពារ ដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។
ដោយឡែក លោក សម រង្ស៊ី ធ្លាប់បានថ្លែងរួចស្រេចហើយ ថាលោក មិនបានធ្វើឲ្យខ្មែរណាម្នាក់ ស្រក់ទឹកភ្នែក ឬស្រក់ឈាម ដោយសារលោកឡើយ។ លោកថា លោកមិនបានប្រព្រឹត្តិអំពើពុករលួយ មិនបានទៅឆក់ប្លន់ដីធ្លី ស្រែចំការ របស់ប្រជាពលរដ្ឋណាម្នាក់ មិនបានកាប់បំផ្លាញព្រៃឈើ ឬធនធានធម្មជាតិ ហើយក៏មិនបានចុះហត្ថលេខាលើករណីព្រំដែន ធ្វើឲ្យប្រទេសកម្ពុជាបាត់ទឹក បាត់កោះ បាត់ដី ទៅឲ្យបរទេសជិតខាងនោះដែរ៕