របបតិរច្ឆាននៅកម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀមឡើងតុលាការ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៦
- កែប្រែចុងក្រោយ: August 12, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រៀបធៀប ដែលបង្កឲ្យមាន ជាសង្គ្រាមពាក្យសំដីមួយនេះ អាចនឹងប្រើរយៈពេលវែងទៅមុខ ដើម្បីបញ្ចប់វា។ ប្រើរយៈពេលវែង ដោយហេតុថា អ្នកលើកឡើងចេះតែបន្តនិយាយ ខណៈភាគីម្ចាងទៀត ទទួលយកមិនបាន ជាពិសេសការប្រៀបធៀបរបបដឹកនាំសព្វថ្ងៃ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ ដូច«តិរច្ឆាន»។
ជាករណីរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលកំពុងរងការព្រមាន ពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើងរបស់ព្រះអង្គ ដែលថារបបដឹកនាំសព្វថ្ងៃ នៅប្រទេសកម្ពុជា គឺជារបប«តិរច្ឆាន»។ កាលពីថ្ងៃទី១០ ខែសីហា ព្រះអង្គម្ចាស់បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ ដូច្នេះថា៖ «ខ្ញុំគោរពស្រលាញ់ព្រះមហាក្សត្រ ក៏ប៉ុន្តែខ្ញុំប្រឆាំងរបបតិរច្ឆាន ដឹកនាំដោយ CPP ជាដាច់ខាត!»។
សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាអតីតគណបក្សកុម្មុយនីសនៅកម្ពុជា ការហៅរបបមួយ ដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួន ថាមានលក្ខណៈ«តិរច្ឆាន» គឺជាការប្រមាថធ្ងន់ធ្ងរ ទៅដល់ថ្នាក់ដឹកនាំរបស់ពួកគេ និងគណបក្ស។ ការមិនទទួលយក ការលើកឡើងទាំងនេះ បាននាំទៅដល់ការព្រមាន ដែលអ្នកនាំពាក្យគណបក្ស អះអាងថា នឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងជនណាក៏ដោយ ដែលបានលើកឡើងដូច្នេះ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យម្នាក់ទៀត របស់គណបក្សកាន់អំណាច បានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុក ថាការលើកឡើង របស់ព្រះអង្គម្ចាស់ ធម្មិកោ ចាត់ទុករបបសព្វថ្ងៃ ថាជារបបតិរច្ឆាន គឺមានន័យស្មើ នឹងការវាយប្រហារលើរបបរាជានិយម នៅកម្ពុជា និងបាន«ប្រមាថប៉ះពាល់ ដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ប្រមាថដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ហើយប្រមាថដល់គណបក្សប្រជាជន»។
អ្នកនាំពាក្យ បាននិយាយថា៖ «សូម្បីតែកាតព្វកិច្ច ក្នុងការរួមចំណែកលើកស្ទួយរបបរាជានិយម លើកស្ទួយនៅតម្លៃរាជវង្សានុវង្ស គឺបុគ្គល ស៊ីសុវត្ថិ ធម្មិកោ គ្មានសមត្ថភាពផង។ សម្រាប់យើងចាត់ទុកថា បុគ្គលនេះ គឺជាបុគ្គលដ៏ថោកទាបបំផុត ដែលយើងមិនត្រូវការ និងមិនឲ្យតម្លៃសោះ។»
ទាក់ទងនឹងបណ្ដឹង ដែលគណបក្សប្រជាជនកម្ពុជា ត្រៀមធ្វើដើម្បីប្រឆាំងនឹងព្រះអង្គម្ចាស់ ធម្មិកោ នោះ ត្រូវបានលោក ឈឹម ផលវរុណ អះអាងថា គណបក្សគ្រោងធ្វើកាសិក្សា ជាមួយអ្នកច្បាប់របស់ខ្លួន។ លោកបានថ្លែងឡើងថា៖ «ជនណាក៏ដោយដែលប្រមាថ ជននោះនឹងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់។ ត្រង់ថា តើយើងមានចំណាត់ការយ៉ាងម៉េច ហើយនៅពេលណាតាមផ្លូវច្បាប់ គឺជានីតិវិធី និងការសិក្សារបស់យើង ដែលមេធាវីសិក្សាអំពីទិដ្ឋភាពច្បាប់ និងស្ថានភាពច្បាប់ ដើម្បីដាក់បណ្តឹង ចំពោះបុគ្គលរូបនេះ (ធម្មិកោ)។»
នៅចំពោះការព្រមាននេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសរសេរតបទៅវិញ នៅលើបណ្ដាញសង្គម ជាមួយនឹងរូបថតមួយសន្លឹក ដែលព្រះអង្គឈរថត នៅខាងមុខសាលាដំបូង ខេត្តសៀមរាបថា៖ «ខ្ញុំត្រៀមប្រឈមមុខ នឹងច្បាប់ឲ្យហើយ»។ ជាចម្លើយឆ្លើយតប ទៅនឹងក្ដីសង្ឃឹមរបស់លោក ឈឹម ផលវរុណ ដែលថា ព្រះអង្គត្រូវតែក្លាហាន នឹងប្រឈមមុខទទួលខុសត្រូវ នូវពាក្យសំដីរបស់ខ្លួន នៅលើទឹកដី និងចំពោះតុលាការកម្ពុជា។
ព្រះអង្គម្ចាស់បានមានបន្ទូលបន្ថែម នៅព្រឹកថ្ងៃសុក្រនេះថា៖ «ខ្ញុំដូចជាអត់មាន ការព្រួយបារម្ភអ្វីទេ ដោយសារថា អ្វីដែលខ្ញុំនិយាយ គឺខ្ញុំចំណាំតែនិយាយអំពីការពិត។ ខ្ញុំមិនដែលបំប៉ោងអ្វី(ទេ)។ ដូច្នេះ ខ្ញុំអត់មានការព្រួយបារម្ភអ្វីទេ។»៕