បាតុកម្ម​លើក​ទី​បី​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ចំ​ខួប​ទី​២២​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស

នេះជាលើកទីបីហើយ ដែលគណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្ម ដើម្បីទាមទាឲ្យមានការស្វែងរកយុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ នៅព្រឹកថ្ងៃទីមួយនៃមហាបាតុកម្ម និងក៏ជាថ្ងៃដែលរំលឹក​ឡើងវិញនូវសន្ធិសញ្ញា​ក្រុង​ប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លើកទី២២នោះ គណបក្សប្រឆាំង និងបាតុករបានប្រើប្រាស់ឱកាសនេះ ដើម្បីរំលឹក​ទៅ​ភាគី​ហត្ថលេខី ឲ្យគោរពទៅដល់រាល់ខ្លឹមសារទាំងអស់នៃកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ដែលនៅធរមាននៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកទីបីហើយ ដែលគណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្ម ដើម្បីទាមទាឲ្យមានការស្វែងរកយុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ នៅព្រឹកថ្ងៃទីមួយនៃមហាបាតុកម្ម និងក៏ជាថ្ងៃដែលរំលឹក​ឡើងវិញនូវសន្ធិសញ្ញា​ក្រុង​ប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លើកទី២២នោះ គណបក្សប្រឆាំង និងបាតុករបានប្រើប្រាស់ឱកាសនេះ ដើម្បីរំលឹក​ទៅ​ភាគី​ហត្ថលេខី  ឲ្យគោរពទៅដល់រាល់ខ្លឹមសារទាំងអស់នៃកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ដែលនៅជាធរមាននៅឡើយ។


បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ ដែលលើកយកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស មកនិយាយ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ថ្ងៃទី២៣ ខែតុលា នាទីលានប្រជាធិបតេយ្យគេសង្កេតឃើញមានវត្តមានព្រះសង្ឃ និងប្រជាពលរដ្ឋមក​ពីតាមបណ្តាខេត្តនានា ទូទាំងប្រទេសប្រមាណជាងពីរម៉ឺននាក់ គិតមកត្រឹមម៉ោង១១ព្រឹកម៉ិញនេះ។ ប្រជាពលរដ្ឋទាំងនោះ មកជាមួយនឹងទង់ជាតិប្រទេសកម្ពុជា ពាក្យស្លោកនានា ការបិទស្ទីកគឺ (Sticker) ដែលមានសញ្ញាផែនទីប្រទេសកម្ពុជា ក្នុង​ផ្ទៃពណ៌ខៀវរំលេចដោយអក្សរពណ៌សមួយម៉ាត់ សរសេរថា«ដូរ»។ ជាមួយគ្នានេះប្រជាពលរដ្ឋទាំងនោះ ក៏មានការយក​ក្រណាត់ពណ៌ស្លាទុំ មករុំព័ទ្ធនឹងក្បាលរបស់ខ្លូនដែលមានអត្ថន័យ នៃពាក្យស្លោកខុសៗគ្នា ដូចជាពាក្យថា «ស្វែងរក​យុត្តិធម៌»​ នោះជាដើម។

ស្ថិតក្រោមកំដៅថ្ងៃដ៏ក្តៅហែង ក្រុមបាតុករដែលភាគច្រើនជាពលរដ្ឋដែលងាយនឹងរងគ្រោះ ឬអ្នករងគ្រោះនានាបានអង្គុយ​តម្រាបគ្នាជាជួរ ដៃកាន់បដា ជាមួយនឹងការស្រែកជ័យឃោសទាមទារនូវយុត្ដិធម៌ សម្រាប់ខ្លួនជាម្ចាស់ឆ្នោត។

ក្នុងដំណាក់ការនៃដំណើរការមហាបាតុកម្ម មានប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែល​មាន​ចាប់ពីប្រជាពលរដ្ឋតូចតាត រហូតដល់ថ្នាក់ដឹកនាំធំៗ មិនថាបក្សប្រឆាំង និងបក្សកាន់អំណាចក្នុងឯកសណ្ឋានស៊ីវិល បាន​ចូលរួមជាជំនួយឧបត្ថម្ភដូចជាថវិការ នំប៉័ង បាយកញ្ចប់ ទឹកសុទ្ធ ថ្នាំសង្កូវជាដើមសម្រាប់ចែកជូនប្រជាពលរដ្ឋទូទៅ ដែល​មានវត្តមាននៅទីលានប្រជាធិបតេយ្យនោះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីទទួលបន្ទុកមូលនិធិ នៃគណបក្សសង្គ្រោះ​ជាតិនាទីលានប្រជាធិបតេយ្យ។

ស្របនៃដំណើរការក្នុងការប្រមូលផ្តុំ នៃប្រជាពលរដ្ឋតានបណ្តាខេត្តនានា ដែលកំពុងតែមានវត្តមានជាបណ្តើរនោះ ក៏មាន​ការឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ពីបណ្តាអង្គការជាតិ និងអន្តរជាតិ ជាមួយនឹងការតាមប្រម៉ាញ់របស់អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិនូវព្រឹត្តការណ៍ទូទៅ ក៏ដូចជាព្រឹត្តិការណ៍សំខាន់នានាផ្សេងទៀត ដែលនឹងអាចកើតមានឡើងជាយថាហេតុ។

បាតុកម្មដោយសន្តិវិធី

គណបក្សសង្គ្រោះជាតិមានសន្តិសុខផ្ទាល់របស់គណបក្ស ដែលមានចំនួនមិនតិចជាងប្រាំរយនាក់ឡើយ សម្រាប់មើលការ​ខុសត្រូវនានា ជុំវិញទីលានប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ក៏មានវត្តមានផងដែរ នូវកងកម្លាំងសន្ដិសុខប្រដាប់ដោយ​ដំបង និងខែល ជាមួយនឹងឯកសណ្ឋាន​យ៉ាងសង្ហា ដើម្បីការពារសន្តិសុខ សុវត្ដិភាព ឬការត្រៀមទប់ទល់​ជាមួយនឹង​ព្រឹត្តការណ៍ ដែលអាចបង្កឲ្យមាននូវអំពើហិង្សនោះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់ថា ចំពោះកម្លាំងដែលត្រូវមក​ការពារបាតុកម្មអហិង្សានេះ មានចំនួនមិនតិចជាងបីពាន់នាក់ឡើយ រួមជាមួយនឹងកម្លាំងនៃទីបញ្ជាការកងរាជអាវុធហត្ថ លើ​ផ្ទៃប្រទេស ដែលមានជាងមួយពាន់នាក់នោះ។

លោក សម រង្ស៊ី ដែលបានថ្លែងក្នុងសន្និសិទសារព័ត៌មាន នៅទីស្នាក់ការចាក់អង្រែក្រោមនោះ លោកបានសង្ឃឹមយ៉ាង​មុត​មាំ លើការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនេះ ថានឹងប្រព្រឹត្តិទៅដោយរលូន ព្រោះលោកបានជួបជា​មួយ​លោក ស ខេង តាមទូរស័ព្ទ បានឯកភាពគ្នា ក្នុងការបញ្ច្រៀសនូវអំពើហិង្សាក្នុងមហាបាតុកម្មនេះ ថាមិនឲ្យកើត​មានជា​ដាច់ខាត។ ជាមួយគ្នានេះថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ ក៏អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចស៊ើប អង្កេតឲ្យបាន​ត្រឹមត្រូវ និងចាត់វិធាន ការឲ្យបានច្បាស់លាស់ ចំពោះជនខិលខូច និងជនឱកាសនិយមទាំងឡាយដែលឆ្លៀត ឱកាសបង្ក​បញ្ហា ឬចលាចល ផ្សេងៗ ក្នុងមហាបាតុកម្ម។

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១

មេដឹកនាំនៃគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ពីគោលបំណង នៃមហាបាតុកម្មនេះដែរថា ជាការជួបជុំដើម្បីជំរុញឲ្យ​គណបក្ស​ជាប់ឆ្នោតទាំងពីរ ធ្វើការសហការណ៍ដោយពិតប្រាកដ ដោយឈរលើគោលការណ៍ស្មើភាព និងមានតុល្យភាព​អំណាច ពិសេសស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ លោក សម រង្ស៊ី និងលោក កឹម សុខា បានបន្តរថា នារសៀលនេះ យ៉ាង​យូរម៉ោងបីនៅទីលានប្រជាធិបតេយ្យ នឹងមានការដឹកនាំក្រុមបាតុករ ដើម្បីដាក់ញត្ដិស្នាមមេដៃ ទៅកាន់បណ្ដាស្ថានទូតនៃ​ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន អនុវត្តន៍ និងគោរពឲ្យបានពេញលេញ លើកិច្ចព្រមព្រៀងគ្រប់ចំណុចទាំងអស់ ជាមួយនឹងការគោរព​នូវការផ្ដល់អនុសាសន៏ ពីបណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ដូចជាគណបក្សប្រឆាំងជាដើម។

សូមរម្លឹកថាកាលពីថ្ងៃទី២១ ខែតុលានេះក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យត្រឹមតែបីថ្ងៃ និងបានកំណត់ចំនួនអ្នកចូលរួម មិនឲ្យលើសពីមួយម៉ឺននាក់នោះទេ។ ហើយក៏បាន​ហាមដាច់ខាត មិនឲ្យបោះជំរុំស្នាក់នៅពេលយប់ ក្នុងទីលានប្រជាធិបតេយ្យនោះដែរ។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...