បាតុករ៖ ខ្ញុំ​មិន​នឿយ​ណាយ​នឹង​ការ​ធ្វើ​បាតុកម្ម ជា​មួយ​បក្ស​សង្គ្រោះ​ជាតិ

ដូចការគ្រោងទុកនៅថ្ងៃទី ២៣ ខែតុលានេះ គណបក្សសង្គ្រោះជាតិ បានរៀបចំធ្វើនូវមហាបាតុកម្មលើកទី ៣ របស់ខ្លួន ដែលមានការចូលរួមពីក្រុមបាតុកររាប់ម៉ឺននាក់។ ក្រុមបាតុករដែលបានចូលរួមនៅក្នុងមហាបាតុកម្មនេះ បានសម្តែង​ពី​អារម្មណ៍​របស់ខ្លួនមិននឿយណាយ ចំពោះមហាបាតុកម្មនេះនោះទេ ដោយពួកគេនៅតែចង់ធ្វើបាតុកម្មដដែល។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចការគ្រោងទុកនៅថ្ងៃទី ២៣ ខែតុលានេះ គណបក្សសង្គ្រោះជាតិ បានរៀបចំធ្វើនូវមហាបាតុកម្មលើកទី ៣ របស់ខ្លួន ដែលមានការចូលរួមពីក្រុមបាតុកររាប់ម៉ឺននាក់។ ក្រុមបាតុករដែលបានចូលរួមនៅក្នុងមហាបាតុកម្មនេះ បានសម្តែង​ពី​អារម្មណ៍​របស់ខ្លួនមិននឿយណាយ ចំពោះមហាបាតុកម្មនេះនោះទេ ដោយពួកគេនៅតែចង់ធ្វើបាតុកម្មដដែល។


ក្រុមបាតុករ ដែលមកចូលរួមក្នុងបាតុកម្មថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - នេះមិនមែនជាលើកទី១ ទេ ដែលគណបក្សសង្គ្រោះជាតិរៀបចំធ្វើមហាបាតុកម្ម ដើម្បីប្រឆាំងទៅនឹង​លទ្ធផលនៃការបោះឆ្នោត ដែលប្រកាសដោយគ.ជ.ប ពោលគឺវាជាមហាបាតុកម្មលើកទី៣ហើយ សម្រាប់គណបក្សនេះ។ គ្រប់បាតុកម្មទាំងពីរលើក រួមទាំងលើកនេះផង ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅគ្រប់​ខេត្តក្រុងទាំងអស់ នៃប្រទេសកម្ពុជាបានមកចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សនេះ។ ក្រុមបាតុករដែលបាន​មក​ចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅតែសម្តែងឆន្ទៈពុះកញ្ជ្រោលដដែល ដោយមិនគិតពីការនឿយហត់ និង​ការអស់ប្រាក់កាក់ ឬធុញទ្រាន់នឹងការធ្វើមហាបាតុកម្មនេះឡើយ ។

«ខ្ញុំស្លាប់ ក៏ខ្ញុំនៅតែមកធ្វើបាតុកម្មនេះដែរ» នេះជាសម្តីរបស់លោកតា ព្រំ ជាបាតុករម្នាក់ មកពីខេត្តបន្ទាយមានជ័យ ដែល​បាន​បង្ហាញពីឆន្ទៈរបស់លោកតាពេញចិត្ត ក្នុងការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ លោកតាបានបញ្ជាក់ថា «ពេលនេះខ្ញុំមានអាយុ៧២ឆ្នាំទៅហើយ ខ្ញុំរស់មិនបានយូរនោះទេ បន្តិចទៀតខ្ញុំនឹងស្លាប់ តែមុននឹងខ្ញុំស្លាប់ ខ្ញុំត្រូវការ​យុត្តិធម៌សម្រាប់ខ្លួនខ្ញុំ និងសម្រាប់អ្នកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិទាំងអស់»។

«យាយមកនេះគ្មានលុយទាល់តែសោះ តែមិនគិតទេ អត់បាយក៏អត់ទៅ ឲ្យតែបានចូលរួមក្នុងការធ្វើមហាបាតុកម្ម ជា​មួយ​គណបក្សសង្គ្រោះជាតិ» នេះជាការលើកឡើងរបស់បាតុករមួយរូបទៀតមកពីខេត្តព្រះវិហារ គឺលោកយាយដូនជី រុំ ដែល​មកធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ តាមរយៈការសុំជិះឡានឈ្នួល នៅខេត្តព្រះវិហារដោយមិនអស់លុយ។ លោក យាយ រុំ បានបន្ថែមថា លំបាកប៉ុណ្ណឹងមិនស្មើនឹងលំបាកដោយសារមេដឹកនាំផ្តាច់ការលោក ហ៊ុន សែន ធ្វើបាប​មក​លើពលរដ្ឋខ្មែរក្រីក្រនោះទេ។

កំពុងពិសាបាយនៅក្រោមម្លប់ដើមឈើនាទីលានប្រជាធិបតេយ្យ យុវជន សំអូន ជាបាតុករមួយរូប បានឆ្លៀតនិយាយប្រាប់​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា «បងខ្ញុំមកនេះដើម្បីផ្លាស់ប្តូរអ្នកដឹកនាំ បើប្តូរលោក ហ៊ុន សែន មិនបានខ្ញុំមិនសុខចិត្ត​នោះទេ ហើយខ្ញុំនៅតែទាមទារឲ្យធ្វើមហាបាតុកម្មរហូត ព្រោះខ្ញុំឈឺចាប់ណាស់ នឹងអំពើកេងបន្លំសន្លឹកឆ្នោតរបស់​ខ្ញុំពី​សំណាក់ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា»។ យុវជនរូបនេះ បន្តថា ខ្ញុំសុខចិត្តខានទៅរៀន ដើម្បីមកធ្វើមហាកម្ម​ជា​មួយគណបក្សប្រឆាំង។

«មកនេះចោលទ្រព្យសម្បត្តិ គោក្របីនៅស្រុកគ្មាននរណាមើលទេណាប្អូន ដើម្បីទាមទារយុត្តិធម៌តែមួយគត់» ជាសម្តី​របស់កសិករមួយរូបមកពីខេត្តកំពង់ចាមបងប្រុស ម៉ាន់។ បងប្រុស ម៉ាន់ ដែលបានខ្ចីលុយប្អូន ១៥ ម៉ឺនរៀលធ្វើសោហុយ​មកធ្វើមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិនៅទីក្រុងភ្នំពេញនៅថ្ងៃនេះ។ បាតុកររូបនេះ បានឲ្យដឹងថា គាត់បាន​មកចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ២ ដងមកហើយលើកនេះទៀត ៣ ដងហើយ។ «រាល់លើក ខ្ញុំ​បានសោហុយមកធ្វើបាតុកម្មដោយសារលក់ស្រូវ តែឥឡូវអស់ស្រូវ មានតែខ្ចីលុយប្អូនតែប៉ុណ្ណោះ»។ នេះជា​ការបន្ថែម​របស់បាតុកររូបនេះ។

ជាការកត់សម្គាល់ នៅក្នុងថ្ងៃធ្វើមហាបាតុកម្មលើកទី ៣ របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១ នេះ នៅតែមានបាតុករ​រាប់​ម៉ឺននាក់មកចូលរួមធ្វើមហាបាតុកម្មដដែល បើទោះបីជាក្រុមបាតុករទាំងអស់នោះ ត្រូវប្រឈមមុខនឹងការខ្វះខាងថវិកា ខាតពេលវេលា ឬមានការរារាំងពីសំណាក់អជ្ញាធរក៏ដោយ៕

-------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...