«រួមរឹត» ជន​​អាថ៌កំបាំង​របស់ នរោត្ដម សីហនុ

គាត់ជា «មិត្តពីកុមារ» របស់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។ គាត់មានឈ្មោះថា «រួមរឹត» ជាជន​ម្នាក់​ដែល​អតីត ព្រះមហាក្សត្រ​អះអាង​ថា រស់នៅ​តំបន់ «ពីរេណេ» ប្រទេសបារាំង។ តែអ្វី​ដែល​អ្នក​កាសែត​ធ្លាប់​ដឹង​ពី «រួមរឹត» គឺ​ត្រឹម​តែ ជា​អត្ថបទ​នយោបាយ ដែល​លោក​«រួមរឹត»​នេះ​សរសេរ ហើយ​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់ នៅ​លើ​ព្រឹត្តិប័ត្រ​របស់​ព្រះរាជវាំង ឬនៅ​លើ​គេហទំព័រ​របស់​អតីត​ព្រះមហាក្សត្រ។ នៅ​រយះ​ពេល​ចុង​ក្រោយ​បំផុត សំលេង​របស់​លោក​«រួមរិទ្ធ» បាន​បាត់ សោះ​សូន្យ​ឈឹង ជា​មួយ​នឹង​ព្រះរាជ​សំណេរ របស់​អតីត​ព្រះមហាក្សត្រ ថា​នឹង​លែង​ចុះ​ផ្សាយ​អត្ថបទ​របស់​លោក​«រួមរឹត» នៅ​ក្នុង​ព្រឹត្តិប័ត្រ ឬ​គេហទំព័រ​របស់​ព្រះអង្គ​ទៀត​ហើយ ដោយ​សារ​តែ​អតីត​ព្រះមហាក្សត្រ មិន​ចង់​ប្រឈម​មុខ​នឹង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
«រួមរឹត» ជន​​អាថ៌កំបាំង​របស់ នរោត្ដម សីហនុ
រូបកំប្លែងរបស់ សក្រវាទិ៍ ដែលនិយាយពីអតីតព្រះមហាក្សត្រ និងមិត្តបិតមុខរបស់ទ្រង់
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១២
  • កែប្រែចុងក្រោយ: October 16, 2012
  • ប្រធានបទ: អាថ៌កំបាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះគេមិនអាចដឹងថា តើលោក«រួមរឹត»ជាមនុស្សពិត ឬជាមិត្តពីកុមារ របស់សម្ដេចសីហនុក៏ដោយ តែអ្វី​ដែល​គេបានដឹង ពីលោក«រួមរឹត» គឺរបៀបរបបសរសេរ របស់លោក«រួមរឹត» មានលក្ខណៈដូចទៅនឹង របៀប​របបសរសេររបស់សម្ដេច សីហនុ រហូតធ្វើអោយមានគេគិតថា លោក«រួមរឹត»គឺសម្ដេចនរោត្ដម សីហនុ នេះ​ខ្លួន​ព្រះអង្គតែម្ដង។

«ជនផ្ដាច់ការ»

នៅក្នុងអត្ថបទរបស់លោក«រួមរឹត» លោកបានវាយតំលៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាចំហរនិង​ជា​រឿយៗ ថាជា «ជនផ្ដាច់ការ» ហើយលោក«រួមរឹត»និយាយថា ក្រុមអ្នករាជានិយមត្រូវលោកហ៊ុនសែន ធ្វើ​បាប​ក្នុងសភាពដ៏ឃោឃៅ មិនអាចគិតស្មានដល់។

លោក«រួមរឹត»ធ្លាប់សរសេរ តាមបែបកំសាន្ដសប្បាយ ពីជីវិតនយោបាយរបស់«កៀពូចាំ» (ឬកម្ពុជា) - ព្រះ​រាជាណាចក្រ របស់ព្រះរាជា ស៊ុហានី (ឬសីហនុ) - និងតំណាងរាស្រ្ត ស៊ី សំរាំង (ឬសម រង្សី) ឬក៏ធ្លាប់​ជជែក​ពី ព្រះអង្គម្ចាស់ ស៊ីហីម៉ូណា (ឬសីហមុន្នី) ថាមិនមានសកម្មភាពខ្លាំង ដូចកាលពីជំនាន់ឪពុក។ល។

លោក លាង ដឺលុច អ្នកកាសែតខ្មែរម្នាក់ ធ្លាប់បានលើកឡើង ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា៖ «អ្នក​សារពត៌មានយល់ថា លោករួមរឹត ជា​សម្ដេចសីហនុ ខ្លួនព្រះអង្គ នៅពេលដែលទ្រង់ចង់បញ្ចេញ មតិ​យោបល់​ផ្សេងៗ ខុសពីធម្មតា។» គ្រប់​អត្ថបទ​របស់លោក«រួមរឹត» បាន បង្ហាញពីរបៀបរបបសរសេរ កំប្លុកកំប្លែង​យ៉ាង​ឆ្លាតវៃមួយ ហើយមានបញ្ជាក់​ឈ្មោះ​«រួមរឹត» នៅពីក្រោម ធ្វើដូចជាមនុស្ស ពិតយ៉ាងដូច្នេះ។

គ្រប់អ្នកនយោបាយដែលពាក់ព័ន្ធទាំងឡាយ មិនសូវជាបានខ្វល់ខ្វាយ និងយកចិត្តទុកប៉ុន្មានជាមួយ នឹង​លោក​«រួមរឹត» នេះទេ ដែលខុសប្លែកពីលោក ហ៊ុន សែន។ លោក​ ហ៊ុន សែន ធ្លាប់បញ្ចេញប្រតិកម្មខ្លាំងៗ ប្រឆាំង​លោក«រួមរឹត» ហើយបាន សុំអោយ «សម្ដេចឪ»កាលនោះ អោយបញ្ចេញអាស័យដ្ឋានរបស់ «មិត្ត​ពី​កុមារ» របស់ព្រះអង្គ ដើម្បីលោកហ៊ុន សែន អាចឆ្លើយតបទៅវិញ។ តែព្រះរាជាក្នុងពេលនោះ បាន​បដិសេធ ដោយលើកហេតុផល ពីសុវត្ថិភាពរបស់ មិត្ត«រួមរឹត»របស់ទ្រង់។

នៅក្រោមសំពាធ ជាពិសេសពីបុរសខ្លាំង ហ៊ុន សែនផងនោះ លោក«រួមរឹត»បានសម្រេចបឈ្ឍប់ ការ​បញ្ចេញ​មតិយោបល់​របស់លោក ជាបន្ដទៅទៀត។

«រួមរិទ្ធ»ក្លែងក្លាយ?

ដោយសារភាពល្បីល្បាញ របស់លោក«រួមរឹត» នៅក្នុងជីវិតនយោបាយកម្ពុជា លោក«រួមរឹត»​ហៀបតែនឹង​ត្រូវ​គេយកទៅ​ប្រើប្រាស់ នៅក្នុងកម្មវត្ថុផ្សេងទៀត។ កាលពីខែមករាឆ្នាំ២០១០ ពោលគឺ៦ឆ្នាំក្រោយ ការ​ដាក់រាជ្យ របស់អតីតព្រះរាជា​នរោត្ដម សីហនុ គេហទំព័រមួយរបស់ក្រុមគណបក្សប្រឆាំង ថាបានជួបសម្ភាស​ផ្ទាល់ ជាមួយនឹងលោក«រួមរឹត» ហើយ​ដែលនៅក្នុងកិច្ចសម្ភាសនោះ បាននិយាយខ្លាំងៗ រិះគន់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។

ភ្លាមៗនោះ អតីតព្រះរាជា បានសរសេរពីទីក្រុងប៉េកាំង ទីកន្លែងដែលព្រះអង្គពិនិត្យព្រះសុខភាព មានន័យ​ជា​អាថ៌ថា មិត្តពីកុមារ របស់ព្រះអង្គ កំពុងមានជំងឺជាទំងន់ ហើយមិនមានសមត្ថភាពសរសេរ ឬផ្ដល់កិច្ច​សម្ភាស​ណាមួយ ជូនសារធារណជនឡើង។

«រួមរិទ្ធ»អាចត្រឡប់មកវិញទេ?

អតីតព្រះមហាក្សត្រ បានចូលទីវង្គត កាលពីព្រឹកថ្ងៃច័ន្ទទី១៥ ខែតុលា ឆ្នាំ២០១២ ដោយបានបន្សល់ទុក នូវ​ភាពអាឡោះអាល័យដ៏ធំធេង និងក្រៀមក្រំ ដល់ប្រជាជនខ្មែរគ្រប់ៗរូប។ ទោះមានអ្នកខ្លះយល់ថា លោក​«រួមរឹត»​ជាមនុស្សតែមួយ នឹងអតីតព្រះមហាវីរក្សត្រ ក៏ដោយ ក៏លោក«រួមរឹត»នៅតែដើរតួរយ៉ាងសំខាន់ ក្នុង​ជីវិតនយោបាយកម្ពុជាកន្លងមកដែរ។ គេអាចនិយាយថា លោក​«រួមរឹត» ជាមតិយោបល់ ឬជាការ​យល់​ឃើញ បែបផ្សេងមួយទៀត របស់សម្ដេចនរោត្ដម សីហនុ បើទោះជាលោក«រួមរឹត» ជាមនុស្សពិតឬ មនុស្ស​សិប្ប​និមិត្ត​ក៏ដោយ។ ខណៈដែលអតីតព្រះមហាក្សត្រ ទ្រង់លាចាកលោកទៅហើយនេះ ក្ដីទន្ទឹង នឹងនៅតែ​មាន ក្រែង​លោ​លោក«រួមរឹត» នឹងមានមហិទ្ធិរិទ្ធ អាចចេញមកនិយាយ ជំនួសព្រះរាជាបានជាថ្មីទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...