សម រង្ស៊ី៖ មានកំណែទម្រង់ការបោះឆ្នោត ត្រូវតែមានការបោះឆ្នោតថ្មី
បន្ទាប់ពីមានការចរចារវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះមក ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា ទោះមានការចរចារវាងគណបក្សទាំងពីរក៏ដោយ ក៏គណបក្សរបស់លោក នៅតែប្រកាន់គោលជំហរដដែល នោះគឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ។
លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន បានពន្យល់នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា កាលដែលគណបក្សសង្រ្គោះជាតិ ចូលទៅចរចាជាមួយគណបក្សប្រជាជន គឺដើម្បីដោះស្រាយបញ្ហាប្រទេសជាតិជាមួយគ្នា តែគណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរដដែល គឺគាំទ្រឆន្ទះប្រជាពលរដ្ឋ ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតសកលកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងទាមទារឲ្យមានការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។
ប្រធានគណបក្សជំទាស់ដដែលនេះ បន្តថា បើមិនមានការឯកភាពស៊ើបអង្កេតពីភាពមិនប្រក្រតី ចំពោះលទ្ធផលបោះឆ្នោតកាលពីខែកក្កដា គឺមានតែការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិឲ្យបានឆាប់ កាន់តែប្រសើរ។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «អ្វីដែលយើងចាប់ផ្តើមជជែកគ្នានេះ គឺគ្រាន់តែកំណត់របៀបធ្វើការទៅមុខ ដើម្បីការកែទម្រង់ការបោះឆ្នោត គឺត្រូវតែមានការបោះឆ្នោត។ បោះឆ្នោតពេលណា ហ្នឹងអាស្រ័យលើការចរចាលើកក្រោយ ដំណាក់កាលមួយទៀត កាន់តែលឿនកាន់តែល្អ គឺថាមិនចាំចប់អាណត្តិនោះទេ(...)»។
បើទោះជាលោក សម រង្ស៊ី បានអះអាងយ៉ាងនេះក៏ដោយ ក៏លោក ព្រំ សុខា តំណាងក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា បានព្រលយប្រាប់វិទ្យុក្នុងស្រុក មុនថ្ងៃចរចាមួយថ្ងៃថា ការចរចានៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ គឺមិនលើកយកការទាមទារ ឲ្យបោះឆ្នោតមុនបញ្ចប់អាណត្តិ មកជជែកគ្នានោះទេ ព្រោះការទាមទារនោះ មានន័យស្មើនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ក្រោយពីចេញពីជំនួបចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ នៅវិមានព្រឹទ្ធសភានោះមក លោក ព្រំ សុខា ដដែល បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «ការបោះឆ្នោតមុនអាណត្តិ យើងអត់និយាយទេ ដូចដែលយើងខ្ញុំបានបញ្ជាក់ហើយ យើងនិយាយតែការរៀចចំក្របខណ្ឌកំណែទម្រង់បោះឆ្នោត នៅពេលខាងមុខ»។
ទន្ទឹមនឹងនេះ លោក ឈាង វុន មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មុនការចរចារបស់គណបក្សទាំងពីរថា៖ «ចំណុចការចរចា រវាងគណបក្សទាំងពីរ គឺគ្មានទេការនិយាយអំពី ការទាមទារឲ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែង ការសុំធ្វើប្រធានរដ្ឋសភា ហើយក៏គ្នានការនិយាយអំពីការរៀបចំបោះឆ្នោត មុនអាណត្តិឡើងវិញដែរ ព្រោះវាខុសរដ្ឋធម្មនុញ្ញ។ តែបើនិយាយពីការកែទម្រង់ (គ.ជ.ប) មិនទាស់ខុសអីទេ ហើយបើចង់ធ្វើក៏ត្រូវចូលក្នុងរដ្ឋសភាសិន ព្រោះការកែទម្រង់ធំៗ ត្រូវធ្វើតាមរយៈការអនុម័តច្បាប់ក្នុងសភា។»
ប្រទេសកម្ពុជា មានភាពជាប់គាំងផ្នែកនយោបាយ ជាង៦ខែមកហើយ ក្រោយការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ភាពជាប់គាំង គឺបណ្តាលមកពីការចរចានយោបាយ បរាជ័យម្តងហើយម្តងទៀត រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាសនោះ។ ការបរាជ័យក្នុងការចរចានយោបាយនោះហើយ ដែលជំរុញឲ្យគណបក្សសង្រ្គោះជាតិ បន្តធ្វើពហិកាមិនចូលប្រជុំសភា តាំងពីក្រោយការប្រកាសលទ្ធផលបោះឆ្នោត រហូតដល់ពេលនេះ។
តែយោងលើការចរចានយោបាយរវាងគណបក្សទាំងពីរ ក្នុងពេលចុងក្រោយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា គណបក្សទាំងពីរបានឯកភាពគ្នាលើ៣ចំណុច៖
ទី១. ស្នើបង្កើតគណៈកម្មការចម្រុះមួយដោយមានសមាសភាពស្មើគ្នា មកពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបើឆ្នោតនាពេលខាងមុខ សំដៅធានាឲ្យការបោះឆ្នោតប្រព្រឹត្តិទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទី២. គណៈកម្មការចម្រុះនេះ ត្រូវរៀបចំឲ្យមានសិក្ខាសាលាថ្នាក់ជាតិមួយ ដើម្បីបើកទូលាយអោយមានការចូលរួមយោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយដែលមានចុះបញ្ជី សង្គមស៊ីវិលដែលមានជំនាញលើការងារបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ។ ទន្ទឹមនេះ ត្រូវបង្កលក្ខណៈងាយស្រួលអោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់សម្រាប់ការកែទម្រង់ការបោះឆ្នោត តាមរយៈវេទិកាសាធារណៈ ។
ទី៣. ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈអោយមានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ មានអង្គការជាតិ និងអន្តរជាតិជាដើម៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១