ខឹម វាសនា ដូចជា«ស្និតស្នាល» ជាមួយអ្នកគាំទ្រស្ត្រី«ជាង»...
- ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 18, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីបង្ហាញពីប្រជាប្រិយភាព ជាមួយអ្នកគាំទ្រ និងស្រឡាញ់ខ្លួន តើអ្នកនយោបាយខ្មែរប្រើប្រាស់វិធីសាស្ត្រអ្វីខ្លះ? ថតរូបរបស់ខ្លួន នៅជាមួយអ្នកគាំទ្រ ឬអ្នកដែលមកសុំថតជាមួយ ដើម្បីយកមកចុះផ្សាយ ក្នុងទំព័រហ្វេសប៊ុកដ៏ពេញនិយម។ ករណីនេះ គេមិនចាំបាច់និយាយដល់លោក ហ៊ុន សែន ដែលមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់នោះទេ ព្រោះចង់មិនចង់ រូបភាពរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានក្រុមអ្នកគាំទ្រ ឬបរិវា ចុះផ្សាយទាំងក្នុងការសែត ទាំងក្នុងទូរទស្សន៍ ឬតាមបណ្ដាញសង្គម ហូរដូចទឹកធ្លាក់ ដោយមិនចាំបាច់ខំប្រឹងឡើយ។
ដោយឡែក ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថតរូបជាមួយបណ្ដាជន គ្រប់ទីកន្លែងដែលលោកបានទៅដល់ ហើយយករូបនោះ មកចុះផ្សាយដើម្បីបង្អួតគេឯង ក្នុងទំព័រហ្វេសប៊ុករបស់លោក។ ហេតុអ្វីបានជាប្រើពាក្យ«ដើម្បីបង្អួត»? ព្រោះបើរូបថតទាំងនោះ ត្រូវបានអ្នកផ្សេងជាអ្នកចុះផ្សាយ ប្រហែលជាទំនងជាង តែនេះខ្លួនឯងជាអ្នកថត ហើយខ្លួនឯងជាអ្នកចុះផ្សាយ ... បើម្ដងឬពីរដង ក៏អ្នកសារព័ត៌មានមិនសូវជាចាប់អារម្មណ៍ប៉ុន្មានដែរ តែនេះរាប់សិបដង! រាប់ភ្លេច!
ប៉ុន្តែដើម្បីកុំឲ្យអន់ជាងគេ លោក ខឹម វាសនា ឯណេះ ដែលជាប្រធាន (ឬជាប្រមុខ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ ក៏បានធ្វើឲ្យគេឃើញ ថាលោកបានចុះផ្សាយនូវរូបថត ដែលលោកបានថតជាមួយអ្នកគាំទ្រ ឬសកម្មជនគណបក្ស យកមកដាក់ក្នុងទំព័រហ្វេសប៊ុកដែរ។ តែអ្វីដែលវាចម្លែកនោះ រាល់រូបថតដែលលោកប្រធាន (ឬប្រមុខ) បានថតជាមួយអ្នកគាំទ្រជាបុរសភេទ គេ«កម្រ»ឃើញលោក ខឹម វាសនា ប្រើដៃ«អោប»ឬក្រៀក«ស្មារ»យកមកផ្អឹបនឹងដើមទ្រូងខ្លួនណាស់ ដែលផ្ទុយពីអ្នកគាំទ្រជាស្ត្រីភេទ ក្មេងៗ ដែលមើលទៅ លោក ខឹម វាសនា ដូចជាបានបង្ហាញពីភាពស្និតស្នាលខ្លាំងសម្បើមជាង។
យើងទុកឲ្យមិត្តអ្នកអានធ្វើការវិន្និច្ឆ័យដោយផ្ទាល់ខ្លួន ជាមួយនឹងរូបថតខាងក្រោម ដែលសុទ្ធតែជារូប ដែលយើងដកស្រង់ ពីគណនីហ្វេសប៊ុករបស់លោក ខឹម វាសនា។