ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

ខុសប្លែកពីថ្ងៃធម្មតា ដែលគេតែងឃើញ ក្រុមអ្នកសុំទាននាំគ្នា សុំតាមនៅតាមដងផ្លូវ ឬតាមកន្លែងផ្សេងៗនោះ ប៉ុន្តែ​នៅ​ក្នុង​រដូវ​ភ្ជំបិណ្ឌ​នេះ អ្នកសុំទានក្មេងចាស់ប្រុសស្រីទាំងនោះ បែរជាបាននាំគ្នាប្រមូលផ្តុំ ទៅសុំទាននៅតាមវត្តវិញម្តង។ តើហេតុអ្វីទៅ?
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 18, 2014
  • ប្រធានបទ: បើកភ្នែកមើល
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដូវភ្ជំបិណ្ឌ បានមកដល់។ នៅតាមទីអារាមនីមួយៗ ក្រៅពីអ្នកដែលយកម្ហូបចំណីទៅវត្ត ដើម្បីឧទ្ទិសកុសល​ឧទ្ទិស​ជូនញាតិសន្តាន ដែលបានចែកឋានទៅហើយនោះ គេនៅឃើញមានទុរគតជនជាច្រើនផ្សេងទៀត ដែលបានធ្វើដំណើរទៅវត្តដែរ តែមិនមែនដើម្បីទៅធ្វើបុណ្យ បញ្ជូនកុសលនោះទេ តែដើម្បីទៅ​«សុំទាន»​ពី​សប្បុរសជនទៅវិញ។

ភាគច្រើនពីក្នុងចំណោមនោះ ជាកុមារៗ ដែលធ្លាប់ដើរសុំទាន និងរើសអេដចាយ បានអះអាងថាការមក​សុំ​ទាននៅក្នុងវត្ត មិនត្រឹមតែបានប្រាក់ច្រើននោះទេ ថែមទាំងទទួលបានបាយម្ហូប ដែលព្រះសង្ឃចែក ដើម្បី​យកទៅផ្ទះនោះថែមទៀត។

កុមារា កក្កដា មានអាយុ១៣ឆ្នាំ ដែលធ្លាប់ដើររើសអេដចាយ ដើម្បីបានកម្រៃតិចតួច ជួយដោះទាល់​ឪពុក​ម្តាយនោះ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលបុណ្យភ្ជំបិណ្ឌនេះ ខ្លួនបានឈប់ រើសអេដចាយ ជាបណ្តោះ​អសន្ន​សិន។ កុមារាដែលមានលំនៅដ្ឋាននៅចំការដូងរូបនេះ បន្តថា ខ្លួនបានមកសុំទាននៅវត្តវិញម្តង ព្រោះ​រក​បាន​ទាំងប្រាក់ ដែលគេចែកទានឱ្យ ហើយបានទាំងម្ហូបដែលព្រះសង្ឃចែកនោះផង។

សម្រាប់ជនទុរគតទាំងនោះ បាយម្ហូបដែលនៅសល់ដ៏ច្រើន នៅអំឡុងពេលរដូវភ្ជំបិណ្ឌនេះ បានក្លាយ​ជា​ចំណីដ៏ពិសេស សម្រាប់ចិញ្ចឹមជីវិត​ និងក្រុមគ្រួសាររបស់ពួកគេ។

មានឳពុកជាអ្នកធ្វើការសំណង់ និងម្តាយដែលកំពុងដេកសម្រាកព្យាបាលនៅឯមន្ទីពេទ្យ កុមារី ភាព (ឈ្មោះ​អ្នកសារព័ត៌មានដាក់ឱ្យ) បានរៀបរាប់ថា បាយម្ហូបដែលព្រះសង្ឃ បានចែកចាយជារៀងរាល់ថ្ងៃ និងប្រាក់​ដែលសុំបានបន្តិចបន្តួចនេះហើយ ដែលជួយសម្រួលឪពុករបស់ខ្លួន ដែលធ្វើការបានប្រាក់តែបន្តិចបន្តួច គ្រាន់​នឹង​យកទៅព្យាលបាលជំងឺម្តាយ និងប្អូន។ កុមារីរូបនេះ បញ្ជាក់បន្ថែមថា ឱ្យតែដល់ថ្ងៃសីល និងថ្ងៃ​បុណ្យ​ទាន នាងតែងតែមកវត្ត និងសុំបាយម្ហូបយកទៅផ្ទះ។

រីឯស្រ្តីចំណាស់ពីរនាក់ មកពីខេត្តកំពង់ស្ពឺ ដែលបានមកសុំទាននៅវត្តក្នុងរាជធានីភ្នំពេញ បា្រប់ដែរថា ប្រាក់​ដែលសុំទាន បានតែមួយថ្ងៃ ពី៤ពាន់ ទៅ៥ពាន់រៀល វាមិនគ្រប់គ្រាន់ឡើយសម្រាប់គាត់។ ដូនចាស់​បាន​ថ្លែងថា តែគឺបាយម្ហូបដែលនៅសល់ ក្រោយព្រះសង្ឃឆាន់រួចនោះទៅវិញទេ ដែលបានឲ្យដូនចាស់បានឆ្អែត និងធ្វើឲ្យប្រាក់ដែលសុំទានបាននោះ នៅសល់គ្រាន់តែនឹងចាយវាយទៅលើអ្វីផ្សេងៗ។

ម្ហូបចំណីដ៏បរិបូរណ៍ពោរពាស តែងត្រូវបានពុទ្ធបរិស័ទ្ធខ្មែរ វេចខ្ចប់តាមប្រពៃណី ដើម្បីយកមកដាក់បិណ្ឌ នៅក្នុងរយៈពេល១៥ថ្ងៃ រាប់ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៤រោច ខែភទ្របទ ដែលជាខែតាម​ទំនៀមទំលាប់​ខ្មែរ។ ប៉ុន្តែម្ហូបចំណីដ៏ច្រើនទាំងនោះ ក្រៅពីយកមកឧទ្ទិសជូនដល់ញាតិសន្ដាន ដែលបានចែកឋានទៅ និង​យកមកប្រគេនព្រះសង្ឃនោះ ពុទ្ធបរិស័ទ្ធខ្មែរទូទៅ ឬក៏ព្រះសង្ឃគង់នៅក្នុងទីអារាមនោះតែម្ដង តែងបាន​ចែករំលែកអាហារទាំងនោះ ទៅដល់ជនខ្សត់ខ្សោយ ដែលនៅតែមានចំនួនច្រើននៅឡើយ សូម្បីតែនៅ​រាជធានីភ្នំពេញ។ ប៉ុន្តែសម្រាប់សប្បុរសជនមួយចំនួនទៀត មិនត្រឹមតែម្ហូបចំណីប៉ុណ្ណោះឡើយ តែថែមទាំង​បានចែកទ្រព្យធន់ ដែលខ្លួនមាននោះទៅទៀត។

ដូចជាករណីរបស់ពុទ្ធបរិស័ទ្ធមួយរូប លោក សុខិន ដែលបានយកបាយម្ហូបវត្ត និងបានចែក​បាយម្ហូប​ទាំង​នោះ ទៅឱ្យអ្នកដែលមានជីវភាពខ្សត់ខ្សោយ បានអះអាងថា បើទោះបីមិនបានឱ្យបាយម្ហូប ក៏លោក​មានជា​លុយ​កាក់ សម្រាប់ឱ្យពួកគេផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...