ប្រេតទាំង១២ពួក និងការបោះបាយបិណ្ឌក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
- ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២ តុលាក ២០១៥
- កែប្រែចុងក្រោយ: October 09, 2015
- ប្រធានបទ: ជំនឿ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបោះបាយបិណ្ឌ ជា «ពិធីបែបទំនៀមទម្លាប់» មួយ ដែលត្រូវធ្វើឡើង ដើម្បីជួយដល់ពពួក «កុណបាសិក្កកប្រេត» ដែលមិនអាចទទួលការឧទិ្ទផលបុណ្យ ពីសាច់ញាតិ ឬមិនមានសាច់ញាតិ ឧទិ្ទផលបុណ្យឲ្យ។ ការបោះបាយបិណ្ឌ នេះត្រូវបានរៀបចំឲ្យមានឡើង ចាប់តាំងពីថ្ងៃបិណ្ឌ១ ដល់បិណ្ឌទី១៥ ដែលជាថ្ងៃចុងក្រោយ ឬហៅថា «ភ្ជុំបិណ្ឌ»។ តាមការអះអាង និងសរសេរក្នុងសៀវភៅមួយ ឈ្មោះថា «ប្រវត្តិប្រេត១២ពួក» ដោយព្រះតេជគុណ យិន រតនសុធាវី បានលើកឡើងថា តាមការត្រាស់សម្តែង របស់ព្រះសម្មាសម្ពុទ្ធ ពពួកប្រេត មានច្រើនប្រភេទ ដែលរួមមានប្រភេទ១២ពួក ប្រភេទ២១ពួក និងប្រភេទ៣ពួក។
ព្រះតេជគុណ បានលើកឡើងថា តាមព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ពពួកប្រេត ដែលអាចទទួលយក «ការឧទិ្ទសកុសល» បាននោះ មានតែពពួកប្រេត ដែលមានឈ្មោះថា «បរាតទោបជីប្រេត»ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ មានអំណាច អាចបណ្តាលឲ្យឃើញ វត្ថុឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន តែពេលថ្ងៃ ជាប្រេតសោយទុក្ខវេទនា យ៉ាងសែនខ្លោចផ្សា។ ពួកខ្លះអត់ឃ្លាន មានមាត់ប៉ិនម្ជុល។ ពួកខ្លះ ត្រូវស៊ីរបស់បដិកូល (របស់មិនស្អាត) ដូចជាសាកសពសត្វជាដើម។ ជាមួយគ្នានេះ ព្រះតេជគុណ យិន រតនសុធាវី បានលើកយកប្រភេទ នៃពួកប្រេត១២ពួក មកធ្វើការពន្យល់ដូចខាងក្រោម៖
ប្រេតប្រភេទទី១ ឈ្មោះ «វន្តាសប្រេត»៖ ជាប្រេត ស៊ីតែរបស់ ឬស៊ីតែកំហាក ដែលគេស្តោះ ឬគេខ្ជាក់ចេញពីមាត់។ ប្រេតនេះ មានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំ មិនដែលស្គាល់បាយ។ ជាប្រេតមិនបានធ្វើបុណ្យ ដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារ ឲ្យអ្នកមានសីលខ្ពស់ ។
ប្រេតប្រភេទទី២ ឈ្មោះ «កុណបាសប្រេត»៖ ប្រេតនេះ ស៊ីតែសពខ្មោច។ ជាប្រេតអត់បាយរាប់កោដិឆ្នាំ ហើយស៊ីតែខ្ទុះឈាម នៃសពខ្មោចឥតបានប្រយោជន៍ទេ។ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ ដែលខ្លួនបានសាងឡើង។ ប្រេតប្រភេទនេះ មានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួន មិនសមប្រកប និងធុំក្លិនខ្លួនស្អុយអសោចិ៍។
ប្រេតប្រភេទទី៣ ឈ្មោះ «គូថខាទក»៖ ជាប្រេតស៊ីតែលាមក។ ជាប្រេត មានភ្នែករឹងទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ក្លិនស្អុយ ខ្មោះៗសាច់ស្រែងកក្រោះ ដៃជើងធំស្ទក់ ខំដើរស្កាត់រកគំនរលាមក មកធ្វើចំណី។ ប្រេតនេះ រស់នៅដោយស្វែងរក«លាមក» ធ្វើជាចំណី រាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ។
ប្រេតប្រភេទទី៤ ឈ្មោះ«អគ្គិជាលមុខ»៖ ជាប្រេតច្រើន រស់នៅតាមដងព្រៃជ្រៅ ញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក និងពុំអាចឆីចំណីបាន ។ ប្រេតនេះមានភ្លើងឆេះ រោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ពួកប្រេតនេះ គឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន។ ជាមនុស្សប៉ោឡែលេង នឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ។
ប្រេតប្រភេទទី៥ ឈ្មោះ«សូចិមុខ»៖ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះ ស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅ ដោយផលកម្មដែលខ្លួនបានសាង។ កាលពីជាតិមុន មិនបានធ្វើបុណ្យ មានទ្រព្យច្រើន តែចិត្តកំណាញ់មិនដាក់ទាន ឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ។ ប្រេតនេះ មានមុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ក្រចកដៃសោតស្រែងស៊ីសុសដុំ ដុះវែង ក្រាស់ចោតដូចជើងភ្នំ សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។
ប្រេតប្រភេទទី៦ ឈ្មោះ «តណ្ហដិ្ឋត»៖ ប្រេតនេះ ច្រើនរស់នៅក្នុងព្រៃជ្រៅ ដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះ ស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយ ទៅជាក្រួសថ្មទៅវិញ ។ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗ ខ្លួនធំដូចយក្ស សាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយារធ្លាក់សំយេះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។
ប្រេតប្រភេទទី៧ ឈ្មោះ «សុនិជ្ឈាមក»៖ ប្រេតនេះ ច្រើនរស់នៅក្នុងព្រៃជ្រៅ ឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង។ ព្រោះខ្លួនចង្រៃ ប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡាយ បញ្ឆោតអ្នកមានសីល ឲ្យអាប់កិត្តិយស។ ជាប្រេត ដែលមានរូបរាងកាយគ្រាំគ្រា គ្មានពេលស្បើយ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅក្ងិត រាងខ្ពស់ស្គមស្វិតដៃជើងក្រោះ ម្រាមដៃដុះចង្កា។ ត្រចៀកបាក់ធ្លាក់យារដាប ដល់ស្មា សក់ក្បាលវែងអាក្រក់ពេកក្រៃ។ ប្រេតនេះ មានកម្មក្រាស់ណាស់ បើមានចំណី គឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ។
ប្រេតប្រភេទទី៨ ឈ្មោះ «សត្ថង្គ»៖ ជាប្រេតរស់នៅ ក្នុងព្រៃជ្រៅលើកោះ មានច្រើនរាប់ម៉ឺនសែនលាន។ កាលពីជាតិមុន អត់បានធ្វើបុណ្យ មានចិត្តកាច ។ ប្រេតនេះ ច្រើនរស់នៅឫស្យា ប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូន ជីតា ឬញាតិសន្តានបំភ្លេចគុណគេ បែរជាឲ្យទោសគេទៅវិញ។ ជាប្រេតមានដំបៅពេញរាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ។ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពោះពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បាន គឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ។ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់។
ប្រេតប្រភេទទី៩ ឈ្មោះ «បព្វតង្គ»៖ ប្រេតនេះ ច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ។ ជាប្រេតមានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី។ ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ។ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើន និងទ្រាំរស់នៅបែបបនេះ រាប់រយឆ្នាំទៀតលុះអស់កម្មពៀរ។ កាលពីជាតិមុន ជាមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំឈ្លោះប្រកែក និងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ ដែលខ្លួនបានសាង។
ប្រេតប្រភេទទី១០ ឈ្មោះ «អជគរង្គ»៖ ប្រេតនេះ ច្រើនរស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រលើដុំសិលា។ មានក្បាលច្រើនប្រភេទ ដូចជាពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី...។ ប្រេតនេះចម្លែក មានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវៀនលើដី ធំវែងដូចភ្នំ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ កាលពីជាតិមុន មិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែឪ ជីដូនជីតា ជេរអ្នកមានគុណថាឆ្កែឆ្មា។ ចំពោះព្រះសង្ឃ ក៏មិនខ្លាចប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើង គ្រប់ពេលវេលាបែបនេះ ។
ប្រេតប្រភេទទី១១ ឈ្មោះ «វិមានិក»៖ ប្រេតនេះ គេហៅថា យមរាជទៅកាប់សត្វនរក ឈាមប្រឡាក់ព្រាច ពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសោយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះ មានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍។ ដល់ពេលសោយទុក្ខ កើតជាប្រេតចង្រៃរងទុក្ខវេទនា ទាំងយប់ទាំងថ្ងៃ។ មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខទុក្ខស្មើគ្នា។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា។ កាលពីជាតិមុន ជាមនុស្សស៊យប្រព្រឹត្តលេលា បានធ្វើទានខ្លះធ្វើតាមទម្លាប់ គឺបុណ្យក៏ធ្វើបាប ក៏ធ្វើក្នុងន័យប្រមាថ ដូចនេះហើយ ទើបផលកម្មសងទាំងពីរបែបនេះ។
ប្រេតប្រភេទទី១២ ឈ្មោះ «មហិទ្ធិក»៖ ជាប្រេត ដែលមានរូបល្អពេញទី ជា«ស្តេចនៃប្រេត»។ អ្នកមានឫទ្ធីល្អ ឥតមានពីរស្មើរូបទេព្តា។ មានគ្រឿង ស្លៀកពាក់ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារអ្វីៗ ត្រេកអរលើសលន់ ខំស្ទុះទៅចាប់ ភ្លើងឆេះពេកពន់។ បើមិនដូចនោះទេ ឃើញហើយ ខំស្ទុះចាប់កើបស្រវា បានដាក់ក្នុងមាត់ លេបទៅកាលណា ស្រាប់តែក្លាយជាដុំដែកក្រហមច្រាលឆ្អៅ ឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់។ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ។ ប្រេតនេះ កាលពីជាតិមុន បួសក្នុងសាសនាប្រមាថសុសសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភសាសនាវិន័យសិក្ខាមិនប្រតិបត្តិ។
តាមបែបទំនៀមទម្លាប់ ពិធីបោះបាយបិណ្ឌនេះ ជាពិធីមានន័យណាស់។ តែសម័យបច្ចុប្បន្ន បែរជាមានយុវវ័យមួយចំនួន យកពិធីនេះទុកជាការលេងសើច។ ដោយខ្លះ បានយកបាយបិណ្ឌគប់គ្នាលេង ខ្លះទៀតនោះយកលេសថា ទៅបោះបាយបិណ្ឌ តែបែរជាណាត់ជួបគ្នា និងទុកជាកន្លែងទាក់ទងស្នេហាទៅវិញ។ យុវជន យុវនារីទាំងអស់ ដែលទៅបោះបាយបិណ្ឌ ត្រូវតែស្តាប់ឱវាទព្រះសង្ឃ និងអាចារ្យ និងត្រូវបោះដោយសេចក្តីគោរព។
» សូមអានអត្ថបទទាក់ទងបន្ថែម ដោយចុចនៅលើទីនេះ។៖
សូមបញ្ជាក់ថា ទាក់ទងនឹងជីវិតរស់នៅរបស់ប្រេតនេះ ភិក្ខុ លោក ស៊ីវ ស៊ុន (អ្នកនិពន្ធបទផ្ញើប្រាណ លើផ្កាឈូកស ឬភ័ព្វសំណាង) បាននិពន្ធនូវ«ល្បើកប្រេត» ដែលរៀបរាប់ពីប្រភេទនីមួយៗ នៃប្រេត ការឈឺចាប់ ការស្រេខឃ្លាន និងការរស់នៅ របស់ពពួកប្រេតទាំងនោះ។ ដោយឡែក «ទំនួញប្រេត» និពន្ធ និងស្មូតដោយ លោក ពេជ្រ សុខា ដែលច្រៀងរៀបរាប់ពីទុក្ខ បុណ្យ បាប របស់ឪពុកម្តាយដែលបានស្លាប់ និងកើតទៅជាប្រេត ព្រោះតែដើម្បីកូនៗ។ នេះបើតាមសង្ឃដីការ របស់ព្រះតេជគុណ យិន រតនសុធាវី។
សូមស្តាប់និងទស្សនាដូចខាងក្រោម៖
វីដេអូខាងក្រោមមួយទៀត ជាការសម្តែង និងឆ្លុះបញ្ចាំង អំពីជីវភាពនៅឋាននរក នៃពពួកប្រេតទាំ១២ពួក ពោរពេញដោយមានទុក្ខញំញី ដ៍យ៉ាងក្រៃលែង។ វីដេអូនេះ ត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកឈ្មោះ លីម ហុក (Lim Hok) និងបានចម្លែងចែកចាយគ្នា ជាបន្តបន្ទាប់។ ពិធីនេះ ត្រូវបានរៀបចំឲ្យមានឡើង ជារៀងរាល់ឆ្នាំ ពិសេសនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលអ្នកសុកនោះ បានយកមនុស្សធ្វើជាប្រេត សម្រាប់លេងក្នុងថ្ងៃបុណ្យភ្ជុំ។ នេះបើតាមការអះអាង របស់ម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ គីម សេង (Seng Kim)។