ញ៉ូហ្សេឡេន៖ ​កំពុង​ដើរ​ឆ្លង​ស្ពាន​យោង ស្រាប់​តែ​ខ្សែ​ចង​ស្ពានដាច់!

ជាសំណាងល្អ អ្នកទេសចរណ៍ទាំងប៉ុន្មាននាក់នោះ មិនបានរងគ្រោះ ឬមាន​របួស​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ពួក​គេ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង នៅខាងក្រោមស្ពាន។
អ្នកទេសចរណ៍ទាំងបួននាក់ បានដើរឆ្លងស្ពាន ដើម្បីបញ្ចប់ផ្លូវដើរប្រមាណជា ៤៤គីឡូម៉ែត្រ របស់ពួកគេ... តែខ្សែកាបចងយោងស្ពាន បានដាច់!
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៩ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 12, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេច្រើនតែជួបករណីបែបនេះ នៅក្នុងភាពយន្ដ... តែនេះគឺអ្នកទេសចរណ៍ខ្លួនឯង ដែលបានដើរឆ្លងកាត់​ស្ពាន ដោយមានកាម៉េរ៉េថត​ជាប់នឹងខ្លួនផង បានធ្លាក់ពីលើស្ពាននោះ ចុះទៅក្នុងទឹកស្ទឹង កំពស់៨ម៉ែត្រក្រោម​ស្ពាន។ ហេតុការណ៍ បានកើតឡើង តាំងពីដើមខែកញ្ញា ក្នុងប្រទេសញ៉ូហ្សេឡេន តែវីដេអូដែលថតជាប់ពី​ហេតុ​ការណ៍ ទើបនឹងត្រូវបាន​យកមកបង្ហោះ នៅដើមខែតុលានេះប៉ុណ្ណោះ ដើម្បីទុកជាមេរៀនដល់ទេសចរណ៍ ឬអ្នក​ដំណើរ​ណាផ្សេង ដែលចង់ដើរកាត់ស្ពានយោង ដែលមានសភាពចាស់ទ្រុឌទ្រោម។

អ្នកទេសចរណ៍ទាំងបួននាក់នោះ សុទ្ធសឹងជាជនជាតិបារាំង បានចំណាយពេល៤ថ្ងៃ ដើម្បីធ្វើដំណើរត្រាច់ចរ តាមបែបកីឡា នៅលើដងផ្លូវចំងាយ៤៤គីឡូម៉ែត្រ លើព្រៃភ្នំដែលមានឈ្មោះ «Great Walk» នៃបឹង «Waikaremoan» ស្ថិតលើកោះភាគខាងជើង នៃប្រទេសញ៉ូហ្សេឡេន។ លោក អាឌ្រីអង់ វីស្លើរ (Adrien Whistler) ទេសចរណ៍ម្នាក់ ពីក្នុងចំណោមទេសចរណ៍ទាំង៤ បានថ្លែងឡើង នៅក្នុងវីដេអូថា៖ «បន្ទាប់ពី​ដើរ​ត្រាច់ចរ បាន៤ថ្ងៃ ក្នុងចំងាយ៤៣គីឡូម៉ែត្រ យើងបានមកដល់ស្ពានចុងក្រោយគេ នៃដងផ្លូវ "Great walk"»។

តែបន្ទាប់ពីពួកគេ បានដើរឆ្លងស្ពាននេះ បានបន្តិច ស្រាប់តែសម្លេងមិនធម្មតាមួយ បានលាន់ឮឡើង៖ ខ្សែ​កាប​ដែលចងយោងស្ពាន​បានដាច់ ហើយទេសចរណ៍ទាំងបួននាក់ បានធ្លាក់ចូលទៅក្នុងស្ទឹង។ ទេសចរណ៍​ស្ត្រី​​ជាតិ​បារាំងម្នាក់ បានសរសេររៀបរាប់ នៅក្នុងគេហទំព័រកត់ត្រារបស់ខ្លួនថា៖ «នៅពេលធ្លាក់ចូលក្នុងទឹករួច ខ្ញុំ​បាន​ខំប្រឹងងើបឈរឡើងបន្តិចម្ដងៗ ហើយខ្ញុំបានដឹងថា ខ្ញុំមិនមានរបួសអ្វីឡើយ។ ខ្ញុំបានសម្លឹងមើលជុំវិញខ្ញុំ និង​រកមើលអ្នកឯទៀត។»

បើតាមអ្នកទទួលខុសត្រូវប្រចាំតំបន់ព្រៃភ្នំនោះ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងដោយសារ ខ្សែ​កាបដែលចងយោងស្ពាន បានដាច់។ អ្នកទទួលខុសត្រូវរូបនោះ បានថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុង «New Zealand Herald» ថា៖ «ខ្សែកាបនេះ បានទប់លំនឹងឲ្យស្ពាន។ អញ្ចឹងបើវាដាច់ហើយ អ្នកដែលដើរនៅ​លើ​ស្ពាន នឹងធ្វើឲ្យស្ពានឃ្លោង ហើយក្រឡាប់ ទើបពួកគេធ្លាក់​យ៉ាងដូច្នេះ។»

សម្រាប់អ្នកដើរព្រៃទាំងបួននាក់ ដែលមិនមានរងរបួសអ្វីសោះនោះ បានអះអាងថា ពួកគេមាន​អារម្មណ៍​ភិត​ភ័យ ហើយចង់ធ្វើការផ្ដែផ្ដាំ ទៅកាន់អ្នកដើរព្រៃទាំងឡាយ ថាត្រូវតែប្រយ័ត្នជាប់ជានិច្ច ទៅនឹងឧបសគ្គនានា ដែលអាចកើតឡើង។ ជាពិសេស មិនត្រូវទុកចិត្តទាំងស្រុង ទៅលើស្ពានមួយ ដែលមានលក្ខណៈទ្រុឌទ្រោម មិនមានភាពជាប់លាប់ដូច្នេះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...