អាមេរិក​និង​អង់គ្លេស​បញ្ជូន​កម្លាំង ទៅ​ជួយ​​សង្គ្រោះ​កុមារ​​ថៃបាត់​ខ្លួន​១២នាក់

ទាហានអាមេរិក និងអ្នកជំនាញ​អង់គ្លេស​ខាងមុជទឹក បានធ្វើដំណើរមកប្រទេសថៃ ក្នុងថ្ងៃព្រហស្បត្តិនេះ ដើម្បីចូលរួមសង្គ្រោះកុមារ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​មួយនាក់ ដែលបានជាប់ខ្លួន នៅក្នុងល្អាងភ្នំមួយ។
អាមេរិក​និង​អង់គ្លេស​បញ្ជូន​កម្លាំង ទៅ​ជួយ​​សង្គ្រោះ​កុមារ​​ថៃបាត់​ខ្លួន​១២នាក់
នៅច្រកចូល នៃរូងភ្នំ «» ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ជាប់ព្រំប្រទល់ ភូមា និង ឡាវ។ (រូបថត Cheang Ray Time)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 28, 2018
  • ប្រធានបទ: បាត់ខ្លួន​ក្នុង​រូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរុុករកកុមារ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលបានបាត់ខ្លួន តាំងពី៥ថ្ងៃកន្លងមក នៅក្នុងរូងភ្នំមួយ ដែលពេញប្រៀបដោយទឹកភ្លៀង ស្ថិតនៅភាគខាងជើង នៃប្រទេសថៃ ទទួលបានការជួយឈឺឆ្អាលបន្ថែមទៀត ក្នុងថ្ងៃព្រហ្បត្តិ ទី២៨ ខែមិថុនានេះ ពីសំណាក់ទាហានអាមេរិក និងក្រុមអ្នកជំនាញ ខាងមុជទឹកអង់គ្លេស។

ទឹកភ្លៀង បានជន់លិចរូងភ្នំ និងចេះតែបន្តឡើង ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល។ អាជ្ញាធរថៃបានថ្លែងឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាន ភ្លៀងបានបន្តធ្លាក់ យ៉ាងជោគជាំ នៅក្នុងខេត្ត ឈៀង រ៉ៃ (Chiang Rai) និងបានធ្វើឲ្យ ក្រុមអ្នកមុជទឹកអង់គ្លេស​​មួយចំនួន បង្ខំចិត្តត្រូវបោះបង់ចោល ការស្វែងរកជនបាត់ខ្លួន។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» រដ្ឋាភិបាលក្រុង បាងកក បានអះអាងថា កាលពីយប់ម្សិលម៉ិញនេះ ទាហានអាមេរិកាំងជាច្រើនណាស់ បានមកដល់ ដើម្បីបន្ថែមកម្លាំងរុករក។ ដំណឹងនេះ ក៏ត្រូវបានអះអាងដោយស្ថានទូតអាមេរិក ប្រចាំនៅប្រទេសថៃដែរ។ ប្រភពមួយទៀត ចេញពីយោធាថៃ បានថ្លែងថា៖ «ទាហានអាមេរិកទាំងនោះ មានឯកទេសខាងមុជទឹក និងខាងការសង្គ្រោះ នៅក្នុងសមុទ្រ»។

កាលពីសៅរិ៍មុន បន្ទាប់ពីការហ្វឹកហាត់បាល់ទាត់រួច កុមារទាំង១១នាក់ ដែលមានអាយុពី១១ ដល់ ១៦ឆ្នាំ និងគ្រូបង្វឹកបាល់ទាត់ អាយុ២៥ឆ្នាំ របស់ពួកគេម្នាក់ បានចូលទៅក្នុងរូបភ្នំ «Tham Luang» ដែលស្ថិតនៅក្បែរព្រំប្រទល់ ជាមួយប្រទេសភូមា និងឡាវ។ រូងភ្នំនោះ មានបណ្ដោយ​វែង​ជាច្រើនគីឡូម៉ែត្រ។

ប៉ុន្តែភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងជាប់ៗគ្នា បានជន់លិចច្រកចូល នៃរូងភ្នំ។ អាជ្ញាធរបានប្រើស្នប់ ដើម្បីបូមទឹកចេញ។ កងទ័ពថៃបានថ្លែង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ក្រុមអ្នកមុជទឹក បានត្រៀមចុះរុករកជាថ្មី នៅពេលណាទឹកបានស្រក ទៅដល់កម្រិតមួយ ដែលអាចធ្វើការបាន»។

សម្រាប់ក្រុមគ្រួសារវិញ បានសំដែងក្ដីបារម្ភ របស់ពួកគេ និងអះអាងថា ពួកគេមិនមានដំណឹងអ្វីបន្ថែម ពីអាជ្ញាធរថៃ ជុំវិញសុវត្ថិភាពរបស់កូនក្មួយ របស់ពួកគេ​នៅឡើយ។

នៅថ្ងៃដំបូង នៃការរុករក គេមិនបានរកឃើញស្លាកស្នាម នៃក្រុមអ្នកបាត់ខ្លួន ណាមួយទេ។ អាជ្ញាធរបានគិតថា ពួកគេទំនងជារកបាន ទីសុវត្ថិភាពមួយកន្លែង ដែលនៅឆ្ងាយពីច្រកចូល និងដែលអាចបញ្ជៀសពួកគេ ពីទឹកភ្លៀងជន់លិច។ នៅនឹងច្រកចូល នៃល្អាងភ្នំ មានផ្លាកប៉ាណូមួយ ដាក់បម្រាមមិនឲ្យចូល ទៅទីនោះ នៅក្នុងអំឡុងរដូវវស្សាឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...