អ៊ែរ ឆាយណា នឹងភ្ជាប់ជើងហោះហើរ ពីប៉េកាំង មកសៀមរាប
ក្រុមហ៊ុន អ៊ែរ ឆាយណា (Air China) ឬអាកាសចរណ៍ចិន នឹងបើកឲ្យមានសេវាកម្មហោះហើរមួយ ចាប់ពីថ្ងៃទី០១ខែធ្នូខាងមុខនេះទៅ រវាងរដ្ឋធានីប៉េកាំង ប្រទេសចិន និងទីក្រុងសៀមរាប ដែលសម្បូរទៅដោយប្រាសាទបូរាណរបស់ខ្មែរ។ ដូច្នេះសម្រាប់អ្នកទេសចរណ៍ក្នុងពិភពលោក ដែលមានបំណងចង់ទៅទស្សនាប្រាសាទបូរាណនានា របស់អតីតរាជធានីរបស់ចក្រភពមួយនោះ គេអាចស្វែងរកសេវាកម្មហោះហើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ចិនបាន។
យន្ដហោះរបស់អាកាសចរណ៍ អ៊ែរ ឆាយណា ប្រភេទប៊ូអីញ ៧៤៧ (Air China Boeing 747)។ (រូបថត wikimedia.org)
រាជធានីភ្នំពេញ - គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានផ្សាយពីដំណឹងដ៏គួរឲ្យរីករាយនេះ កាលពីថ្ងៃទី៣១ខែតុលាកន្លងទៅ។ គេហទំព័របានសរសេរថា ទីរួមខេត្តសៀមរាប ជាទីក្រុងដែលនៅជិតបង្កើយនឹងអតីតរាជធានីបូរាណ ដែលសម្បូរទៅដោយប្រាសាទចាស់ៗ ជាពិសេសប្រាសាទអង្គរវត្តដែលត្រូវបានគេស្គាល់ល្បីរន្ទឺពេញពិភពលោក ថាជាអច្ឆះរិយៈវត្ថុមួយ ក្នុងចំណោមអច្ឆះរិយៈវត្ថុទាំងប្រាំពីរផ្សេងទៀត។
ជាងនេះទៅទៀត ទីរួមខេត្តសៀមរាប មានលក្ខណៈដាច់ដោយឡែកមួយបើប្រៀបធៀប ទៅនឹងភាពទំនើបកម្ម ឬចរាចរណ៍វក់វី នៃរាជធានីភ្នំពេញ។ ខេត្តសៀមរាប ជាច្រកដ៏សំខាន់ សម្រាប់ឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរ ដែលកើតមានជាយូរលង់ ជាពិសេសនៅក្នុងសម័យកាលនៃចក្រភពខ្មែរដ៏រុងរឿង។
មូលហេតុទាំងប៉ុន្មានខាងលើនេះហើយ ដែលទំនងជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន បានជ្រើសរើសភ្ជាប់ការហោះហើររបស់ខ្លួនមួយទៀត ដោយផ្ទាល់ពីរដ្ឋធានីប៉េកាំង ឆ្ពោះមកទីក្រុងសៀមរាប ដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ឬរាជធានីបាងកក ដូចក្នុងពេលកន្លងមក។ នៅពេញមួយខែធ្នូឆ្នាំ២០១៣ នឹងអាចមានជើងហោះហើរពីរដង ក្នុងមួយសប្ដាហ៍ នៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ ប៉ុន្តែ ចាប់ពីដើមឆ្នាំ២០១៤ទៅ ជើងហោះហើរ នឹងត្រូវបង្កើនឡើងរហូតដល់ទៅបួនដង ក្នុងមួយសប្ដាហ៍ នៅថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ។
អាកាសចរណ៍ចិន មានបំណងចង់បង្កើតសេវាកម្មរបស់ខ្លួន ជាច្រើនទៀតក្នុងពេលខាងមុខ ឆ្ពោះទៅកាន់រមនីយដ្ឋានទេសចរណ៍នៃប្រទេសមួយចំនួនទៀត ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ និងបន្ថែមជើងហោះហើរកាន់តែច្រើនទៀត ទៅលើជើងហោះហើរ ដែលមានស្រាប់ហើយក្នុងពេលនេះ។ ការរីកចម្រើននេះ ត្រូវបានគេមើលឃើញថា ដោយសារតែប្រជាជនចិន ដែលមានលទ្ធភាពធ្វើដំណើរទៅកំសាន្ដនៅក្រៅប្រទេស មានចំនួនកាន់តែច្រើនឡើងៗ។ តាមរបាយការណ៍មួយចេញផ្សាយពីពេលថ្មីៗ របស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ចំនួនអ្នកទេសចរណ៍ចិន ក្នុងប្រាំមួយខែដំបូងនៃឆ្នាំ២០១៣ មានចំនួនកើនឡើងខ្លាំង រហូតដណ្ដើមបានចំណាត់ថ្នាក់លេខ២ ពីប្រទេសកូរ៉េខាងត្បូង ដែលទទួលបានក្នុងសម័យកាលមុននេះ៕
--------------------------------------------------------
ដោយ៖ កេសរកូល - ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ