កម្លាំង​បង្រ្កាប​ត្រូវ​ដាក់​ឲ្យ​ប្រឈម​មុខ​ ជា​មួយ​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី

ខណៈការចរចារវាងតំណាងក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) និងតំណាងកម្មករ នៅ​បន្តអូសបន្លាយដល់ថ្ងៃទី៥ និងមិនទាន់ឈានដល់ការឯកភាពគ្នាផងនោះ វត្តមានសន្តិសុខសាលាក្រុង និងកម្លាំង​សមត្ថកិច្ចប្រដាប់ដោយដំបង និងខែលរាប់សិបនាក់ត្រូវបានគេដាក់ពង្រាយឲ្យប្រឈមមុខជាមួយកម្មករ នៅមុខ​ទីតាំងមួយកន្លែងរបស់ក្រុមហ៊ុនស៊ីនទ្រី នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈការចរចារវាងតំណាងក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) និងតំណាងកម្មករ នៅ​បន្តអូសបន្លាយដល់ថ្ងៃទី៥ និងមិនទាន់ឈានដល់ការឯកភាពគ្នាផងនោះ វត្តមានសន្តិសុខសាលាក្រុង និងកម្លាំង​សមត្ថកិច្ចប្រដាប់ដោយដំបង និងខែលរាប់សិបនាក់ត្រូវបានគេដាក់ពង្រាយឲ្យប្រឈមមុខជាមួយកម្មករ នៅមុខ​ទីតាំងមួយកន្លែងរបស់ក្រុមហ៊ុនស៊ីនទ្រី នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


កងកម្លាំងដែលត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការក្រុមហ៊ុន ស៊ីនទ្រី។ (រូបថត MONOROOM.info/ KT)

វិបត្តិការងារ - លោក ប្រាក់ សុខា តំណាងក្រុមកម្មករ ដែលធ្វើកូដកម្មនៅក្រុមហ៊ុនស៊ិនទ្រី បានអត្ថាធិប្បាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៥ ខែកុម្ភៈ នេះថា រហូតមកដល់ពេលនេះ ការចរចារវាងក្រុមហ៊ុន និងកម្មករ មិនទាន់មានការឯកភាពគ្នាទាំងស្រុងនៅឡើយទេ ហើយចំណុចដែលបានស្រុះស្រួលគ្នានោះ មានតិចតួចបំផុត។

តំណាងក្រុមកម្មករដដែលនេះ បញ្ជាក់ថា៖ «វាពាក់ព័ន្ធនឹងប្រាក់ឈ្នួល។ កម្មករអូសរទេះ និងកើបវេនថ្ងៃ ខ្ញុំទារ​១៣៥ដុល្លារ តែក្រុមហ៊ុនឲ្យ៩០ដុល្លារ។ កម្មករអូសរទេះ និងកើបវេនយប់ កម្មករទារ១៥០ដុល្លារ តែក្រុមហ៊ុន​ឲ្យ​១១០ដុល្លារ។ អ្នកបើកបរវេនថ្ងៃ កម្មករទារ១៥៥ដុល្លារ តែក្រុមហ៊ុន ឲ្យ១២០ដុល្លារ។ អ្នកបើកបរវេនយប់ កម្មករ​ទារ១៧០ដុល្លារ តែក្រុមហ៊ុនឲ្យ១៣៥ដុល្លារ។ បញ្ហាទាំងប៉ុន្មាននេះ មិនទាន់ឯកភាព។ ការចរចា បានទទួល​លទ្ធផលស្តើងណាស់»។

ផ្ទុយមកវិញសម្រាប់ប្រធានក្រុមហ៊ុនស៊ិនទ្រី លោក សេង សាវី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងនៅ​ថ្ងៃនេះ​ដែរថា៖ «ខ្ញុំកំពុងតែឈរដោះស្រាយ។ ៨០ភាគរយ យល់ព្រមគ្នាហើយ។ ២០ភាគរយទៀត អត់យល់ព្រម។ ខ្ញុំ​និយាយខ្លីៗ។ ខ្ញុំមានពេលតិចណាស់។ ដោយឡែក ចំពោះការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ប្រធានក្រុមហ៊ុន​ស៊ិនទ្រី​រូបនេះ បញ្ជាក់ថា៖ «កម្លាំងកំពុងដាក់នៅហ្នឹងជាប់ ហើយកំពុងឈានដល់ការជជែក។ អភិបាលរង​រាជធានី​ភ្នំពេញ ក៏កំពុងតែដោះស្រាយ និង ពិភាក្សាជាមួយគ្នាហ្នឹង។ ខ្ញុំក៏កំពុងរង់ចាំលទ្ធផល។»

ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ក្នុងពេលដែលការចរចា ស្ថិតនៅក្នុងភាពប្រទាញប្រទង់នោះ ត្រូវបានលោក ប្រាក់ សុខា ជាតំណាងក្រុមកម្មករបានពន្យល់ថា កម្មករមិនមានការព្រួយបារម្ភចំពោះវត្តមានរបស់សមត្ថកិច្ចនោះទេ។ តែបញ្ហានៅត្រង់ថា អភិបាលរងរាជធានីភ្នំពេញ សុំយករថយន្តដឹកសំរាមចេញទៅធ្វើការ តែខាងក្រុមកម្មករ​មិន​ព្រមឲ្យចេញនោះទេ។ លោក ប្រាក់ សុខា បញ្ជាក់ថា៖ «ខ្ញុំទទូចអង្វរដល់ក្រុមហ៊ុន និងរដ្ឋាភិបាល ត្រូវគិតថា កម្មករ​កើបសំរាមនៅស្រុកខ្មែរហ្នឹង គឺទាបថោកណាស់។ ការទាមទារប៉ុណ្ណឹងមិនធ្ងន់ធ្ងរដល់ក្រុមហ៊ុនទេ។ យើងគិតមើល​ទំនិញឥឡូវឡើងថ្លៃខ្លាំងណាស់៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...