ហ្វេសប៊ុក ផេភើរ (Facebook Paper) កម្មវិធីថ្មីរបស់ហ្វេសប៊ុក
ដើម្បីឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មីកាន់តែងាយស្រួលប្រើជាងមុន ក្នុងការទទួលបានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់ ពីមិត្តភក្តិនោះ ឥឡូវនេះហ្វេសប៊ុក ទើបនឹងចេញឲ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយ សម្រាប់ធ្វើការងារទាំងនេះ ឈ្មោះហៅថា ហ្វេសប៊ុក ផេភើរ។
រូបថតផ្ដិតចេញពីអេក្រង់នៃកម្មវិធីថ្មី ហ្វេសប៊ុក ផេភើរ របស់បណ្ដាញសង្គមដ៏ល្បីឈ្មោះ ហ្វេសប៊ុក។
បច្ចេកវិទ្យា - ប្រភពសារព័ត៌មានជាច្រើនតែងតែបង្ហើបថា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) មានបំណងឲ្យអ្នកប្រើទាំងអស់អាចធ្វើការសរសេរនូវខ្លឹមសារចែកចាយ ជាទម្រង់ប្លក់ក៏ដូចជា សរសេរព័ត៌មានផ្សេងតាមតម្រូវការជាដើម។ ពិតណាស់កាលពីថ្ងៃម្សិលម៉ិញនេះ ក្រុមហ៊ុនទើបបានប្រកាសចេញនូវកម្មវិធី ហ្វេសប៊ុក ផេភើរ (Facebook Paper) ថ្មីសម្រាប់ អ្នកប្រើ iOS ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីតាមរយៈការរចនារបស់ក្រុមហ៊ុន។ ហ្វេសប៊ុក ផេភើរ អាចហៅថា ជាកម្មវិធីសម្រាប់អាន ដែលអាចឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មីកាន់តែងាយស្រួលប្រើជាងមុន ក្នុងការទទួលបានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់ពីមិត្តភក្តិរបស់អ្នក។ នេះបើតាមការឲ្យដឹងពីប្រភពគេហទំព័រ techland.time.com កាលពីពេលម្សិលម៉ិញនេះ ។
លក្ខណសម្បត្តិរបស់ ហ្វេសប៊ុក ផេភើរ ៖
- ស្វែងរករឿងរាវចេញពីហ្វែកប៊ុកញ៉ូហ្វីត (Facebook New Feed) របស់អ្នកនៅក្នុងទម្រង់ថ្មីស្រស់ស្អាត
- អាចកែតម្រូវនូវប្រភេទក្រដាស់ (Paper) ទៅតាមផ្ទៃដែលអ្នកចូលចិត្ត
- អាចបើករកខ្លឹមសារថ្មីដែលនៅខាងក្រោមដូចជាបើកទំព័រសៀវភៅ
- អាចដាក់ screen ទ្រេតចុះឡើងជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់នៃរូបភាព
- ទស្សនាវីឌីអូក្នុងទំហំពេញច្បាស់ល្អ
- មានលក្ខណៈសាមញ្ញងាយប្រើម្រាមដៃទៅតាមធម្មជាតិនៃការរស់នៅ
- អាចរៀបចំនិងទស្សនារូបរាងពិតមុនពេលអ្នកដាក់ចេញទៅកាន់មិត្ត (ក្នុងពេលយើងជាអ្នកបង្កើតរឿងរាវ)
របៀបទាញយក ហ្វេសប៊ុក ផេភើរ ៖
- ប្រសិនបើទីផ្សារ App Store របស់អ្នកកំពុងស្ថិតនៅទីតាំងសហរដ្ឋអាមេរិកគឺវាពិតជាប្រសើរ ព្រោះអ្នកអាចទាញយក និងសាកល្បងប្រើនូវ ហ្វេសប៊ុក ផេភើរ ដែលជាកម្មវិធីទើបបានប្រកាសចេញថ្មីដោយ ហ្វេសប៊ុក ។ កម្មវិធី ហ្វេសប៊ុក ផេភើរ គឺជាពិតជាគួរឲ្យទាក់ទាញ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានក្រុមហ៊ុន ហ្វេសប៊ុក ដាក់ចេញសម្រាប់តែអ្នកប្រើនៅក្នុងប្រតិបត្តិការណ៍របស់ iOS ដែលរស់នៅ សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។
- ប៉ុន្តែចំពោះអ្នកដែលមិននៅ សហរដ្ឋអាមេរិក គឺមានជម្រើសពីរយ៉ាង ក្នុងការទាញយកនូវកម្មវិធីថ្មីនេះ ទីមួយ អ្នកត្រូវផ្លាស់ប្ដូរទីតាំងនូវគណនី អាយធូន (iTunes) របស់អ្នកទៅកាន់ សហរដ្ឋអាមេរិកសិន ចំពោះជម្រើសទីពីរ គឺអ្នកត្រូវបង្កើតនូវគណនី អាយធូន ថ្មីដែលតម្រូវឲ្យជ្រើសយកទីតាំងនៅសហរដ្ឋអាមេរិកតែម្តង។
វិធីសាស្រ្តខ្លះៗក្នុងការប្ដូរតំបន់៖
- ចូលទៅកាន់ App Store ស្វែងរកពាក់ថា ហ្វែឈើដ៍ (Featured)
- ចុចទាញចុះក្រោម នឹងប៉ះលើ ប៉ាត់ធូន (button) ជាមួយនឹង Apple ID របស់អ្នក
- ពេលមានការបង្ហាញសូមប៉ះលើ «View Apple ID» (អាចនឹងតម្រូវឲ្យបញ្ចូលលេខសំងាត់)
- ប៉ះលើ «Coutry Region setting និងជ្រើសយក យ៉ូអេស (US)
សូមបញ្ជាក់ថាបច្ចុប្បន្ន ហ្វេសប៊ុក ផេភើរ មាននៅក្នុងតែ iOS ដែលស្ថិតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ ដែលបង្ហាញពីអត្ថន័យនៃហ្វេសប៊ុក ផេភើរ ដូចតទៅ៖
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៤