មើលក្រុងអសុរា ថ្លែង«ស»ដាក់គ្នាតាមហ្វេសប៊ុក ម្ដងមើល៍!
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្វីត្បិតតែភាពស្ងប់ស្ងាត់ ដូចជាបានកើតឡើងក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យមានមន្ទិលពីការលបលួចចរចាគ្នាស្ងាត់ៗនោះក៏ដោយ តែនៅតាមបណ្ដាញសង្គម បណ្តាថ្នាក់ដឹកនាំនៃគណបក្សធំៗទាំងពីរ បានធ្វើឲ្យក្រុមអ្នកគាំទ្រមិនបានសម្រាកនៅស្ងៀមនោះឡើយ ជាពិសេសប្រតិកម្ម ជុំវិញការបង្ក្រាបលើបាតុករអហិង្សាកាលពីពេលថ្មីនេះ។ ប្រតិកម្មដែលបើសូម្បីក្រុមអ្នកវិភាគឯករាជ្យ ក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ពួកគេ ដើម្បីលូកមាត់ចូលមកបកស្រាយនឹងគេដែរ។
កងកម្លាំងប្រដាប់ដោយអាវុធ«គ្រាប់ពិត» ត្រូវបានបញ្ជូនឲ្យមកបង្ក្រាបបាតុករដៃទទេ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង។ (រូបថត MONOROOM.info/ O.vary)
នយោបាយកម្ពុជា - ដោយមិនបានបង្ហើយ ពីការជួបចរចារជាថ្មី ឬដោះស្រាយរាល់បញ្ហាផ្សេងដែលទើបនឹងកើតឡើងនោះ ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសង្កត់ធ្ងន់កាន់តែខ្លាំងឡើង នូវការមិនពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ចំពោះការគ្រប់គ្រងរដ្ឋាភិបាលដោយលោក ហ៊ុន សែន ជាមួយនិងការប្រើប្រាស់នូវ«អំពើហិង្សា»លើពលរដ្ឋស្លូតត្រង់។ កាលពីថ្ងៃទី៣ ខេមករា ឆ្នាំ២០១៤ ទំព័រហ្វេសប៊ុករបស់អនុប្រធានគណបក្សប្រឆាំង បានសរសេរថា «ក្រុមពលរដ្ឋខ្មែរអាមេរិកាំងរាប់រយនាក់ មកពីរដ្ឋនានារួមគ្នាជាមួយនឹងពលរដ្ឋខ្មែរ មកពីប្រទេសកាណាដាបានមកធ្វើបាតុកម្មតវ៉ា នៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យមានការបោះឆ្នោតឡើងវិញនៅកម្ពុជា និងឱ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សនានា។»
ការរំលោភសិទ្ធិមនុស្ស ទំនងជាមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ចង់សំដៅលើសកម្មភាពនៃការបង្រ្កាបដោយគ្មានប្រណីដៃ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងបង្ក្រាបកូបកម្ម កម្លាំងចម្រុះរបស់ជាតិ ក៏ដូចជាកម្លាំងសន្តិសុខក្រុមហ៊ុន«ខុស»ច្បាប់ ដែលជួលដោយសាលារាជធានីភ្នំពេញ មកវាយសំពងសម្លាប់ប្រជាពលរដ្ឋ ក្នុងអំឡុងធ្វើបាតុកម្មដោយ«អហិង្សា» ដែលគ្រាន់តែទាមទារនូវសិទ្ធិ សេរីភាព និងយុត្តិធម៌ប៉ុណ្ណោះ។ ការបង្ហាញសាច់ដុំជាបន្តបន្ទាប់ របស់កងកម្លាំងអាជ្ញធារទាំងនេះ បានធ្វើឲ្យទំព័រហ្វេសប៊ូក របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សប្រឆាំង សម្ដែងប្រតិកម្មយ៉ាងខ្លីថា «គ្រាប់កាំភ្លើង មិនអាចបញ្ចប់ការស្រែកឃ្លាន សិទិ្ធសេរីភាព និងយុតិ្តធម៌សង្គម របស់ប្រជាពលរដ្ឋស្លូតត្រង់បានឡើយ»។
ផ្ទុយពីការលើកឡើងរបស់ក្រុមគណបក្សប្រឆាំង ទំព័រហ្វេសប៊ុកដែលគេជឿថាជារបស់លោក ហ៊ុន សែន នោះ បានលើកឡើងដូចជាអេះមិនចំកន្លែងរមាស់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលពិតជាបានទទួល និង ស្តាប់ មតិយោបល់ សំណូមពរ និងការព្រួយបារម្ភផ្សងៗពីប្រជាពលរដ្ឋដែលចង់ឃើញ និងចង់បានប្រទេសជាតិរីកចម្រើនជឿនលឿន ហើយដែលបានបញ្ជាក់យ៉ាងច្បាស់លាស់ នៅក្នុងកំណែទម្រង់ជាតិក្នុងអាណត្តិទីប្រាំនេះ។»
ការអេះមិនចំកន្លែងរមាស់ នៃទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មិនបានធ្វើឲ្យអ្នកវិភាគឯករាជ្យ លោក កែម ឡី បំភ្លេចពីព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមកនោះទេ។ លោកបានប្រើប្រាស់ទំព័រហ្វេសប៊ូករបស់លោក ធ្វើការប្រៀបធៀបព្រឹត្តិការណ៍ទាំងនោះ ជាពីរកណី។ ទីមួយ លោកបានសរសេរថា «គេសង្កេតឃើញ អ្នកកាន់អំណាចបច្ចុប្បន្ន និពន្ធរឿងល្ខោនដែលមានសុទ្ធតែតួ “យក្ស” ដូច្នេះការសំដែងរឿងនេះ មិនសូវមានកាគាំទ្រពីទស្សនិកជនទេ។» ឯករណីទីពីរ លោកបានសរសេរថា «អ្នកដែលមានបទពិសោធន៍លក់តែនំបញ្ចុក ដល់ពេលប្តូរអោយមកលក់ហ៊តដក (hot dog) គឺពិបាកទទួលបានជោគជ័យណាស់។ ជារួមមានន័យថា អ្នកអោយយោបល់ដដែលៗ ទីប្រឹក្សាដដែលៗ មនុស្សដដែលៗ ... គឺគ្មានអ្វីក្រៅពី ការបង្ក្រាប សំឡុត គំរាមកំហែង គាបសង្គាត់។ល។ កាធ្វើរបៀបនេះ ពិបាកនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋណាស់ រួមទាំងសហគមន៍អន្តរជាតិផងដែរ។»
អ្នកវិភាគរូបនេះ បានផ្ដល់យោបល់ ទៅកាន់អ្នកកាន់អំណាច ឲ្យទុកប្រយោជន៍ជាតិជាធំ គោរពឆន្ទៈប្រជាពលរដ្ឋ៖ «ពួកគេគួរប្រើប្រាស់ ឬស្តាប់យោបល់របស់សង្គមស៊ីវីល បណ្ឌិតបញ្ញាវ័ន្ត ដែលមានគំនិតថ្មីប្រកបដោយសន្តិវិធីនិងអហិង្សា។»
ឯលោក ឡៅ ម៉ុងហៃ អ្នកវិភាគជើងចាស់ម្នាក់ទៀត ក៏បានពន្យល់ក្នុងហ្វេសប៊ូករបស់លោកដែរថា រាល់ការបង្ក្រាប ឬការចាប់ខ្លួនសកម្មជនផ្សេងៗ តាំងពីថ្ងៃទី៣ ខែមករា មកអាចមានបំណងពីរយ៉ាង។ ទីមួយលោកបញ្ជាក់ថា ជាការបង្ក្រាប សម្លាប់ ចាប់ខ្លួន ជាទង្វើបំបាក់ស្មារតីធ្វើយ៉ាងណា កុំអោយមានការតវ៉ាបន្តរទៀត។ ករណីទីពីរ លោកបន្ថែមថា វាយសង្គ្រប់ សាកល្បងសន្ទះ បើឈ្នះកាន់តែប្រសើរ បើចាញ់លួងលោមជាក្រោយ នេះជាទង្វើដែលលោកហ៊ុន សែន ធ្លាប់អនុវត្តិកន្លងមកបានជោគជ័យជាបន្តរបន្ទាប់។
លោក ឡៅ ម៉ុងហៃ បានផ្ដល់យោបល់ប្រហាកប្រហែលនឹងលោក កែម ឡី ដែរ ដោយបានសរសេរថា «គណបក្សធំៗទាំងពីរ គួររកដំណោះស្រាយឬការចរចារណាមួយ ដែលមានលក្ខខ័ណ្ឌច្បាស់លាស់។ មកដល់ពេលនេះ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា គួរតែធ្វើការសម្បទាន ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបញ្ជៀសនូវវិបត្តិសង្គម ដែលអាចកើតឡើងក្នុងពេលដ៍ខ្លីខាងមុខ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤