តេជគុណ ប៊ុត ប៊ុនតិញ ប្រតិកម្មនឹងទស្សនៈរិះគន់ របស់អ្នកនិពន្ធ«ល្បី»
«តើសង្ឃឯករាជ្យ ជានរណា និងមកពីណា?» នេះជាចំណងជើងអត្ថបទរិះគន់របស់ អ្នកនិពន្ធដ៏ល្បីនៅកម្ពុជាដែលធ្វើការរិះគន់ ទៅកាន់ក្រុមព្រះសង្ឃឯករាជ្យ។ ចំពោះការរិះគន់នេះ ព្រះតេជគុណប៊ុត ប៊ុនតិញ យល់ថាខុសក្រមសីលធម៌ជាអ្នកនិពន្ធ ដែលសរសេររិះគន់ និងលើកជើងតែម្ខាងៗ។
ព្រះតេជគុណប៊ុត ប៊ុនតិញ (កណ្ដាល) និងក្រុមព្រះសង្ឃឯករាជ្យ។ (រូបថត ហ្វេសប៊ុក)
មតិ - ព្រះតេជគុណប៊ុត ប៊ុនតិញ មានសង្ឃដីការថា «តើការសរសេររិះគន់តែម្ខាងបែបនេះពី វាប៉ះពាល់ដល់ក្រមសីលធម៌របស់ខ្លួនដែលឬទេ? បើគ្រាន់តែព្រះសង្ឃបំពេញតួនាទីទាំងបី ក្នុងព្រះពុទ្ធសាសនា។ តើមូលហេតុអីបានជាអ្នកនិពន្ធដែលតាំងខ្លួនជាអ្នកទស្សនល្បី សរសេរវាយប្រហារអ្នកដែលធ្វើអំពើល្អ អញ្ចឹងតើវាជារឿងត្រឹមត្រូវដែរឬទេ?»
ការថ្លែងសង្ឃដីការខាងលើនេះ ជាប្រតិកម្មឆ្លើយតប ទៅកាន់លោក សុខ សាធ ម្ចាស់ស្នាដៃនិពន្ធសៀវភៅ «កំណប់សីលធម៌» និង «កំរងអភិសមាចារ» ដ៏ល្បីមួយរូបនៅកម្ពុជា ដែលបានបញ្ចេញអត្ថបទទស្សនៈមួយ ដែលមានចរិករិះគន់ និងប្រឆាំងសកម្មភាពរបស់ក្រុមព្រះសង្ឃឯករាជ្យ ដឹកនាំដោយព្រះតេជគុណប៊ុត ប៊ុនតិញ។ អត្ថបទទស្សនៈ ដែលមានចំណងជើងថា «តើសង្ឃឯករាជ្យ ជានរណា និងមកពីណា?» ត្រូវបានអ្នកនិពន្ធរូបនេះ បានលើកឡើងថា សកម្មភាពទាំងអស់របស់ក្រុមសង្ឃឯករាជ្យ បាននឹងកំពុងប្រាសចាកពីធម៌វិន័យ និងមិនមានក្នុងពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធនោះទេ ហើយក៏ជាសកម្មភាព ដែលធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែធ្លាក់ចុះផងដែរ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់សំណេរមួយចំនួន របស់អ្នកនិពន្ធ«ល្បី» លោក សុខ សាធ ដែលបានរិះគន់ក្រុមព្រះសង្ឃឯករាជ្យ ក្នុងពេលមានវត្តមានចូលរួមបាតុកម្មកន្លងមក មកដាក់ផ្សាយជូនថា៖
«ការចូលប្រឡូកយ៉ាងសកម្មក្នុងក្រុមបាតុករ ជាមួយនឹងកាយវិការលោតកញ្ឆេង ច្រងេងច្រងាង ពោលពាក្យអសុរោះ ហិង្សា អាមឹង ទៅលើអ្នកសារព័ត៌មាន និងមនុស្សដទៃទៀតដែលមិនគាំទ្រ និងព្យាយាមទប់ស្កាត់បាតុកម្ម ហិង្សារបស់ក្រុម ដែលហៅខ្លួនឯងថាជា "សង្ឃឯករាជ្យ"នោះ ត្រូវបានចោទជាសំណួរថា តើព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ពិតជាបានត្រាស់សំដែង និងបញ្ញត្តិទុកមកថា សង្ឃជាសាវករបស់ព្រះអង្គ ហើយត្រូវបានគេចាត់ទុកថា ជាឧត្តមភេទ ជាស្រែបុណ្យជាសរណបុគ្គល ( បុគ្គលជាទីពឹង ទីរឭក ) នោះ ហើយឆាន់បាយប្រជាជន ត្រូវតែជួយប្រជាជនដែលមានទុក្ខ ដូចអ្វីដែល «សង្ឃឯករាជ្យ» បានធ្វើកន្លងមកហើយនោះមែនឬ?»
យ៉ាងណាក៏ដោយ ក៏ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យយល់ថា ទស្សនៈរិះគន់នេះ វាជាសេរីភាពក្នុងការបញ្ចេញទស្សនៈ ពីព្រោះធម្មតាមនុស្សមកពីត្រកូល ផ្សេងគ្នា ក្រុមផ្សេងគ្នា ការយល់ឃើញក៏ផ្សេងគ្នាដែរ ជាពិសេសទៅទៀតនោះគឺការមកពីបក្សផ្សេងគ្នា។ ព្រះអង្គមានថេរៈដីការបន្តថា «អាត្មាអត់មានសោកស្តាយអីទេ ហើយក៏សូមអរគុណ ដែលមានមនុស្សមានគំនិតយោបល់ផ្សេងគ្នា ហើយកាលណាមនុស្សមានគំនិតយោបល់ផ្សេងគ្នា ធ្វើអោយមានការត្រិះរិះ និងពិចារណា ដែលវានាំអោយមានចំណេះនិងការយល់ដឹង»។
ជុំវិញតួនាទីរបស់ព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា និងសង្គមប្រជាធិតេយ្យ ព្រះតេជគុណប៊ុត ប៊ុនតិញ បានមានសង្ឃដីកាពន្យល់ដូច្នេះថា «ព្រះសង្ឃមានតួនាទីបី គឺទីមួយផ្តល់ការអប់រំ ទីពីគឺអ្នកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងតួនាទីមួយទៀតគឺបំពេញកាតព្វកិច្ចជាអ្នកសង្រ្គោះ។ ព្រះពុទ្ធគាត់បង្រៀនអោយព្រះសង្ឃចេះចូលរួមចំណែកក្នុងសង្គម សង្រ្គោះបរិស័ទបើកាលណាបរិស័ទមានទុក្ខ។ យើងឃើញថា មិនមែនមានតែក្នុងសាសនាព្រះពុទ្ធទេ នៅសាសនាដទៃទៀតក៏គេធ្វើអញ្ចឹងដែរ៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៤