ក្នុងមួយឆ្នាំ អ៊ឺរ៉ុបបាត់បង់១៦២ពាន់លានដុល្លារ នឹងអំពើពុករលួយ
ប្រសិនបើសហគមន៍អ៊ឺរ៉ុបតែងតែចង្អុលដាក់គេឯង ពីផលប៉ះពាល់នៃអំពើពុករលួយនោះ តែសហគមន៍អ៊ឺរ៉ុបខ្លួនឯងក៏កំពុងតែវិលក្បុងដូចគ្នាដែរ ពីបញ្ហាទាក់ទងនឹងអំពើពុករលួយប្រព្រឹត្តិដោយរដ្ឋសមាជិក ដែលធ្វើឲ្យទឹកប្រាក់ចំនួន១៦២ពាន់លានដុល្លារ បានខាតបង់ក្នុងមួយឆ្នាំៗ។
លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រូម ស្នងការអឺរ៉ុប ទទួលបន្ទុកខាងកិច្ចការផ្ទៃក្នុង ថ្ងែងកាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត Maxppp)
ពុករលួយ - របាយការណ៏មួយស្តីពីការប្រឆាំងអំពើពុករលួយ ចេញផ្សាយដោយសារពត៌មានជាគេហទំព័រមួយ មានឈ្មោះថា ថាម វើយ (Time World) បានបញ្ជាក់ពីការបាត់បង់ទឹកប្រាក់ ចំនួន១៦២ពាន់លានក្នុងមួយឆ្នាំ ទៅលើសមាជិកចំនួន២៨ប្រទេសក្នុងសហគមអ៊ឺរ៉ុប ដោយសារអំពើពុករលួយ។ គេហទំព័រដដែល ដែលចេញផ្សាយកាលពីថ្ងៃទី ០៣ កុម្ភៈឆ្នាំ២០១៤នេះ បានរកឃើញថា ៧៦ភាគរយនៃប្រជាជនអ៊ឺរ៉ុបគិតថា អំពើពុករលួយមានការរីករាលដាល និង៥៦ភាគរយបាននិយាយថា កំរិតនៃអំពើពុករលួយក្នុងប្រទេស របស់ពួកគេមានការកើនឡើង ក្នុងកំឡុងពេលបីឆ្នាំចុងក្រោយនេះ។
ក្នុងរបាយការណ៏នេះបានបញ្ជាក់ ថានាពេលថ្មីៗនេះ ប្រទេសជាសមាជិកភាគច្រើន បានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែជាលទ្ធផលគឺមិនបានផ្លែផ្កាអ្វីឡើយ នៅក្នុងរដ្ឋទាំងនោះ។ លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រូម (Cecilia Malmström) ស្នងការអឺរ៉ុប ទទួលបន្ទុកខាងកិច្ចការផ្ទៃក្នុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា៖ «អំពើពុករលួយធ្វើឲ្យប្រជាជន បាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋនិងការអនុវត្តច្បាប់។ អំពើពុករលួយនេះក៏បានប៉ះពាល់ដល់សេដ្ឋកិច្ច អ៊ឺរ៉ុប និង ប្រាក់ចំណូលពន្ឋរដ្ឋចំាបាច់ជាច្រើន។»
បើទោះជារបាយការណ៏នេះ បានរកឃើញពីការកើតមានអំពើពុករលួយ ក្នុងប្រទេសជាសមាជិកអ៊ឺរ៉ុបក្តី ក៏របាយការណ៏នេះបានបញ្ជាក់ថា ប្រទេសដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់និង ប្រទេសស៊ុយអ៊ែដ ជាប្រទេសដែលមានតម្លាភាព និងមានអំពើពុករលួយតិចជាងគេ។ រីឯប្រទេសដែលត្រូវចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់អំពើពុករលួយនោះមានដូចជាប្រទេសក្រូអាស៊ី ឆេក បារាំង ក្រិក ព័រទុយហ្គាល់ រូម៉ានី និងអេស្ប៉ាញ៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤