សហជីពកម្មករទាំង៩ គ្រោងដឹកនាំកូដកម្ម«ជាថ្មីនៅទូទាំងប្រទេស»
សហព័ន្ធសហជីព និងសមាគមចំនួន៩ គ្រោងនឹងដឹកនាំធ្វើមហាកូដកម្ម សាជាថ្មី ម្តងទៀត នៅទូទាំងប្រទេស នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក និងទាមទារឲ្យមានការដោះលែងជនទាំង២៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅក្នុងពេលប៉ះទង្គិចគ្នា កាលពីធ្វើកូដកម្មកន្លងមក។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
វិបត្តិការងារ - ប្រធានសហជីពសេរីកម្មករ លោក ជា មុន្នី បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះថា ក្នុងពេលឆាប់ៗនេះ សហជីពរបស់លោក និងសហជីព៨ផ្សេងទៀតនឹងដឹកនាំមហាកូដកម្មជាថ្មី ទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក។ លោក ជា មុន្នី បញ្ជាក់ថា៖ «យើងជាសហជីព យើងការពារប្រយោជន៍កម្មករ ឥឡូវកម្មករហូបអត់គ្រាន់ ដូច្នេះយើងត្រូវតែធ្វើ។ យើងត្រូវតែដោះស្រាយប្រាក់ឈ្នួលឲ្យពួកគាត់»។
ជាមួយគ្នានេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសិក្ខាសាលាពិគ្រោះយោបល់របស់សហជីព ស្តីពីការសម្របសម្រួលប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បានព្រមានថា បើរដ្ឋាភិបាល និងភាគីនិយោជក នៅតែមិនផ្តល់ដំណោះស្រាយសមរម្យឲ្យកម្មករទេនោះ សហព័ន្ធសហជីពទាំង៩ នឹងដាក់លិខិតជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការប្រមូលផ្តុំធ្វើកូដកម្មឡើងវិញ។
គួររម្លឹកថា កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ នៅរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង លើទឹកដីរាជធានីភ្នំពេញសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានធ្វើការបង្រ្កាបយ៉ាងចាស់ដៃលើកម្មករដែលធ្វើកូដកម្ម និងបដិសធប្រាក់ឈ្នួលគោល១០០ដុល្លារ ដែលសម្រេចដោយភាគីរដ្ឋាភិបាល និងភាគីនិយោជក ខណៈកម្មករចង់បានប្រាក់ឈ្នួលគោល១៦០ដុល្លារ។ ក្រោយការបង្រ្កាបយ៉ាងហិង្សានោះ ក្រសួងមហាផ្ទៃ និងសាលារាធានីភ្នំពេញ បានដាក់កំហិត មិនអនុញ្ញាតឲ្យមានការជួបជុំ ឬធ្វើកូដកម្មបន្តទៀតទេ រហូតដល់ស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ។
ជុំវិញករណីនេះ លោកស្រី យ៉ាង សុភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលជាសហជីពមួយក្នុងចំណោមសហជីពទាំង៩នោះ ក៏បានអត្ថាធិប្បាយដែរថា កូដកម្មជាថ្មីនេះ គឺដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ និងទាមទារឲ្យដោះលែងជនទាំង២៣នាក់ផងដែរ។ លោកស្រី យ៉ាង សុភ័ណ បញ្ជាក់ថា៖ «ទោះជាគ្នានការអនុញ្ញាត ក៏យើងនៅតែធ្វើ ព្រោះយើងផ្អាកកន្លងមក យើងរង់ចាំការដោះស្រាយ ។ តែរហូតមកដល់ពេលនេះ នៅតែគ្នានការដោះស្រាយ ឲ្យបានសមរម្យសម្រាប់កម្មករ៕»
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤