អង្គការ​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ឃាតកម្ម លើ​អ្នក​កាសែត​នៅ​កំពង់ឆ្នាំង

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស៊ីស៊ីអេចអ័រ (CCHR) បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការ​សម្លាប់​អ្នកកាសែតសរសេរជាខេមរៈភាសាឈ្មោះ មាគ៌ាកម្ពុជា លោក សួន ចាន់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកឃាតកម្មលើអ្នកកាសែតរូបនេះ គឺជាការប្រមាថលើសេរីភាព​សារព័ត៌មាននៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវបើកការស៊ើបង្កេតជាបន្ទាន់។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: February 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឃាតកម្មលើអ្នកកាសែត - «អ្នកសារព័ត៌មានគឺជាចំណុចដៅ ដែលជានិច្ចការតែងតែរងការវាយប្រហារ​ពីសំណាក់​ជនល្មើស» នេះគឺជាការព្រួយបារម្ភរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីមានឃាតករសម្លាប់ទៅលើ លោក សួន ចាន់ អ្នកសារព័ត៌មាននៃកាសែត មាគ៌ាកម្ពុជា នៅក្នុងស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង កាលពីចុងសប្តាហ៍​កន្លង​ទៅ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោស ដោយចាត់ទុកការសម្លាប់ លោក សួន ចាន់ អ្នកការសែត មាគ៌ាកម្ពុជា គឺជាការប្រមាថមើលងាយចំពោះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ការសម្លាប់​អ្នកកាសែតនេះ វាគឺជាការប្រមាថចំពោះសេរីភាពសារព័ត៌មាន ខណៈដែលវប្បធម៌និទណ្ឌភាពចំពោះបទលើ្មស​នានា នៅកម្ពុជាកាន់តែរីករាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

តាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន ចាន់ ជាអ្នកសារព័ត៌មានទី១២ហើយ ដែលត្រូវបានឃាតករ​សម្លាប់​នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកសារព័ត៌មានដំបូង ចាប់តាំងពីករណីលោក ហង្ស សេរីឧត្តម ត្រូវឃាតករ​ធ្វើ​ឃាតកាលពីខែកញ្ញា ឆ្នាំ ២០១២ នៅរតនៈគិរីកន្លងមក។ ភាគច្រើននៃការស្លាប់អ្នកសារព័ត៌មានទាំងនោះ មិន​ត្រូវ​បានអាជ្ញាធរបើកការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនោះទេ ។

កញ្ញា ឆាយ ឈុនលី អ្នកសម្របសម្រួលគម្រោងការងារអ្នកការពារសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា បានថ្លែងឲ្យដឹងថា នាពេលកន្លងមក អ្នកសារព័ត៌មានត្រូវបានយាយី និងនំាយកទៅដាក់ទោសក្រោម​បទ​ចោទ​ប្រកាន់ដោយហេតុផលនយោបាយ ព្រមទាំងត្រូវគេកាប់សម្លាប់យ៉ាងព្រៃផ្សៃ។ កញ្ញាបន្តថា ការសម្លាប់មកលើ លោក សួន ចាន់ រដ្ឋាភិបាលត្រូវបើកការស៊ើបអង្កេត ដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោសឲ្យខាងតែបាន។ បើពុំ​មានការស៊ើបអង្កេតទេ ស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា កាត់តែធ្លាក់ក្នុងសភាពដុនដាប។

សូមបញ្ជាក់ថា យោងតាមការសែតភ្នំពេញប៉ុស្តិ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី ៣ ខែកុម្ភៈម្សិលមិញ បានឲ្យ​ដឹងថា លោក សួន ចាន់ គឺជាអ្នកការសែត ដែលតែងតែរាយការណ៍ពីបទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង។ ហើយការស្លាប់អ្នកការសែតរូបនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានជឿជាក់ថា គឺជាស្នាដៃរបស់ក្រុមអ្នក​នេសាទខុស​ច្បាប់ ដោយសារតែលោក សួន ចាន់ រាយការណ៍ពីបទល្មើសនេសាទ។

គួរកត់សម្គាល់ថា ជាញឹកញាប់អ្នកសារព័ត៌នៅកម្ពុជា តែងតែទទួលរងនូវការបាញ់ប្រហារជាបន្តបន្ទាប់​ពីសំណាក់​ជនមិនស្គាល់មុខ។ អ្នកសារព័ត៌មានដែលរងការបាញ់ប្រហារទាំងនោះ ភាគច្រើនគឺជាអ្នកព័ត៌មានឯករាជ្យ ដែល​ហ៊ានរិះគន់ពីទង្វើអាក្រក់របស់រដ្ឋាភិបាល និងរិះគន់អំពើបំផ្លាញជាតិរបស់ឧកញ្ញាមួយចំនួន ដូចជាការកាប់​ព្រៃ​ឈើ​ខុសច្បាប់ជាដើម។ ហើយនៅពេលថ្មីៗនេះ នៅពេលដែលមានការបង្ក្រាបអ្នកតវ៉ាម្តងៗ អ្នកកាសែត ក៏ជាជនរង​គ្រោះ ដែលត្រូវអាជ្ញាធរវាយដំផងដែរ៕

--------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...