រថយន្តក្រុងសាធារណៈ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី៥កុម្ភះនេះ
ចាប់ពីថ្ងៃស្អែកនេះ សាលារាជធានីភ្នំពេញ នឹងដាក់អោយប្រើប្រាស់សាកល្បង នូវសេវារថយន្តក្រុងសាធារណៈ នៅលើមហាវិថីព្រះមុនីវង្ស រយៈពេលមួយខែ។ ប្រសិនបើការសាកល្បងនេះ ទទូលបានជោគជ័យ សេវានេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសគឺការកកស្ទះចរាចរណ៍។
គំនូសនៅលើទ្រូងថ្នល់ សំគាល់ពីចំណតឈប់មួយភ្លែតៗ របស់រថយន្ដក្រុង។ (រូបថត ឯកសារ)
សេវាសាធារណៈ - សាលារាជធានីភ្នំពេញ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ សេវាកម្មរថយន្តក្រុងសាធារណៈសាកល្បងនៅលើមហាវិថីព្រះមុនីវង្ស។ ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ឲ្យដឹងថា រថយន្តក្រុងសាធារណៈ នឹងដំណើរការសាកល្បងរយៈពេល១ខែ លើកំណាត់ផ្លូវមួយខ្សែប្រវែងប្រហែល ៧,៥គីឡូម៉ែត្រ ចាប់តាំងពីរង្វង់មូលស្តាតចាស់ លើបណ្តោយមហាវិថីព្រះមុនីវង្ស រហូតដល់ផ្សារច្បារអំពៅនិងត្រលប់វិញ តាមទិសដៅដដែល។
រថយន្តក្រុង១០គ្រឿងនឹងត្រូវបានដាក់អោយសាកល្បង ក្នុងរយៈពេលមួយខែនេះ ចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈ ស្អែកនេះ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។ ចំណតរងចាំមាន៣៦ ចំណត គឺចាប់ពីចំណតរង់ចាំរង្វង់មូលស្តាតចាស់ រហូតដល់គល់ស្ពានច្បារអំពៅ។
ចំពោះតម្លៃសម្រាប់មនុស្សម្នាក់ គឺ១៥០០រៀលក្នុងមួយជើង។ ចំណុះ រថយន្តក្រុងសាធារណៈ ១គ្រឿង អាចផ្ទុកអ្នកដំណើរបាន ចន្លោះពី៥០នាក់ ទៅ៦០នាក់ សម្រាប់ការអង្គុយ និងឈរ។ រីឯសេវាដឹកអ្នកដំណើរ នឹងចាប់ផ្តើមពីម៉ោង៥និង៣០នាទីព្រឹក ដល់ម៉ោង៨និង៣០នាទីយប់។
ទាក់ទិននិងបញ្ហានេះដែរ លោក អឹម ផល្លា ប្រធានក្រុមហ៊ុន ប្រឹក្សាយោបល់ផ្នែកវិនិយោគ បានអោយដឹងថា «បើការធ្វើទៅទទួលបានជោគេជ័យ វានឹងផ្តល់ប្រយោជន៍ដល់សង្គម ក្នុងកាត់បន្ថយនូវការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ។ ហើយវាក៏នឹងជួយសម្រួលចរាចរណ៍បានច្រើន ពីការប្រើប្រាស់យានយន្តច្រើន ប្តូរមកប្រើប្រាស់ឡានតែមួយ។»
កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាបានដាក់ឲ្យប្រើប្រាស់សេវានេះម្តងរួចមកហើយ តែបរាជ័យទៅវិញ ដោយសារការមិនចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរ និងកង្វះខាតជំនួយ ។ ជុំវិញបញ្ហានេះដែរ អ្នកជំនាញផ្តល់ប្រឹក្សាផ្នែកវិនិយោគរូបនេះបានបញ្ជាក់ថា ដើម្បីអោយសេវាកម្មនេះទទួលបានជោគជ័យ រឿងសំខាន់ដែលគួរយកចិត្តទុកដាក់នោះ គឺតម្លៃនៃការប្រើប្រាស់ ពេលវេលា និងភាពងាយស្រួល។
លោកបានកត់សម្គាល់ទៀតថា «កាលពីលើកមុនយើងមិនមានឡានក្រុងទេ ធ្លាប់តែជិះម៉ូតូឌុប ឬក៏តុក តុក ដែលវាអាចទៅកន្លែងណា ឬពេលណាក៏បានដែរ ហើយតម្លៃវាអាចប្រែប្រូលទៅតាមការចរចា ដែលធ្វើអោយប្រជាពលរដ្ឋមានភាពងាយស្រួល។ តែចំពោះឡានក្រុងវិញវាមានពេលវេលាកំណត់ និងទីកន្លែងជាក់លាក់របស់វា ហើយអញ្ចឹងហើយ ទើបវាមិនអាចបត់បែនទៅតាមចិត្តរបស់អ្នកប្រើប្រាស់បាន។»
មានតែពេលវេលាទៅមុខប៉ុណ្ណោះ ដែលអាចឆ្លើយនឹងសំនួរខាងលើនេះបាន។ សំនួរដែលអ្នកគ្រប់គ្រងសេវាកម្មមួយនេះ គួរតែចោទសួរខ្លួនឯងដែរ ថារថយន្ដក្រុងចេញដំណើរញឹកញាប់ឆ្លើយតបនឹងតម្រូវការ មានចំណតរងចាំច្រើននិងផ្ដល់ភាពងាយស្រួលដល់ការរងចាំ និងថាតើតម្លៃនៃការប្រើប្រាស់ សមរម្យទៅនិងលទ្ធភាពរបស់អតិជនដែរឬយ៉ាងណា?
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៤