ឆេះផ្ទះមួយខ្នងនៅស្ទឹងមានជ័យ ដោយសារផ្ទុះហ្គាស
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - យកការណ៍៖ ហេង វិទ្ធី- ភ្នំពេញ ថ្ងៃទី២១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 21, 2014
- ប្រធានបទ: គ្រោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះ អស់ស្ទើតែទាំងស្រុង។ មូលហេតុ ដែលបណ្តាលឱ្យមានអគ្គីភ័យនេះ ត្រូវបានអ្នកជិតខាងអះអាងថា គឺបណ្តាលមកពីផ្ទុះធុងហ្គាស។
អ្នកស្រី យ៉ាន ប្រជាពលរដ្ឋម្នាក់រស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានភ្លើងឆេះនេះ មានឈ្មោះ អ៊ីម ជាកម្មករធ្វើការរោងចក្រនៅស្ទឹងមានជ័យ។ អ្នកស្រីបានថ្លែងបន្តថា អគ្គីភ័យឆេះរបស់របរស្ទើរតែទាំងអស់ ក្នុងនោះមានម៉ូតូមួយគ្រឿងផងដែរ។
ជាសំណាងល្អ ដែលអគ្គីភ័យនេះ មិនបានរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបានបង្កឱ្យមានមនុស្សរបួស ឬស្លាប់។ យ៉ាងណាម៉ិញ អគ្គីភ័យនេះបានរន្ធត់ទៅវិញទាំងស្រុងហើយ នៅវេលាម៉ោងជាងបី ដោយប្រើប្រាស់ឡានទឹក អស់បីគ្រឿង។
អគ្គិភ័យបានកើតឡើងជាញឹកញាប់ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី១៧ ខែធ្នូ ផ្ទះពលរដ្ឋចំនួនបួនគ្រួសារ ក្នុងនោះមានមួយគ្រួសារជាមេភូមិ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់១ ត្រូវបានភ្លើងឆាបឆេះអស់ខ្ទេចគ្មានសល់។ ដោយឡែកនៅយប់ថ្ងៃទី២០ ខែធ្នូ ម្សិលម៉ិញនេះ ព្រះអគ្គិក៏បានលេបត្របាក់យកអស់ លំនៅដ្ឋានរបស់ពលរដ្ឋនៅសហគមន៍បឹងឈូក អស់ប្រមាណជា៤០ខ្នងដែរ។
សាលារាជធានីភ្នំពេញ ធ្លាប់បានប្រកាសឲ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នដើម្បីការពារភ្លើងផ្សែងនេះ ដើម្បីបង្កាគ្រោះ ដែលអាចបង្កឲ្យទៅជាគ្រោះអគ្គិភ័យ ដល់លំនៅដ្ឋានផងខ្លួន និងរាលដាលដល់អ្នកជិតខាង ដែលគ្នាមិនដឹងអ្វី។ ប៉ុន្តែមជ្ឈដ្ឋានពលរដ្ឋវិញ បានឆ្លើយតបទៅសេចក្ដីអំពាវនាវនោះថា ក្រុមពន្លត់អគ្គិភ័យរបស់អាជ្ញាធរ ក៏គួរបង្កើតសមត្ថភាពរបស់ខ្លួន ក្នុងការអន្តរាគមន៍ឲ្យបានលឿន និងមានប្រសិទ្ធិភាពដែរ៕