ស្ដេចខ្មែរ​ធ្លាប់​ប្រទាន​«មេដាយ​សហ​មេត្រី» ឲ្យ​មន្ត្រី​យួន​២១​នាក់​រឿង​​ព្រំដែន

មិនមែនតែប្រទេសវៀតណាមទេ ដែលផ្ដល់មេដាយ«ស្នេហាជាតិ» មកមន្ត្រីកម្ពុជា តែព្រះមហាក្សត្រកម្ពុជា ព្រះបាទ​ ព្រះ​នរោត្ដម សីហមុនី ក៏ទ្រង់ធ្លាប់ព្រះរាជទាន ផ្ដល់មេដាយ«សហមេត្រី» ទៅឲ្យមន្ត្រីជាន់ខ្ពស់វៀតណាម យ៉ាង​ហោច​ណាស់​ចំនួន​២១​រូប​ដែរ នៅក្នុងអំឡុងពេល មានបញ្ហាព្រំដែនដ៏ចម្រូងចម្រាស។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 21, 2014
  • ប្រធានបទ: កិត្តិយស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ដល់មេដាយឲ្យមន្ត្រីជាន់ខ្ពស់ផងគ្នា ទៅវិញទៅមក បាន​បង្ហាញ​ពី​សភាព​ចាក់​ទឹក​មិន​លេច នៃ​សម្ព័ន្ធ​មេត្រី​ភាព រវាង​ប្រទេស​បង​ប្អូន​ម្មឺន​ឆ្នាំ​ទាំង​ពីរ កម្ពុជា-វៀតណាម។ បើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បី​រូប ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ប្អូន​ស្រី​បង្កើត របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន  បាន​ទទួល​មេដាយ​«ស្នេហា​ជាតិ»​ជា​កិត្តិយស​ ពី​ប្រទេស​វៀតណាម កាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​កុម្មុយនីស​វៀតណាម ក៏​ធ្លាប់​ទទួល​មេដាយ​«សហ​មេត្រី»​ជា​ច្រើន​ថ្នាក់ ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ដែរ។

នៅក្នុង​ព្រះ​រាជក្រិត្យ​មួយ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​រាជកិច្ច តាំង​ពី​ឆ្នាំ២០០៥ បាន​បង្ហាញ​ថា មន្ត្រី​ជាន់​ខ្ពស់ និង​ថ្នាក់​មធ្យម​វៀតណាម​ចំនួន​២១រូប ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ ព្រះ​នរោត្ដម សីហមុនី ទ្រង់​ប្រោស​ប្រទាន​ ផ្ដល់​មេដាយ​«សហ​មេត្រី»​ជូន។ ការ​ផ្ដល់​មេដាយ​សហ​មេត្រី​នេះ បាន​ធ្វើ​​ឡើង ព្រោះ​មន្ត្រី​វៀតណាម​ទាំង​នោះ បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ និង​ការ​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-វៀតណាម បាន​ល្អ​ប្រសើរ។

ព្រះរាជក្រិត្យនេះ បានផ្ដល់មេដាយសហមេត្រី ថ្នាក់«មហាសេរីវឌ្ឍន៍» ជូនលោក ង្វៀន តឹនយុង ឧបនាយក​រដ្ឋមន្ត្រីអចិន្ត្រៃយ៍ ថ្នាក់«ធិបឌិន» ជូនមន្ត្រីជាន់ខ្ពស់វៀតណាមផ្សេងទៀត ចំនួន១២រូប និងថ្នាក់«សេនា» ជូន​មន្ត្រីថ្នាក់មធ្យមវៀតណាមចំនួន៨រូប។ រាជក្រិត្យនេះ ក៏បានត្រាស់បង្គាប់ដែរ​ឲ្យលោក ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី យកទៅអនុវត្តន៍ឲ្យបានសម្រេច។

មេដាយ«សហមេត្រី» ដែលបានផ្ដល់ជូនមន្ត្រីវៀតណាមទាំង២១ បានធ្វើឡើងនៅមុនសន្ធិសញ្ញាបំពេញ​បន្ថែម ឆ្នាំ២០០៥ ដ៏ចម្រូងចម្រាស ដែលត្រូវបានចុះហត្ថលេខាព្រមព្រៀង រវាងប្រទេសទាំងពីរ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ រួចត្រូវបានរដ្ឋសភាកម្ពុជាអនុម័តនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នាសម័យប្រជុំ​រដ្ឋសភា លើកទី៣ នីតិកាលទី ៣៕

សូមភ្ជាប់មកជាមួយនូវ រាជក្រិត្យទាំងស្រុងដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...