អគ្គីភ័យឆេះក្លិបមួយ នៅចាក់អង្រែក្រោម ស្លាប់និងរបួស៧នាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 16, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្លិបដែលរងការខូចខាត មានឈ្មោះ«ឃីក្លិប» ជាកន្លែងសម្រាប់រាំច្រៀង ពេលរាត្រី របស់អ្នកត្រូវការសេវាសប្បាយ។ ប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា អ្នកស្លាប់និងរបួស០៧នាក់នោះ ស្រី៥នាក់(ស្លាប់) និងប្រុសពីរនាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត។
រីឯការខូចខាត ក្នុងឃីក្លឹបអស់ប្រមាណ៨០ភាគរយ។ នេះបើតាមការបញ្ជាក់ របស់អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ។ ក្នុងនោះ គេនៅមិនទាន់ដឹង ពីមូលហេតុនៃការឆាបឆេះ ពិតប្រាកដនៅឡើយ។ ដោយឡែក សម្រាប់រថយន្តពន្លត់អគ្គីភ័យវិញ ត្រូវបានប្រើប្រាស់ យកមកពន្លត់អស់ចំនួន២៤គ្រឿង ទើបភ្លើងរលត់ បាន១០០ភាគរយ។ យ៉ាងណាក៏ដោយ ប្រធានផ្នែកពន្លត់អគ្គីភ័យ បានឱ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ទីតាំងក្លិបខាងលើ មានផ្លូវចូលតែមួយប៉ុណ្ណោះ ដែលបង្កលក្ខណៈ ឲ្យក្រុមការងារអ្នកពន្លត់អគ្គិភ័យ ចូលទៅទាំងប្រថុយគ្រោះថ្នាក់ ដោយហេតុថាដាច់ភ្លើងអស់ ងងិតសូន្យឈឹង។ ម្យ៉ាងវិញទៀត ការបាញ់ទឹក ក៏មិនអាចចូលទៅក្នុងបានភ្លាមៗដែរ ព្រោះទីនោះគ្មានខ្យល់ចេញចូល អ្នកចូលទៅសង្គ្រោះ ស្ទើរដកដង្ហើមមិនបានដែរ។ លោកថា រហូតដល់ម៉ោងប្រមាណជាង២១ យប់ថ្ងៃដដែល ទើបពន្លត់បានជោគជ័យ។
តាមសំដី របស់កម្មករកម្មការនីរោងចក្រ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា «ឃីក្លិប»នេះ ច្រើនតែបងប្អូនកម្មករកម្មការនីរោងចក្រ ចូលកំសាន្តរាំលេង ប៉ុន្តែសំណាងល្អ ដែលម៉ោង៨នេះ នៅមិនទាន់មានអ្នកចូលច្រើន ប្រសិនចាប់ពីម៉ោង១០យប់ ទៅម៉ោង១១យប់ នោះទើបមានភ្ញៀវចូលរាំលេងកំសាន្តច្រើន។ អ្នកទាំងនោះ បានសម្ដែងក្ដីបារម្ភថា បើឆេះនៅម៉ោង១០ ទៅ១១យប់វិញ មិនដឹងជាចំនួនជនរងគ្រោះ នឹងត្រូវឡើងដល់ ចំនួនប៉ុន្មាននាក់នោះទេ៕