ចាក់២កាំបិតដើម្បីប្លន់យកម៉ូតូ និងទូរស័ព្ទ តែមិនបានសម្រេច!
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected])- យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី សីហា ២០១៥
- កែប្រែចុងក្រោយ: August 08, 2015
- ប្រធានបទ: ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ប្លន់ដ៏រន្ធត់នេះ បានកើតឡើង នៅម៉ោង ២៣ និង ៥០ នាទីយប់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៥។ នៅតាមបណ្តោយផ្លូវ ២៧១ ដែលស្ថិតនៅម្តុំស្ថានីយ៍បូមទឹក បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសចំនួន ២ កាំបិត និងរបួសទ្រូងខាងឆ្វេង។
លោក ឌុច សុគា ជាជនរងគ្រោះ មានអាយុ ២៤ ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត នៅម្តុំចំការមន បាននិយាយ ទាំងមានមុខរបួសថា លោកជិះម៉ូតូ គ្លិក (click) ពណ៍ស ស្លាកលេខ ភ្នំពេញ ១AI-4241 ដើម្បីទៅទទួលប្អូនស្រី ចេញពីធ្វើការនៅហាងមួយ។ ស្រាប់តែពេលកំពុងរងចាំប្អូន លើម៉ូតូនោះ ស្រាប់តែមានបុរសម្នាក់ ដើរមកជិតហើយសុំខ្ចីទូរស័ព្ទ ពេលកំពុងនិយាយគ្នា ក៏មានបុរស ២នាក់ទៀត ដើរមកជិត បានទាញកាំបិតមកចាក់លោក ត្រង់ពោះ និងទ្រូងខាងឆ្វេង បណ្តាលឲ្យរងរបួស។
ភ្លាមៗនោះ ប្រជាជននៅម្តុំទីនោះ ដែលឃើញហេតុការនេះ បានរត់មកជួយ ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោរ រត់ចោលម៉ូតូជនរងគ្រោះបាត់ ដោយយកបាន តែទូរស័ព្ទមួយគ្រឿង ទៅជាមួយប៉ុណ្ណោះ។ ប្រជាជននៅកន្លែងកើតហេតុ បានជួយយកជនរងគ្រោះទៅមន្ទីពេទ្យ ចំណែកអ្នកខ្លះទៀត បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ។
បន្ទាប់ពីទទួលដំណឹង ពីក្រុមពលរដ្ឋរួច ក្រុមសមត្ថកិច្ច បានចុះធ្វើអន្តរាគមន៍ភ្លាមៗ ហើយឡោមព័ទ្ធចាប់បាន ជនសង្ស័យទាំង ៣ នាក់ភ្លាមៗ។ ជនសង្ស័យទី១ ឈ្មោះ អ៊ុក ភារក្ខ មានអាយុ ២០ ឆ្នាំ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ - ទី២ ឈ្មោះ ចាន់ សុទី មានអាយុ ២៤ ឆ្នាំ មុខរបរជាយោធា នៅកងពលលេខ ៤ មានស្រុកកំណើត នៅស្រុកអង្គជ័យ ខេត្តកំពត និងទី៣ ឈ្មោះ ចា គង្គា មានអាយុ ២៨ ឆ្នាំ មុខរបរ ជាអ្នកបញ្ជូលហ្គាសរថយន្ដ នៅក្រុមហ៊ុន អិនធីធី (NTT) ស្នាក់នៅភូមិចំរើន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច។
បច្ចុប្បន្ន ក្រុមសមត្ថកិច្ច ខណ្ឌមានជ័យ បានឃុំខ្លួនជនសង្ស័យទាំងបី និងកំពុងរៀបចំសំនុំរឿង តាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនពួកគេឡើងទៅតុលាការ៕