អំណោយដ៏ពិសេសថ្ងៃបុណ្យខួបកំណើត... ព្រោះនាងក្បត់ចិត្ត!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: September 06, 2015
- ប្រធានបទ: បេះដូង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់លោក រ៉េ បាយហ្វ័រ (Ray Byford) ភាពផិតក្បត់ ត្រូវតែសងសឹកវិញ ឲ្យចាស់ដៃ។ ការជម្រះបញ្ជីគ្នានេះ បានកើតឡើងបន្ទាប់ពីលោក រ៉េ បានសងំស្ងៀម ក្នុងរយៈពេលមួយ បើទោះជាបានដឹងថា សង្សារួមរស់ជាមួយគ្នា នាងបានលួចទៅផិត ជាមួយអ្នកថ្មី តាំងពីយូរមកហើយក្ដី។ លោក រ៉េ រង់ចាំដល់ថ្ងៃបុណ្យខួបកំណើតមកដល់ ដើម្បីធ្វើការសងសឹកនេះ និងជាការបញ្ជាក់ទៅនាងថា អ្វីទៅជាការឈឺចាប់។
វីដេអូដែលថតពីការជម្រះបញ្ជីជាមួយសង្សានេះ ត្រូវបានបង្ហោះនៅលើគេហទំព័រយូធូប កាលពីពាក់កណ្ដាលខែកក្កដា តែបានទាក់ទាញមនុស្សម្នា ទូទាំងពិភពលោកឲ្យបានដឹង និងបានចុចចូលទៅទស្សនា ប្រមាណជាជាង១១លានដង គ្រាន់តែក្នុងរយៈពេល ១សប្ដាហ៍ដំបូងប៉ុណ្ណោះ។ នៅក្នុងវីដេអូ ដែលមានរយៈពេល ១នាទីនិង៣៥វិនាទីនេះ គេបានស្ដាប់ឮលោក រ៉េ បាយហ្វ័រ និយាយពីសេចក្ដីស្នេហារបស់ខ្លួន ទៅកាន់សង្សារបស់ខ្លួន មុននឹងសុំឲ្យនាងបិតភ្នែក ដើម្បីទទួលយកនូវ«អំណោយពិសេស» ដែលលោកបានរៀបចំឲ្យនាង សម្រាប់ថ្ងៃខួបកំណើតនេះ។
ចម្រៀង«រីករាយថ្ងៃបុណ្យកំណើត»
ច្រើនវិនាទីកន្លងផុត គេឃើញនាងជាសង្សា ដែលមានភ្នែកបិតជិត បានដើរកាត់ខាងក្នុងផ្ទះ ក្នុងបំណងចង់ឃើញអំណោយ ដែលលោក រ៉េ ប្រគល់ឲ្យខ្លួន។ តែទីបំផុត... ទើបគេបានឃើញអំណោយដ៏ពិសេស ដែលនាងត្រូវទទួល៖ «គ្រប់ប្រដាប់ប្រដា សម្លៀកបំពាក់ គ្រឿងតុបតែងខ្លួន។ល។ មួយចំនួនត្រូវបានខ្ចប់យ៉ាងស្អាត នៅក្នុងហិបក្រដាស និងមួយចំនួនទៀត ដាក់រាយប៉ាយ នៅលើសាឡុង»។ គេថែមទាំងបានស្ដាប់ឮ លោក រ៉េ ច្រៀងបទ«រីករាយថ្ងៃបុណ្យកំណើត» នោះទៀត។
ជាមួយនឹងភាពស្រឡាំងកាំង ព្រោះ«អំណោយពិសេស»ទាំងនេះ នាងជាសង្សា បានសួរថា ហេតុអ្វី? ចម្លើយយ៉ាងសមញ្ញ និងមានន័យវែង របស់លោក រ៉េ បានបន្លឺឡើង នៅមុនចុងបញ្ចប់នៃវីដេអូ យ៉ាងដូច្នេះថា៖ «ព្រោះបងបានដឹងថា អូនឯងក្បត់ចិត្តបង!»៕
» តើនាងជាសង្សា បានឆ្លើយមកវិញយ៉ាងដូចម្ដេច? សូមទស្សនាវីដេអូទីពីរ របស់លោក រ៉េ បាយហ្វ័រ៖