កម្ពុជា៖ ភ្នំពេញនឹងមាន អាកាសយាន្តដ្ឋានទីពីរ
- ដោយ: សុខជា រស្មី
- កែប្រែចុងក្រោយ: September 29, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងមហិច្ចតា ចង់ទាក់ទាញភ្ញៀវទេសចរណ៍ អោយបានពី ៧ ទៅ ១០លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងចង់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯង អោយបានកាន់តែត្រឹមត្រូវ។
ព្រលានយន្ដហោះពោចិនតុង មើលពីផ្កាយរណប់របស់ហ្គូហ្គើល។
ទីតាំងសាងសង់ របស់អាកាសយាន្តដ្ឋានទីពីរនៅភ្នំពេញនោះ ត្រូវបានជ្រើសរើសរួចហើយ។ ប៉ុន្តែដោយខ្លាចថាដំណឹងនេះ រាលដាលទៅខាងក្រៅ ធ្វើអោយដីនៅតំបន់នោះឡើងថ្លៃ នាយករដ្ឋមន្តីខ្មែរលោក ហ៊ុន សែន បាននិយាយថាអោយចាំសិន មុននឹងបង្ហាញចេញនូវគំរោងនេះ។ លោកបានប្រកាសកាលពីថ្ងៃ ទី ២០ កញ្ញាថា «យើងបានគិតឃើញកន្លែងមួយ សំរាប់ សាងសង់ អាកាសយាន្តដ្ឋានទីពីរនេះរួចហើយ។ ប្រហែលជានៅឆ្ងាយពីអាកាសយាន្តដ្ឋានសព្វថ្ងៃបន្តិច។» គួររំលឹកដែរថា អាកាសយាន្តដ្ឋានអន្តរជាតិពោចិនតុងបច្ចុប្បន្ន មានទីតាំងចំងាយប្រមាណជា១៥គីឡូម៉ែត ពីចំនុចកណ្ដាលក្រុង។ លោក នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អាកាសយាន្តដ្ឋានចាស់ មិនអាចទទួលអ្នកដំណើរច្រើន ពី ៨ ទៅ ១០លាននាក់ ក្នុងមួយឆ្នាំ បានទេ។ សព្វថ្ងៃនេះ មានយន្តហោះតែមួយចំនួនតូចប៉ុណ្ណោះ ដែលចុះចតនៅភ្នំពេញ។ ប្រសិនបើយើងមានយន្តហោះ ច្រើនវិញ តើវានឹងទៅចុះចតនៅឯណា?»
គំរោង គឹត្រូវសាងសង់អាកាសយាន្តដ្ឋានមួយ ដែលមានសមត្ថភាព អាចទទួលអ្នកដំណើរ បាន១០លាននាក់ ក្នុងមួយ ឆ្នាំៗ។ តាមរយៈទិន្នន័យ របស់អាកាសយាន្តដ្ឋានកម្ពុជា (Cambodia Airports) ដែលជាក្រុមហ៊ុនកាន់កាប់គ្រប់គ្រងនៅ អាកាសយាន្តដ្ឋានកម្ពុជា បានអោយដឹងថា អ្នកដំណើរដែលបានធ្វើដំណើរឆ្លងកាត់ ព្រលានយន្ដហោះនេះ មានចំនួន ១,៨លាននាក់ កាលពីឆ្នាំ២០១១ និង១,៣លាននាក់ នៅក្នុង៨ខែដំបូង នៃឆ្នាំ២០១២។ ក្រុមហ៊ុនអាកាសយាន្តដ្ឋានកម្ពុជា (Cambodia Airports) មានភាគហ៊ុនចំនួន៧០% ជារបស់ក្រុមហ៊ុនមកពីបារាំង វាំងស៊ី (Vinci) និង ៣០%ទៀត ជារបស់ ក្រុមហ៊ុនចំរុះ កម្ពុជា-ម៉ាឡេស៊ី មុតហ៊ីបា ម៉ាស្ទ័ររ៉ូន កម្ពុជា (Muhibbah Masteron Cambodia) មានសិទ្ធិក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងអាកាសយាន្តដ្ឋានទាំងបី ភ្នំពេញ សៀមរាប និង ព្រះសីហនុ តាំងពីឆ្នាំ១៩៩៥មកម្លេះ។
លោក ខែក ណូរីនដា អ្នកនាំពាក្យរបស់ក្រុមហ៊ុនគ្រប់គ្រងអាកាសយាន្តដ្ឋាន បានអោយដឹងថា គំរោងសង់បន្ថែម នឹង ចាប់ផ្ដើមនៅចុងឆ្នាំ២០១៤ រឺ ដើមឆ្នាំ ២០១៥ ក្នុងការសាងសង់អាកាសយាន្តថ្មីមួយ ដែលអាចទទួលអ្នកដំណើរ ៥លាន នាក់ក្នុងមួយឆ្នាំ។ គំរោងប្រហាក់ប្រហែលនេះ ក៏ត្រូវបានអនុវត្តន៍នៅឯខេត្តសៀមរាប សំរាប់ទទួលភ្ញៀវក្នុងចំនួនដូចគ្នា។ តែយ៉ាងហោចណាស់ ក៏នៅខេត្តសៀមរាប ការសាងសង់អាកាសយាន្តដ្ឋានទីពីរ ដែលជាច្រកទ្វារបស់អ្នកទេសចរណ៍ ក្នុងការសំដៅទៅទស្សនាប្រាសាទអង្គរវត្ត ជាគម្រោងមួយ ស្ថិតក្រោមការពិចារណា តាំងពីមួយរយៈពេលមកហើយ។ ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួនពីរ បានលើកបង្ហាញគំរោងនេះ ជាមួយនឹងការវិនិយោគទុនជាទឹកប្រាក់ប្រមាណជា ១កោដ ដុល្លាអាមេរិក។ អាកាសយាន្តដ្ឋានថ្មី ត្រូវគេនិយាយថា នឹងអាចទទួលអ្នកដំណើរពី ១០ ទៅ ១៥លាននាក់ក្នុងមួយឆ្នាំ ហើយនឹងសាងសង់ នៅលើដីសម្បទានទំហំ៥០០ហិចតា មានចំងាយ៦០គីឡូម៉ែត្រ ពីទីក្រុងសៀមរាប។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ ដើម្បីធ្វើដំណើរមកប្រទេសកម្ពុជា តាមយន្ដហោះ មកពីទ្វីបផ្សេងៗ អ្នកដំណើរទាំងឡាយ ត្រូវឈប់សំចត ដើម្បីផ្លាស់ប្ដូរយន្ដហោះ នៅអាកាសយាន្ដដ្ឋាននៃប្រទេសជិតខាង មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ស៊ាំងហ្គាពួរ ហុងកុង តែវ៉ាន់ កូរ៉េខាងត្បូងជាដើម។ ពេលខ្លះការផ្លាស់ប្ដូរយន្ដហោះនេះ ត្រូវប្រើរយះពេលជាច្រើនម៉ោង ដែលបង្កអោយមាន ការធុញទ្រាន់ខ្លាំងមួយ ពីសំណាក់អ្នកដំណើរ ជាពិសេសអ្នកមានភារកិច្ចជាប់ខ្លួន និងអ្នកធ្វើជំនួញ។ មានក្រុមហ៊ុនអាកាសចរណ៍បារាំង (Air France) តែមួយប៉ុណ្ណោះ ដែលបានភ្ជាប់ការហោះហើរផ្ទាល់ តាំងពីថ្ងៃទី៣១មិនា ឆ្នាំ២០១១ កន្លងមក រវាងទីក្រុងប៉ារីស និងទីក្រុងភ្នំពេញ៕
------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ