រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​ថា​ទឹក«ស្អាត» តែ​ពលរដ្ឋ​ត្អូញ​ពី​«គុណភាព»

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលនូវពានរង្វាន់ ដឺម៉ាជេសស្ទីក ហ្វាយ ខនធីនិន អឹវឺត ហ្វស៍ គ្វ័រលីធី អេន អិចសឺលែន (The Majestic Five Continents Award For Quality and Excellence) ជាលើកទីប្រាំមួយ ដែលជាពានរង្វាន់លំដាប់អន្តរជាតិ នៃការគ្រប់គ្រង និងផ្តល់ទឹកស្អាតនៅរាជធានី ភ្នំពេញ ដែលបានផ្តល់ឲ្យដោយគណកម្មាធិការជ្រើសរើសរបស់សមាគមមួយ ហៅថា Assosiation Otherways Management and Consulting - France នៃប្រទេសបារាំង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលនូវពានរង្វាន់ ដឺម៉ាជេសស្ទីក ហ្វាយ ខនធីនិន អឹវឺត ហ្វស៍ គ្វ័រលីធី អេន អិចសឺលែន (The Majestic Five Continents Award For Quality and Excellence) ជាលើកទីប្រាំមួយ ដែល​ជា​ពានរង្វាន់​លំដាប់អន្តរជាតិ នៃការគ្រប់គ្រង និងផ្តល់ទឹកស្អាតនៅរាជធានី ភ្នំពេញ ដែលបានផ្តល់ឲ្យដោយ​គណកម្មាធិការជ្រើសរើស​របស់សមាគមមួយ ហៅថា Assosiation Otherways Management and Consulting - France (OMAC) នៃប្រទេសបារាំង។


ទឹកស្អាតប្រើប្រាស់ និងអាចទទួលទាន ចេញពីបំពង់ទឹក។ (រូបថត europe1.fr)

រដ្ឋាករទឹកស្អាត - ក្នុងសន្និសិទសារព័ត៌មាន នាទីស្តីការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករ​ទឹកស្វយ័តភ្នំពេញ បានលើកឡើងថា ការទទួលពានរង្វាន់ក្នុងឆ្នាំ២០១៣នេះ ជាការសម្រេចដោយផ្អែកលើ​លក្ខណៈវិនិច្ឆ័យ នៃការគ្រប់គ្រងគុណភាពសរុប (Total Quality Managemant “TQM” ) និងគុណភាពនៃការបំរើ​អតិថិជន ការប្តេជ្ញាចិត្ត ការដឹកនាំ ការកែលំអ ទៅតាមសកម្មភាពនានាដោយផ្អែកលើការពិត។

មេដឹកនាំរដ្ឋាករទឹកស្វយ័តរូបនេះ បានបន្តរថា ការប្រកួតប្រជែងទទួលនូវពានរង្វាន់នេះមាន ក្រុមហ៊ុនចំនួន ៧៥០០ មកពី​១៦០ ប្រទេស ក្នុងនោះមានតែក្រុមហ៊ុនចំនួន៥២ មកពីប្រទេសចំនួន៤០ ប៉ុណ្ណោះដែលទទួលបាននូវជ័យ​លាភី​​នេះ​រួម​ទាំងកម្ពុជាផង។

ទាក់ទងនឹងចំណាត់ថ្នាក់នៃជ័យលាភី ក្នុងការទទួលបាននូវពានរង្វាន់នេះ លោកបានបន្ថែមថា ដោយផ្អែកទៅលើ​យន្តការ​​បីចំណុច ក្នុងការជ្រើសរើសរបស់ OMAC រួមមាន៖ ទីមួយ​ ការជ្រើសរើស​បញ្ចូលជាអង្គភាពបេក្ខជន តាម​រយៈព័ត៌មាន​នានាទីពីរ ការវាយតម្លៃដំបូងនៃសមាជិកសមាគម OMAC និងទីបី ការជ្រើសរើសផ្តាច់ព្រ័ត្ត តាមរយៈ​ការបោះឆ្នោតពី​គណកម្មាធិការ​ពិសេសរបស់ OMAC។

ជាមួយគ្នានេះលោកក៏បានបង្ហាញនូវមោទនៈភាពថា «ភាពប្រាដកនិយមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល​បាន​ក្រោកចេញពីឱនភាព ឈានឆ្ពោះទៅរកភាពរុងរឿងនៃការគ្រប់គ្រង និងបន្តរការអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព តាម​ទិសដៅ​នឹងយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការរក្សានូវស្ថេភាពនិងការផ្គត់ផ្គង់ទឹកស្អាត ស្រប​តាមតម្រូវការ​របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ»។

ទោះជាយ៉ាងណានេះក៏ដោយ ថ្មីៗនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ទទួលនូវការរិះគន់ពីសំណាក់អតិថិជន​របស់​ខ្លួន ក្នុងការគ្រប់គ្រង«គុណភាព»ទឹកស្អាត និងតម្លៃរបស់សេវានៃការប្រើប្រាស់។ ក្នុងរយៈកាលពីរទៅបីសប្តាហ៍​មុននេះ គ្រប់​អតិថិជនទាងអស់ដែលរស់នៅក្នុងប្លុកបឹងកក់ បានបើកប្រើប្រាស់ទឹកស្អាតនោះ បែរជាមានក្លិន«ស្អុយ និងពណ៌ខ្មៅ រាង​ខាប់អន្ធិល» ដែលបណ្តាលឲ្យខាតបង់ពេលវេលាក្នុងការសំអាតអាង ឬពាង និងខកខានការ ប្រើប្រាស់ទឹកក្នុងរយៈពេល​មួយខ្លីដែលមិនបានត្រៀមទុកជាមុន និងបញ្ហាមួយទៀតគឺ ជានិច្ចកាលទឹក​នោះតែងតែ​មានធំខ្លិនថ្នាំជាដើម។

ប្រជាពលរដ្ឋម្នាក់ ដែលជាអ្នកបម្រើរាជការរស់នៅទីក្រុងភ្នំពេញ លោក ស្រុន អេង បានបញ្ចេញនូវមតិថា លោក​ទទួល​ស្គាល់ ក្នុងរយៈកាលកន្លងមក ឃើញថាការផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញមានលក្ខណៈប្រសើរ ដែលអាចទទួល​យកបាន ទាំង«កម្លាំងទឹក គុណភាព និងតម្លៃ»។ លោកបានបន្តរថា ក្នុងរយៈកាលថ្មីៗនេះ ក្រោយពីមានការរីកចំរើន​ផ្នែកសំណង់​អាគារ បានធ្វើឲ្យកម្លាំងទឹក ក៏ដូចជាការផ្គត់ផ្គង់ទឹក មានការថយចុះ ពិសេសលើគុណភាព ដែលជាកត្តា​ចាំបាច់ ក្នុងការ​រក្សា​នូវសុខភាពរបស់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។

«ទឹកមានការធំក្លិន រាងខាប់ និងមានពណ៌ខ្មៅដូចជាទឹកសម្អុយ»

ទាក់ទងនឹងតម្លែវិញ លោក ស្រុន អេង បានបន្តរថាទឹកក្នុងរាជធានីភ្នំពេញមានតម្លៃថ្លៃនៅឡើយ បើធៀបទៅនឹង​ប្រាក់ខែ​​សម្រាប់មន្រ្តីរាជការ។ លោកបានអំពាវនាវដល់រដ្ឋាភិបាល ត្រូវតែគិតគូពីបញ្ហាប្រាក់ខែមន្រ្តីរាជការ ដោយ​ធៀបទៅនឹង​តម្លៃទំនិញ​លើទីផ្សារ។ «នៅប្រទេសគេ ប្រើទឹកច្រើនរដ្ឋបញ្ចុះតម្លៃ ដោយឡែកនៅស្រុកខ្មែរប្រើ​ទឹក​ច្រើន បែរជា​តម្លើងថ្លៃ​ទៅវិញ ខ្ញុំដូចជាមិនយល់?»។

លោក ស្រុន អេង បានថ្លែងត្អូញត្អែរពីករណី «ទឹកមានការធំក្លិន រាងខាប់ និងមានពណ៌ខ្មៅដូចជា​ទឹក​សម្អុយ» យ៉ាង​ដូច្នេះ ថាទឹកជាអាយុជីវិតមនុស្ស បើមិនស្អាត មិនមានអនាម័យអាចនឹងប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ក្នុង​ទីក្រុងភ្នំពេញ។ ដូច្នេះបើសិនជាមានករណី មិនប្រក្រតីណាមួយ រដ្ឋាករទឹកគួរធ្វើសេចក្តីជូនដំណឹង​ពីបញ្ហា​នេះ ដើម្បី​ប្រជា​ពលរដ្ឋបានដឹង នឹងត្រៀមខ្លួនជាមុន។

ទាក់ទងបញ្ហាទឹកខ្មៅដែលបានកើតឡើង តាំងពីប៉ុន្មានសប្តាហ៍កន្លងមកនេះ មន្រ្តីនៃ​រដ្ឋាកទឹកមួយរូប ក្នុងលក្ខខណ្ឌ​មិន​​បញ្ចេញឈ្មោះ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា «ដោយសារ​តែនៅរដ្ឋាករទឹកបាន​ដាច់​ភ្លើង ពេល​នោះម៉ាស៊ីនដែលកំពុងតែបូមទឹកស្អាតឡើង បានធ្វើឲ្យវាច្រាលមកវិញ ដោយនាំ​ទាំង​កាកសំណល់មក​ជា​មួយ»។ មន្ត្រីរូបនោះ បានថ្លែងអះអាងទៀតថា៖ «រដ្ឋាករទឹកមិនអាចប្រើប្រាស់នូវ​ម៉ាស៊ីនភ្លើងផ្ទាល់​ខ្លួន​ដូច​សណ្ឋាគារ​បាន​ទេ នេះជាការកំណត់របស់ថ្នាក់លើ ត្រូវតែប្រើប្រាស់នូវភ្លើងរដ្ឋ។»

សូមរម្លឹកថា ពានរង្វាន់ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបាននេះជា ពានរង្វាន់លើកទីប្រាំមួយ នៃការទទួល​ស្គាល់​ពីភាពជឿនលឿននៃអង្គភាពមួយនេះ ពីបណ្តាស្ថាប័នអន្តរជាតិ។ ពិធីប្រគល់រង្វាន់លំដាប់ពិភពលោកនេះ បាន​រៀបចំធ្វើ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងម​ក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕

រូបភាពមួយចំនួនទៀត ស្ដីពីពានរង្វាន់ ដែលរដ្ឋាករទឹកទទួលបាន៖

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...