ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យថាកូនស្រីគាត់មានផ្ទៃពោះ
យូរខែមកហើយដែល កែវ ច័ន្ទសម្ជស្ស មិនមានដំណឹងល្អ ជុំវិញរឿងមានកូនចៅជាចំណងដៃ ដូចគូស្នេហ៍ដ៍ទៃទៀត។ ទើបតែពេលនេះ សាច់ញាតិរបស់នាងបានសង្ស័យថា ប្រហែលជានាងមានកូនទេដឹង ទើបជាប៉ុន្មានថ្ងៃនេះ នាងចេះតែខ្យល់ មុខមាត់ស្លេកស្លាំង និងចុះស្គមខណៈដែលនាងបាត់រដូវបីបួនថ្ងៃ ខុសធម្មតានោះ?
តារាចម្រៀង កែវ ច័ន្ទសម្ផស្ស។ (រូបថត MONOROOM.info/ SamNeang)
តារាចម្រៀង - តាមពិតទៅ ការសង្ស័យថា តារាចម្រៀងបែបមនោសញ្ចេតនា ដោយសំឡេងស្រទន់ នាង កែវ ច័ន្ទសម្ជស្ស មានផ្ទៃពោះនេះ បានត្រូវទម្លាយចេញឲ្យដឹង ពីអ្នកម្តាយរបស់តារាស្រគត់ស្រគំម្នាក់នេះផ្ទាល់តែម្ដង។ ម្តាយនាងដែលមានវ័យកាន់តែច្រើន ហើយមានទាំងកូនប្រសាទៀតនេះ ពិតជាចង់បានចៅ ដើម្បីបានប្រលែងលេងជាមួយ។
ក្នុងជំនួបកាលពីពេលថ្មីៗនេះ ម្តាយរបស់តារាចម្រៀង កែវ ច័ន្ទសម្ជស្ស ដែលតែងជូនកូនទៅច្រៀងរហូតនោះបានថ្លែង ប្រាប់អ្នកសារព័តមាន ទាំងទឹកមុខញញឹមបិទមាត់មិនជិតថា គាត់កំពុងតែមានមន្ទិលថា សម្ជស្សកូនស្រីរបស់គាត់«ចាញ់កូន»។ មូលហេតុដោយសារតែនាង ចេះតែមានទឹកមុខស្លេកស្លាំង និងឧស្សាហ៍ខ្យល់វិលមុខញឹកញាប់ ចុះស្គមប្លែកពីមុន មើលទៅដូចជាមនុស្សចាញ់កូន។
ផ្ទុយទៅវិញ លទ្ធផលវិភាគដែលបានឲ្យដឹង បន្ទាប់ពីយកនាងទៅពេទ្យ ដើម្បីឲ្យពេទ្យយកទឹកនោមពិនិត្យ បានឲ្យដឹងថា រឿងកូនគេថា«អត់»មានទេ ហើយពេទ្យថា នាងមានជំងឺគ្រុនពោះវៀន។ កាលពីប៉ុន្មានថ្ងៃមុន រាងធូរបន្តិច តារាអាចឡើងមកច្រៀងបាន ទាំងនៅមានអការៈស្គមស្គាំងប្លែកបន្តិចនោះមែន។
ទោះជាយ៉ាងណាក្តី ក៏អ្នកម្តាយតារាចម្រៀងនៅតែមិនអស់ចិត្តឡើយ ដោយអ្នកស្រីបានបន្ថែមថា «ខ្ញុំសង្ស័យតែកូនខ្ញុំមានកូនទេ ព្រោះនាងបាត់រដូវបីបួនថ្ងៃ ហើយបើតាមតែអ្នកស្រី តាមដានទៅតែ បញ្ហានេះមានទើបតែមានពេលថ្មីៗពេក ទើបអ្វីៗនៅតែស្រពិចស្រពិលឬមកពីនាងគ្រុនពោះវៀនមែននោះ មានតែរង់ចាំមើលទៅមុខទៀតទើបដឹង តែបើខ្ញុំដឹងច្បាស់នាងបាត់រដូវមែន»។
អ្វីដែលម្តាយនាងកែវ ច័ន្ទសម្ភស្ស ចង់បាន ...
ម្តាយអ្នកចម្រៀងរូបនេះ បានសម្តែងនូវក្តីសាទរប្រសិនបើកូនអ្នកស្រីមានកូនមែននោះ ដោយហេតុថានាង កែវ ច័ន្ទសម្ជស្ស ឈានដល់វ័យ ដែលអាចមានបុត្រភ្ញា សម្រាប់គាត់មើលថែរនោះដែរ។ វាជាដំណឹងល្អ សម្រាប់ក្រុមគ្រួសារទាំងសងខាងកាន់តែមានភាពរីករាយបន្ថែមទៀត។ ណាមួយទៀត អ្នកស្រីមិនគិតថាត្រូវលាក់រឿងមានកូននេះ ដោយសារខ្លួនជាតារានោះទេ ដោយសារតែសមត្ថភាពរបស់នាង កែវ ច័ន្ទសម្ផស្ស ស្ថិតនៅលើទឹកដមសំឡេង និងការស្រឡាញ់ចូលចិត្តពីមហាជនរួចជាស្រេចហើយនោះ។
ចំណែកតារាចម្រៀង កែវ ច័ន្ទសម្ជស្ស ខ្លួននាងវិញ មិនដឹងថានោះជាអាការៈមានកូន ឬយ៉ាងណាទេ ដោយនាងមិនបានចាប់អារម្មណ៍។ នាងនិយាយថា «គ្រូពេទ្យ ប្រាប់ថាខ្ញុំមានជម្ងឺគ្រុនពោះវៀនបីបួនថ្ងៃហើយ ទើបតែស្រាលបន្តិច ក៍ឡើងមកច្រៀងតែម្តង ព្រោះតែមានការងារសិល្បៈច្រើនត្រូវតែបំពេញ»។
តាំងពីសម្ជស្សមានប្តីហើយ នាងមិនសូវបង្ហាញមុខមាត់ពិតឲ្យអ្នកគាំទ្រនាងដឹងប៉ុន្មានឡើយ ព្រោះជាទូទៅស្វាមីដែលនាងបានរៀបការជាមួយនោះ ជាបុរសពោះម៉ាយម្នាក់ មានតួនាទីជាថៅកែដាំដំឡូង និងមានចម្ការកៅស៊ូធំល្មមមួយ នៅខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ប្រទេសថៃ ដែលធ្វើឲ្យនាងកម្រឡើងចុះច្រៀងនៅភ្នំពេញ។ ក្រៅពីនោះ សម្ជស្ស ក៍មានដីធំល្មមមួយនៅម្តុំជម្ពូវ័ន ធ្វើជាផ្ទះជួលជាង៨០បន្ទប់ សម្រាប់ឲ្យកម្មករកាត់ដេរជួលនៅទៀត។ យ៉ាងហោចណាស់ក្នុងមួយ១ខែ នាងមានចំណូលក្បែរពីរពាន់ដុល្លារ ពីប្រាក់ជួលផ្ទះទាំងនេះ ដើម្បីយកមកបណ្តាក់ទុនលើដីចម្ការនៅបន្ទាយមានជ័យ ជាមួយស្វាមីនាង ដោយរំពឹងថាប៉ុន្មានឆ្នាំទៀត នាងនឹងបានផលពីចម្ការនោះ។
រួមនឹងដំណឹងដែលថា នាងមានបុត្រនោះផង តើនេះ មិនជាសុភមង្គលដែលអ្នកផងចង់បានទេឬ ?
----------------------------------------------
ដោយ៖ សំ នៀង - ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនវដ្តមនោរម្យអំាងហ្វូ