វិភាគ-វិបត្តិនៅថៃ៖ តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

បាតុកម្មនៅកណ្ដាលរាជធានីបាងកក បានបង្ហាញសកម្មភាពកាន់តែខ្លាំងឡើង នៅថ្ងៃទីអង្គារទី២៦ខែវិច្ឆិកានេះ បន្ទាប់ពីពួកគេបានចូលទៅកាន់កាប់ ក្រសួងជាច្រើន ខណៈពេលដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានប្រឈមនឹងការបោះឆ្នោត លែងទុកចិត្តពីសំណាក់សភាជាតិ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមត្រឡប់មកបកស្រាយសារជាថ្មី ថាតើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃនៅពេលនេះ មានបុព្វហេតុអ្វីឲ្យពិតប្រាកដ?
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បាតុកម្មនៅកណ្ដាលរាជធានីបាងកក បានបង្ហាញសកម្មភាពខ្លួនកាន់តែខ្លាំងឡើង នៅថ្ងៃទីអង្គារទី២៦ខែវិច្ឆិកានេះ បន្ទាប់​​ពី​ពួកគេបានចូលទៅកាន់កាប់ ក្រសួងជាច្រើន ខណៈពេលដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ប្រឈម​នឹងការ​បោះឆ្នោត លែងទុកចិត្តពីសំណាក់សភាជាតិ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមត្រឡប់មក​បកស្រាយ​សារ​ជាថ្មី ថា​តើ​ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃនៅពេលនេះ ជានរណា និងមានបុព្វហេតុអ្វី​ឲ្យពិត​ប្រាកដ?


ក្រុមបាតុករដែលមានចំនួនច្រើនម៉ឺននាក់ នៅរាជធានីបាងកក។ (រូបថត lexpress.mu)

នយោបាយថៃ - អ្វីដែលគេដឹងច្បាស់នោះ គឺក្រុមបាតុករបានប្រមូលគ្នា ចូលមកជុំគ្នាបែបនេះ ដោយសារពួក​គេ​ស្អប់​ខ្ពើមអតីតនាយករដ្ឋមន្ត្រីចាស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា ដែលត្រូវបានដេញចេញពីអំណាច ដោយ​រដ្ឋប្រហារ​មួយ​នៅ​ឆ្នាំ២០០៦ ហើយកំពុងរស់ភៀសខ្លួន ពីការផ្ដន្ទាទោសរបស់ប្រព័ន្ធយុត្តិធម៌ថៃ ទាក់ទងនឹងបទ​ពុករលួយ។ ការ​ផ្ដន្ទាទោស ដែលលោក ថាក់ស៊ីន ខ្លួនឯងច្រានចោល ហើយថា វាត្រូវបានធ្វើក្រោមរូបភាព​នយោបាយ។

តើបាតុករចង់បានអ្វី ?

ប្រមូលផ្ដុំគ្នាតាំងពីច្រើនសប្ដាហ៍មកហើយ តាមការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្ស​ប្រឆាំង​នោះ ក្រុមបាតុករទាំងនេះ បានស្រែកទាមទារឲ្យបិទបញ្ចប់ទៅ នូវ«ប្រព័ន្ធដឹកនាំតាមបែបថាក់ស៊ីន» ដោយ​ពួក​គេគិតថា លោក ថាក់ស៊ីន នៅតែជាអ្នកកាន់ខ្សែញាក់ ឲ្យចង្វាក់ដល់រដ្ឋាភិបាលទាំងឡាយ រាប់ចាប់តាំងពី​លោក​បានភៀសខ្លួនពីប្រទេសថៃ ជាពិសេសលោកជាអ្នកនៅពីក្រោយរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានប្អូនស្រីរបស់លោក ជានាយករដ្ឋមន្ត្រី។

ដំណើរដើមទងដំបូង ដែលឈានទៅការចេញតវ៉ាទាមទារ នៅតាមដងផ្លូវនោះ បានចាប់ផ្ដើមពីគម្រោងច្បាប់​លើក​លែងទោសមួយ ដែលត្រូវបានរដ្ឋសភាអនុម័ត្រក្នុងពេលកន្លងមក ដើម្បីអនុញ្ញាតឲ្យ លោក ថាក់ស៊ីន អាច​ត្រឡប់​ចូលមកក្នុងប្រទេសវិញនោះ។ គម្រោងច្បាប់នេះ បានដុតកម្ដៅក្រុមបាតុករទាំងនេះ កាលពីចុងខែតុលាកន្លង​ទៅ​។ ប៉ុន្តែបើ​ទោះជា ព្រឹទ្ធសភាថៃបានច្រានចោល អត្ថបទច្បាប់នេះក៏ដោយ ក៏ក្រុមបាតុករមិនបានស្ងប់ចិត្តនោះដែរ។ ​​ពួកគេបានដើរមួយជំហាន តាមផ្លូវចាស់ដែលពួកគេធ្លាប់ដើរកន្លងមក នោះគឺ​ទាមទារអោយរដ្ឋាភិបាលលោកស្រី យីងឡាក់ លាលែងពីតំណែង។

តើមានកម្លាំងនយោបាយអ្វីខ្លះ ក្នុងពេលនេះ ?

ទស្សនៈនយោបាយ នៅក្នុងចំណោមពលរដ្ឋនៃរាជាណាចក្រថៃ បានបែកបាក់គ្នាតាំងពីច្រើនឆ្នាំមកហើយ ដែលគេ​អាច​និយាយមកឲ្យខ្លី គឺមានពីរក្រុមធំៗ៖ ក្រុមអាវក្រហម និងក្រុមអាវលឿង។ ក្រុមអាវក្រហម ប្រមូលផ្ដុំ​ដោយអ្នក​ជនបទ​ស្រុក​ស្រែ​ចំការ ភាគច្រើននៅប៉ែកខាងជើង និងខាងឦសាននៃប្រទេស ដែលគេអាចនិយាយបានថា ជាក្រុម​មានសមាណចិត្ត​ស្រឡាញ់លោក ថាក់ស៊ីន។ ខណៈពេលដែលមានបាតុកម្មក្រុមអាវលឿង ប្រឆាំងនឹងរដ្ឋាភិបាល​នេះ ក្រុមអាវក្រហម​ក៏​បាន​ប្រមូលគ្នា តាំងពីថ្ងៃអាទិត្យមុនដែរ នៅក្នុងពហុកីឡាដ្ឋានមួយនៃរាជធានីបាងកក ដើម្បី​បង្ហាញ​ជំហរគាំទ្ររដ្ឋាភិបាល។

ចំណែកឯបាតុករដែលពាក់អាវលឿងវិញ ធ្លាប់បានធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០០៦ ដែលឈាន​ទៅ​ដល់​រដ្ឋ​ប្រហារ​ទម្លាក់លោក ថាក់ស៊ីន។ ចលនាអាវលឿងនេះដដែល ក៏បានធ្វើឲ្យរលំផងដែរ នូវ​រដ្ឋាភិបាលនិយមលោក ថាក់ស៊ីន ចំនួនពីររដ្ឋាភិបាលរួចមកហើយ។ តាមពិតទៅ អង្គការចាត់តាំងនៃចលនាអាវលឿងនេះ មិនសកម្មដូចមុន​ទៀត​ទេ តែបើពួកគេ​ប្រមូលគ្នីគ្នាបានមកច្រើនបែបនេះ គឺដោយសារតែមានការអំពាវនាវ ពីសំណាក់គណបក្ស​ប្រជាធិតេយ្យ និងក្រុម«អាមាត្យ»​អន្ទ្រើសៗ ដែលនៅស្និតនឹងរាជបល្ល័ង្គសព្វថ្ងៃ។

ក្រុមស្និតនឹងរាជបល្ល័ង្គថៃ មានការព្រួយបារម្ភខ្លាំងណាស់ ទល់នឹងប្រជាប្រិយភាពរបស់លោក ថាក់ស៊ីន ដែលចេះតែ​កើន​ឡើង ផ្ទុយស្រឡះពីរាជបល្ល័ង្គ ដែលកាន់តែទន់ខ្សោយទៅៗ ដោយសារតែព្រះមហាក្សត្របច្ចុប្បន្ន មានព្រះជន្ម​កាន់​តែច្រើន និងមានរោគាព្យាធិថែមទៀតនោះ។ រាជទាយាទ ដែលត្រូវស្នងរាជ្យពីព្រះមហាក្សត្របច្ចុប្បន្ន មិនមាន​ប្រជាប្រិយភាពទេ ហើយធ្លាប់ជាប់ផុងអង្គឯង នឹងរឿងអាស្រូវជាច្រើននោះទៀត។

អ្នកដឹកនាំបាតុកម្ម ត្រូវបានគេស្គាល់ថា គឺលោក សុថេប ថោងស៊ូបាន មកពីគណបក្សប្រជាធិតេយ្យ និងធ្លាប់ជា​ឧបនាយក​រដ្ឋមន្ត្រី របស់លោក អាភីស៊ីត វៀចាជីវ៉ា។ ប៉ុន្តែនៅថ្ងៃអង្គារទី២៦នេះ ដីការចាប់ខ្លួនមួយ បានចេញប្រឆាំង​នឹងរូបលោក ពីបទចូលទៅកាន់កាប់ក្រសួងរដ្ឋ។ គណបក្សប្រជាធិតេយ្យរបស់លោក មិនជាប់ទាក់ទងអ្វីនឹង​ការធ្វើ​បាតុកម្មនេះទេ ដោយ​សារតែអ្នកទទួលខុសត្រូវជាច្រើន បានធ្វើបាតុកម្មនេះជាលក្ខណៈផ្ទាល់ខ្លួន ជាពិសេសលោក សុថេប បានលាលែងពី​គណបក្សរបស់លោក មុននឹងលោកចូលរួមធ្វើបាតុកម្ម៕

សូមទស្សនាវីដេអូ ដែលបង្ហាញពីកម្លាំងបាតុកម្មនេះ កណ្ដាលរាជធានីបាងកក៖

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...