ថៃ៖ ដោះលែង យីងឡាក់ តែចាប់ខ្លួនរដ្ឋមន្ត្រីម្នាក់វិញ នៅយប់ថ្ងៃអង្គារ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានរបបយោធាថ្មី ចាប់ឃុំខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុនមកនោះ ទើបនឹងត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃអង្គារម្សិលម៉ិញ។ នេះបើតាមអ្នកនាំពាក្យរបស់កងទ័ពថៃ កាលពីយប់ថ្ងៃដដែល។ ប៉ុន្តែរដ្ឋមន្ត្រីមួយរូប នៅក្នុងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវបានក្រុមយោធាឃាត់ខ្លួនវិញ នៅខណៈពេលដែលរដ្ឋមន្ត្រីរូបនោះ កំពុងធ្វើសន្និសីទការសែត នៅចំពោះមុខអ្នកសារព័ត៌មានរាប់សិបនាក់។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្លែងអង្វរ ទៅកាន់ប្រជាជាតិ កាលពីចុងឆ្នាំ២០១៣។ (រូបថត Wason Wanonchakorn, AP)
នយោបាយថៃ - របបយោធាថៃ កំពុងបន្តផ្លុំខ្យល់ក្ដៅផង ត្រជាក់ផង នៅក្នុងពេលតែមួយ កាលពីយប់ថ្ងៃអង្គារ ទី២៧ ខែឧសភានេះ។ បន្ទាប់ពីប្រកាសដោះលែង អតីតនាយករដ្ឋមន្ត្រីជាប់ឆ្នោត លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា រួមមក រដ្ឋមន្ត្រីមួយរូបរបស់លោកស្រី ត្រូវបាននាំខ្លួនយកទៅ នៅក្រោមក្រសែភ្នែក របស់អ្នកសារព័ត៌មានអន្តរជាតិរាប់សិបនាក់។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចូលខ្លួនទៅ តាមការកោះហៅរបស់របបយោធា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបន្ទាប់មកត្រូវបានក្រុមយោធាឃាត់ខ្លួន រហូតមកទល់នឹងថ្ងៃនេះ។ យោធាមិនបានប្រាប់ពីកន្លែងឃុំខ្លួនរបស់លោកស្រី ឲ្យក្រុមអ្នកសារព័ត៌មានដឹងនោះទេ។ តែនៅយប់ថ្ងៃអង្គារនេះ អ្នកនាំពាក្យយោធា លោក វីនថៃ ស៊ូវ៉ារ៉េ (Winthai Suvaree) បានថ្លែងថា បច្ចុប្បន្ននេះ លោកស្រីបានវិលត្រឡប់ទៅផ្ទះលោកស្រីវិញហើយ និងបានបញ្ជាក់ថា លោកស្រីមិនត្រូវបានអនុញ្ញាត ឲ្យចាកចេញពីប្រទេសឡើយ។
ពាក្យចចាមអារាមជាច្រើន បាននិយាយតាំងពីចុងសប្ដាហ៍មុន ថាលោកស្រីត្រូវបានរបបយោធា ដោះលែងមកវិញហើយតាំងពីថ្ងៃអាទិត្យ។ ប៉ុន្តែមនុស្សដែលស្និតនឹងលោកស្រី បានបដិសេធការដោះលែង ហើយនិយាយថា លោកស្រី គ្រាន់តែត្រូវបានរបបយោធា បញ្ជូនទៅឃុំខ្លួននៅកន្លែងផ្សេងមួយទៀតប៉ុណ្ណោះ។
ប្អូនស្រីរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីបណ្ដេញចេញពីអំណាចរដ្ឋប្រហារ នៅឆ្នាំ២០០៦ ដែរនោះ លោកស្រី យីងឡាក់ ត្រូវបានតុលាការធម្មនុញ្ញថៃ ប្រកាសពីអសុពលភាពក្នុងតំណែងជានាយករដ្ឋមន្ត្រី ដោយបានចោទប្រកាន់លោកស្រី ពីបទរំលោភលើអំណាច។ លោកស្រីនិងមនុស្សច្រើនជាង២៥០នាក់ផ្សេងទៀត ទាំងស្របទាំងប្រឆាំងនឹងលោក ថាក់ស៊ីន ត្រូវបានកោះហៅឲ្យបង្ហាញខ្លួន ដោយក្រុមមេដឹកនាំរដ្ឋប្រហារ តាំងពីថ្ងៃព្រហស្បត្តិ៍។
ប៉ុន្តែទន្ទឹមនឹងការដោះលែងលោកស្រី យីងឡាក់ ពីការឃុំខ្លួនមកវិញ អតីតរដ្ឋមន្ត្រីក្រសួងអប់រំមួយរូបទៀត ត្រូវបានកងទ័ពចូលទៅចាប់ខ្លួន ខណៈពេលដែលរដ្ឋមន្ត្រីរូបនេះ កំពុងផ្ដល់កិច្ចសម្ភាសមួយ នៅក្នុងសន្និសីទការសែត។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ឆាតួរ៉ុង ឆៃសុង (Chaturon Chaisong) មិនបានបង្ហាញខ្លួនទៅតាមការកោះហៅរបស់ក្រុមយោធានោះទេ។ លោកបានឆ្លើយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលម៉ិញថា ការមិនបង្ហាញខ្លួននោះ ដោយសារមូលហេតុ ដែលលោកហៅថា ជា«ឧត្ដមគតិ»ផ្ទាល់របស់លោក។ លោកនិយាយថា៖ «ខ្ញុំគ្មានបំណងនឹងរត់គេចខ្លួន ឬប្រឆាំងតបតរ ឬរត់ទៅលាក់ខ្លួន ដើម្បីប្រយុទ្ធអ្វីនោះឡើយ។ តែខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យគេចាប់ឃាត់ខ្លួន បានគ្រប់ពេល។»។
ផ្ដល់អំណាចមកប្រជាជនវិញ ...
នៅក្នុងសន្នីសីទការសែត លោក ឆៃសុង បានបរិហាអំពើរដ្ឋប្រហារ ដោយចាត់ទុកថាវាមិនបានដោះស្រាយបញ្ហា និងជម្លោះនៅក្នុងសង្គមថៃបច្ចុប្បន្នឡើយ។ លោកបានអំពាវនាវឲ្យកងទ័ព ផ្ដល់អំណាចមកឲ្យប្រជាជនវិញ និងរៀបចំឲ្យមានការបោះឆ្នោតឲ្យបានឆាប់។ លោកបានជំរុញឲ្យពលរដ្ឋថៃទាំងអស់ ធ្វើការតស៊ូដោយអហិង្សា ដើម្បីលិទ្ធិប្រជាធិបតេយ្យ។
បន្ទាប់ពីនោះ ប៉ុន្មាននាទីក្រោយមក ទាហារក្នុងឯកសណ្ឋានបានចូលមកក្នុងអាគារ ដែលលោករដ្ឋមន្ត្រីធ្វើសន្និសីទសារព័ត៌មាននោះ (ក្លីបអ្នកសារព័ត៌មានអន្តរជាតិ នៅរាជធានីបាងកក) បង្កឲ្យមានការរុញច្រានគ្នាមួយសន្ទុះ មុននឹងនាំខ្លួនលោករដ្ឋមន្ត្រីចេញទៅ។
របបយោធាបានថ្លែងអះអាងថាខ្លួនអាចនឹងឃុំខ្លួន ក្នុងរយៈពេល៧ថ្ងៃដោយគ្មានបន្ទុកចោទប្រកាន់អ្វីទាំងអស់ ទៅលើនរណាក៏ដោយដែលបានបង្ហាញខ្លួន ទៅតាមការកោះហៅរបស់កងទ័ព អនុលោមទៅតាមច្បាប់អាជ្ញាសិក។ ប៉ុន្តែបានបញ្ជាក់ថា សម្រាប់អ្នកដែលប្រឆាំងនឹងការកោះហៅនេះ ជននោះអាចនឹងប្រឈមមុននឹងតុលាការអាជ្ញាសិក ហើយអាចមានទោសជាប់ពន្ធនាគារ រហូតដល់ ២ឆ្នាំ៕