ថៃ៖ គ្រាប់បែកឆ្នៃពីរគ្រាប់ផ្ទុះនៅបាងកក របួស៣៦នាក់
មនុស្សជាច្រើនសិបនាក់ បានរងរបួសដោយសារការផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ នៅកណ្ដាលហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃសុក្រទៅ១៧ ខែមករា ក្នុងរាជធានីបាងកកប្រទេសថៃ។ នៅយប់ថ្ងៃដដែល គ្រាប់បែកឆ្នៃមួយគ្រាប់ទៀត ត្រូវបានបោះចូលទៅក្នុង គេហដ្ឋានរបស់អភិបាលរាជធានី តែមិនបានធ្វើឲ្យរបួសអ្វីទេ។ ហេតុការណ៍ដ៏អាក្រក់ បានបន្ថែមភាពតានតឹង ឲ្យមានកម្រិតខ្លាំងទ្វេឡើង ហើយបានបង្កការព្រួយបារម្ភពីអំពើហិង្សាផ្សេងទៀត ថានឹងអាចកើតមានឡើងនៅទូទាំងប្រទេស។
សកម្មភាពទាញអ្នករងរបួស ចេញពីរថយន្ដបន្ទាប់ពីការបំផ្ទុះគ្រាប់បែបថ្ងៃទី១៧ ខែមករាឆ្នាំ២០១៤នោះ។ (រូបថត AFP)
នយោបាយថៃ - គ្រាប់បែកឆ្នៃនេះបានផ្ទុះឡើងតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ខាងមុខមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាន (Suthep Thaugsuban) ប៉ុន្តែមិនបានធ្វើឲ្យលោករងរបួសអ្វីទេ។ អ្នកនាំពាក្យរបស់មេដឹកនាំបាតុករ លោក អាកាណាត ប្រូមផាន (Akanat Promphan) បាននិយាយថា គ្រាប់បែកត្រូវបានគប់សំដៅរថយន្ដមួយ ដែលបើកបរដោយក្រុមបាតុករ។
ផ្នែកសង្គ្រោះបន្ទាន់នៃរាជធានីបាងកក បានអះអាងថា មនុស្ស៣៦នាក់ បានរងរបួស ហើយភាគច្រើនពីក្នុងនោះមានសភាពស្រាល។ មានតែបុរសម្នាក់ប៉ុណ្ណោះ ដែលចាំបាច់ត្រូវចូលទៅធ្វើការវះកាត់ជាបន្ទាន់។
នគរបាលបាននិយាយថា គ្រាប់បែបនោះត្រូវបានគេគប់ចេញ ពីអាគារបោះបង់ចោលមួយ។ អាគារនោះត្រូវបានក្រុមបាតុករ ចូលទៅឆែកឆេរភ្លាមៗនោះដែរ តែមិនបានរកឃើញអ្វីនោះទេ។
នគរបាលបានថ្លែងឲ្យដឹងទៀតថា នៅក្នុងយប់ដដែលនេះ មនុស្សពីរនាក់បានជិះម៉ូតូ បានបោះគ្រាប់បែកឆ្នៃរបៀបនេះមួយទៀត ចូលទៅក្នុងលំនៅដ្ឋានអភិបាលរាជធានីបាងកក។ លោកអភិបាលរាជធានី សមាជិកមួយរូបនៃគណបក្សប្រជាធិបតេយ្យ (បក្សប្រឆាំង) ដែលគាំទ្របាតុកម្ម មិនមានវត្តមាននៅក្នុងលំនៅដ្ឋានរបស់លោកនោះទេ នៅពេលហេតុការណ៍នេះកើតឡើង ហើយក៏មិនមាននរណាទទួលរងគ្រោះថ្នាក់អ្វីដែរ។
ប្រទេសថៃបានជាប់គាំង ទៅក្នុងរលកបាតុកម្ម ទាមទារឲ្យនាយករដ្ឋមន្ត្រី ដែលចេញពីការបោះឆ្នោតឆ្នាំ២០១១ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លាចេញពីតំណែង តាំងពីជាងពីរខែមកហើយ។ ក្រុមបាតុករប្រឆាំង បានបិទផ្លូវសាធារណៈជាច្រើននៃរាជធានី នៅក្នុងសប្ដាហ៍នេះ ដោយបានប្រើស្បោងដីខ្សាច់ កងឡាន និងរបាំងដែក។
ក្រុមបាតុករ ដែលមានបំណងចង់ឲ្យលប់ចោលនូវការបោះឆ្នោតដែលនឹងរៀបចំធ្វើនៅថ្ងៃទី២ ខែកុម្ភះខាងមុខនេះ ត្រូវបានគេមើលឃើញជាទូទៅ ថាបានធ្វើការទាមទាររបស់ខ្លួន តាមបែបសន្តិវិធី ប៉ុន្តែមានសេចក្ដីរាយការណ៍ពីអំពើហិង្សា ថាបានកើតឡើងនៅពេលយប់។ ការបាញ់បោះ សំដៅការជួបជុំគ្នានេះ និងការបំផ្ទុះគ្រាប់តូចតាចមួយចំនួន ត្រូវបានធ្វើនៅក្នុងលំនៅដ្ឋាននៃមេដឹកនាំបាតកម្ម។ ប៉ុន្តែគេនៅមិនទាន់ដឹងថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះទេ។
អំពើហិង្សាដែលចេះតែបន្តទាំងនេះ អាចនឹងជំរុញឲ្យមានរដ្ឋប្រហារមួយឡើងដោយពួកយោធា ដែលជាអ្វីដែលក្រុមប្រឆាំងកំពុងចង់បាន។ កងទ័ពថៃ បានធ្វើរដ្ឋប្រហារទាមទារយកអំណាចចំនួន១១ដងរួចមកហើយ រាប់ចាប់តាំងពីប្រទេសសៀម បានបិទបញ្ចប់រាជានិយមផ្ដាច់ការ នៅឆ្នាំ១៩៣២ ក្លាយជាប្រទេសថៃ ដែលមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះមក៕
------------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤