បក្សប្រជាជនកម្ពជា ព្រមឲ្យមានការបោះឆ្នោតឡើងវិញ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឥឡូវចូលទៅ (ចូលសភាដោយគណបក្សប្រឆាំង)! គ្មានយន្តការ និងច្បាប់ ដែលអាចធ្វើ (ការបោះឆ្នោត) កណ្តាលអាណត្តិបានទេ។ គ្មានយន្តការនេះទេ បើយើងមិនត្រូវការ គ.ជ.ប នោះ។ (...) រដ្ឋធម្មនុញ្ញបានចែងហើយថា រដ្ឋសភាមានអាណត្តិប្រាំឆ្នាំ។ ហើយរដ្ឋសភាគ្មានអ្នកណារំលាយបានទេ ទោះបីព្រះមហាក្សត្រ នាយករដ្ឋមន្រ្តីក៏ដោយ សភាខ្លួនឯងក៏ដោយ ក៏មិនអាចរំលាយបានដែរ។» នេះជាការឆ្លើយតប របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់មួយរូបមកពីគណបក្សប្រជាជនកម្ពុជា ទៅនឹងការលើកឡើងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងទៅ។
ការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលមួយនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - លោក ជាម យៀប បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនាល្ងាចនេះ ដោយតម្រូវឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងសភាជាមុនសិន មុននឹងធ្វើការសម្រេច ឬពិភាក្សាលើករណីណាមួយនោះ។ នេះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានបញ្ជាក់ថា «ការចូលរួមប្រជុំរដ្ឋសភា អាចធ្វើទៅបានលុះត្រាតែមានការធានាឱ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត (គ.ជ.ប) ដើម្បីឈានទៅរកការបោះឆ្នោតឡើងវិញក្នុងពេលឆាប់ៗនេះ។ (…) គណបក្សសង្គ្រោះជាតិសូមឆ្លើយតបថា យើងស្វាគមន៍នូវតួនាទីរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោត។»
លោក ជាម យៀប បានពន្យល់បន្ថែម ទាក់ទងទៅនឹងការរំលាយរដ្ឋសភាមុនអាណត្តិ យ៉ាងដូច្នេះថា «លុះត្រាតែក្នុងដប់ពីរខែ ត្រូវបានរំលាយរដ្ឋាភិបាលពីរដង នោះទើបរដ្ឋសភាអាចរំលាយមុនអាណត្តិបាន»។ ដើម្បីធានាឲ្យបាននូវលិទ្ធិប្រជាធិបតេយ្យ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងដោយអត្តនោម័តិខ្លួនឯង ដោយស្នើឲ្យគណបក្សប្រឆាំងចូលរួមក្នុងរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ លោកបន្ថែមថា ក្រោយពីបានធ្វើវិសោធកម្មហើយនោះ រាល់ការសម្រេចលើការចរចារនានា នឹងអាចអនុលោមតាមច្បាប់ ហើយកម្ពុជាក៏អនុវត្តបាន ទៅតាមលទ្ធិប្រជាធិបតេយ្យដែរ។
«រដ្ឋធម្មនុញ្ញ» ជាច្បាប់កំពូល ដែលយើងត្រូវតែអនុវត្តតាមទាំងអស់គ្នា។ គ្មានអ្នកណាម្នាក់អាចរំលោភ ឬរំលងបានឡើយ។ ការបោះឆ្នោតឡើងវិញ «អាច»ឬ«មិនអាច» អាស្រ័យលើការឯកភាពគ្នានៃគណបក្សទាំងពីរ ក្រោយពីបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតរួចរាល់ តាមរយៈការចូលរួមក្នុងរដ្ឋសភានៃគណបក្សសង្គ្រោះជាតិ។ នេះជាការបញ្ជាក់របស់លោក ជាម យៀប។
ស្របទៅនឹងការលើកឡើងរបស់លោក ជាម យៀប ខាងលើ អ្នកវិភាគឯករាជ លោក កែម ឡី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូកាលពីថ្ងៃទី១៥ ខែមករានេះថា ដំណោះស្រាយនៃការរាំងស្ទះផ្នែកនយោបាយនេះ នឹងបានធូរស្បើយ បើគណបក្សទាំងពីរបានឯកភាពគ្នា ជាជាលាយល័ក្ខអក្សរ ជាបណ្តោះអាសន្ន (តាមបែបជាកញ្ចប់) ជាមួយនឹងការចចារគ្នា«ក្រៅផ្លូវការ» នៅមុខព្រះមហាក្សត្រ ដោយមានមានការផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍។ អ្នកវិភាគរូបនេះបន្ថែមថា គណបក្សទាំងពីរត្រូវចូលក្នុងរដ្ឋសភា និង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ក្នុងការកំណត់កាលបរិច្ឆេទថ្មី នៃការបោះឆ្នោតមុនអាណត្តិ (២០១៥ ឬ២០១៦) នោះ «ការបោះឆ្នោតមុនអាណត្តិ» អាចធ្វើឡើងដោយស្របនឹងច្បាប់។
ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមករា ម្សិលម៉ិញនេះ លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោយពីមានជំនួបជាមួយថ្នាក់ដឹកនាំនៃគណបក្សធំៗទាំងពីរ ស្តីពីបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា លោកបានផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនដូចជា លោកចង់អោយគណបក្សទាំងពីរជួបគ្នាចរចា ដើម្បីរកដំណោះស្រាយឲ្យនយោបាយឲ្យបានឆាប់ ដោយលោកមិនធ្វើការផ្តល់ជាអនុសាសន៏ ទៅឲ្យគណបក្សណាមួយបាននោះឡើយ។
លោក ស៊ូប៊ែឌី បានបញ្ជាក់ថា គណបក្សទាំងពីរត្រូវដាក់ទិសដៅ ឬយន្តការណាមួយដែលធានាឲ្យមានការគោរពសិទ្ធិមនុស្ស គោរពច្បាប់ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពជា។ លោកក៏គាំទ្រនូវរាល់ការសំរេចចិត្តក្នុងការឯកភាពគ្នារបស់គណបក្សទាំងពីរផងដែរ។ ក្នុងនាមលោកផ្ទាល់ និងជាតំណាងឲ្យអង្គការសហប្រជាតិសូមស្វាគមន៍ និងរីករាយទទួលយកសំណើររបស់ថ្នាក់ដឹកនាំគណបក្សទាំងពីរ បើអនុញ្ញាតឲ្យមានតំណាងអង្គការសហប្រជាជាតិ ក្នុងកិច្ចសម្រួលនយោបាយណាមួយនៅកម្ពុជានោះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤