អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

អតីតសមមិត្ត អនុប្រធានក្រុមប្រឹក្សារដ្ឋ នៃរបបកុម្មុយនីស​សាធារណរដ្ឋប្រជាមានិតកម្ពុជា បាន​លាចាក​លោក​ហើយ។ លោក សាយ ភូថង ដែលបច្ចុប្បន្ន ជាសមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​​ប្រជាជន​​កម្ពុជា បាន​ទទួល​​មរណភាព ​នៅ​ល្ងាច​​ថ្ងៃ​​ទី​១៣ ខែ​មិថុនា នេះ ដោយ​រោគាពាធ ​ក្នុងអាយុ​​៩៦​ឆ្នាំ នាមន្ទីរពេទ្យ នៃរាជធានី​បាងកក ប្រទេសថៃ។ នេះ​​បើ​តាម​​ការ​អះអាង របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក។
អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក
អតីតសមមិត្ត សាយ ភូថង សមាជិកគណៈកម្មាធិការនយោបាយមជ្ឈឹមបក្ស នៃរបបកុម្មុយនីស សាធារណៈរដ្ឋប្រជាមានិតកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 14, 2016
  • ប្រធានបទ: ជីវិត-ប្រវត្តិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិតមិនទៀង តែសេចក្ដីមរណៈ​ទៀងសម្រាប់ជីវិត។ លោក សាយ ភូថង អតីតសមមិត្តសមាជិក ការិយាល័យ​នយោបាយមជ្ឈឹមបក្ស អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ  និងសព្វថ្ងៃ ជាសមាជិកគណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បានទទួលមរណភាព នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ វេលាម៉ោង៥ និង០៦នាទី នៅ​ក្នុង​មន្ទីរពេទ្យមួយ នារាជធានីបាងកក ប្រទេសថៃ។ នៅមុនមរណភាព លោក សាយ ភូថង មានជន្មាយុ ៩៦ឆ្នាំ ហើយ​លោក​បាន​ធ្លាក់ខ្លួន មានជំងឺតាំងពីច្រើនខែមកហើយ។

សម្រាប់ប្រជាពលរដ្ឋខ្មែរមួយភាគ ជាពិសេសសម្រាប់​គណបក្សប្រជាជនកម្ពុជាតែម្ដង លោក សាយ ភូថង ជាឥស្សរជនដ៏សំខាន់ម្នាក់ ដែលបានលះបង់ និងបូជាអ្វីៗគ្រប់​យ៉ាង ​ក្នុងការ​រំដោះប្រទេសកម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម។ តែសម្រាប់ពលដ្ឋខ្មែរមួយភាគទៀត យល់ថាលោក សាយ ភូថង ក៏ដូចជា​មេ​ដឹកនាំ​កម្ពុជា​​មួយចំនួនទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា សុទ្ធតែត្រូវបានវៀតណាមបណ្ដុះបណ្ដាល ដើម្បី​ត្រឡប់​ឲ្យ​ចូល​​មក​កាន់អំណាច នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបាន​ប្រទេស​នេះ​​បន្តុប​ឡើង នៅក្រោយឆ្នាំ១៩៧៩។

យ៉ាងណាក៏ដោយ ក៏ប្រវត្តិពិតរបស់លោក សាយ ភូថង មិនដែលត្រូវបានបញ្ជាក់ ដោយឯកសារណាមួយ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ក្រៅពីឯកសារ​របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលសព្វថ្ងៃ ដែលលើកឡើង តែ​ពី​វីរភាព​​ដ៏​អស្ចារ្យរបស់លោកនោះ។

លោក ហ៊ុន សែន ដែលឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ មកដល់ពេលនេះផង និងជា​ប្រធាន​​គណបក្ស​ប្រជាជនកម្ពុជា ក្នុងពេលបច្ចប្បន្នផង បានសម្ដែងការសោកស្ដាយ នៅចំពោះមរណភាព​របស់​លោក សាយ ភូថង នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​ដូច្នេះ​ថា៖ «នេះជាការ​បាត់បង់មេដឹកនាំ​ ដ៏សំខាន់ម្នាក់​​របស់​កម្ពុជា។ គុណ​បំណាច់ និង​ការ​លះបង់​​ដ៏​ឧត្តុង្គ​ឧត្តម​របស់​​លោកអ៊ំ សាយ ភូថង ចំពោះជាតិមាតុភូមិ គឺ​យើង​ទាំងអស់គ្នា​​ចងចាំ​ជានិច្ច»។

បក្ស... បក្ស... បក្ស...

នៅឆ្នាំ១៩៨១ លោក សាយ ភូថង និងលោក ហ៊ុន សែន ធ្លាប់ជាសមាជិក នៃការិយា​ល័យ​នយោបាយ​មជ្ឈឹម​បក្ស ក្រោមការដឹកនាំរបស់លោក ប៉ែន សុវណ្ណ ដែលត្រូវបានតែងតាំង ជាអគ្គលេខាធិការ​មជ្ឈឹមបក្ស ក្នុង​មហា​សន្និបាតបក្សដ៏ធំមួយ នៃបក្សប្រជាជនបដិវត្តកម្ពុជា នាសាលមហោស្រពទន្លេបាសាក់ (ឬមហោស្រព​ជាតិ​ព្រះសុរាម្រិត)។ លោក សាយ ភូថង ធ្លាប់ចូលរួមជាមួយលោក ហ៊ុន សែន ក្នុងការចូលទៅចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ បញ្ជូនទៅឃុំខ្លួន នៅក្នុងគុកងងឹតនៃរដ្ឋធានី ហាណូយ ប្រទេសវៀតណាម អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ។ នេះបើតាមសៀវភៅមួយ របស់លោក ប៉ែន សុវណ្ណ ដែលមានចំណងជើងថា «ប៉ែន​ សុវណ្ណ ជីវប្រវត្តិ​សង្ខេប និងបុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា»។

នៅត្រង់ចំណុច នៃការចាប់ខ្លួនលោក ប៉ែន សុវណ្ណ ដោយទាហានយួនចំនួនបួននាក់នោះ សៀវភៅរបស់លោក ប៉ែន សុវណ្ណ ​​បាន​សរសេរ​ថា៖ «សមមិត្ត​ សាយ​ ភូថង បន្តវាចា​ថា “បងឯង (លោក ប៉ែន សុវណ្ណ) ក្បត់ជាតិ។ មូលហេតុ​ដែល​បង​ឯងក្បត់ជាតិ ចាំស្តាប់សមមិត្ត ហ៊ុន សែន អានសេចក្តី​សម្រេច ​របស់​ការិយាល័យ​នយោបាយ​​មជ្ឈឹម​បក្ស មក​លើ​​រូប​​បង”។ ពេលនោះ​សមមិត្ត​ ហ៊ុន សែន បានទាញ​ក្រដាស​មួយ​សន្លឹក​ចេញ​ពី​ហោ​ប៉ៅ (...)»

បើទោះជាលោក ហ៊ុន សែន ធ្លាប់បដិសេធថា ការសរសេរជាទូទៅ​នៅក្នុងសៀវភៅនោះ ជាការលើក​ឡើង​មិន​ពិត​ក៏​ដោយ តែលោក ហ៊ុន សែន បានទទួលស្គាល់ថាពិត នៅត្រង់ចំណុចខាងលើនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...